YouVersion 標誌
搜尋圖標

កិច្ចការ 7

7
សេចក្ដីអធិប្បាយរបស់ស្ទេផាន
1ពេលនោះ មហាបូជាចារ្យ​ក៏​សួរ​ស្ទេផាន​ថា​៖ “តើ​ដូច្នេះមែន​ឬ​?”។
2ស្ទេផាន​និយាយថា​៖ “អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​! ព្រះ​នៃ​សិរីរុងរឿង​បាន​លេចមក​ដល់​អ័ប្រាហាំ​ដូនតា​របស់យើង កាល​លោក​នៅ​មេសូប៉ូតាមា គឺ​មុន​លោក​រស់នៅ​ខារ៉ាន 3ហើយ​មានបន្ទូល​នឹង​លោក​ថា​:
‘ចូរ​ចាកចេញ​ពី​ស្រុក និង​សាច់ញាតិ​របស់អ្នក
ហើយ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក’។ # 7:3 《លោកុប្បត្តិ》 12:1។
4“ដូច្នេះ អ័ប្រាហាំ​បាន​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិខាល់ដេ ទៅ​រស់នៅ​ខារ៉ាន​។ ក្រោយពី​ឪពុក​របស់​លោក​បាន​ស្លាប់​ទៅ ព្រះ​បាន​ឲ្យ​លោក​ដូរលំនៅ ពីទីនោះ​មក​ស្រុក​នេះ​ដែល​អ្នករាល់គ្នា​កំពុង​រស់នៅ​សព្វថ្ងៃ​។ 5ព្រះ​មិន​បាន​ប្រទាន​មរតក​ដល់​លោក​នៅ​ទីនេះ​ទេ សូម្បីតែ​ដីប៉ុនបាតជើង ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សន្យា​ថា នឹង​ប្រទាន​ស្រុកនេះ​ទុកជា​កម្មសិទ្ធិ​ដល់​លោក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់​លោក ទោះបីជា​លោក​គ្មាន​កូន​ក៏ដោយ​។ 6ព្រះ​បាន​មានបន្ទូល​ដូច្នេះ​ថា​:
‘ពូជពង្ស​របស់​គាត់​នឹង​ជា​ជនរស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​បរទេស
ហើយ​អ្នកស្រុកនោះ​នឹង​យក​ពួកគេ​ធ្វើជាទាសករ ព្រមទាំង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។
7 ប៉ុន្តែ​យើង​នឹង​ដាក់ទោស​ប្រជាជាតិ​ណាដែល​ពួកគេ​បម្រើជាទាសករ’។
ព្រះ​បាន​មានបន្ទូល​ទៀត​ថា​:
បន្ទាប់ពីការទាំងនេះ ពួកគេ​នឹង​ចេញមក ហើយ​បម្រើ​យើង​នៅ​កន្លែង​នេះ’។#7:6-7 《លោកុប្បត្តិ》 15:13-14។
8ព្រះ​បាន​ប្រទាន​សម្ពន្ធមេត្រី​នៃ​ពិធីកាត់ស្បែក​ដល់​អ័ប្រាហាំ​។ ដូច្នេះ អ័ប្រាហាំ​បាន​បង្កើត​អ៊ីសាក ហើយ​ធ្វើពិធីកាត់ស្បែក​ឲ្យ​គាត់​នៅ​ថ្ងៃ​ទីប្រាំបី​។ ក្រោយមក អ៊ីសាក​បាន​បង្កើត​យ៉ាកុប ហើយ​យ៉ាកុប​បាន​បង្កើត​បុព្វបុរស​ទាំង​ដប់ពីរ​នាក់​។
បុព្វបុរសនៅអេហ្ស៊ីប
9“ពួក​បុព្វបុរស​បាន​ច្រណែន​យ៉ូសែប ហើយ​លក់​លោក​ទៅ​អេហ្ស៊ីប ប៉ុន្តែ​ព្រះ​គង់នៅ​ជាមួយ​លោក 10ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។ 11ក្រោយមក មាន​ទុរ្ភិក្ស និង​ទុក្ខវេទនា​យ៉ាងខ្លាំង​កើតមាន​នៅ​អេហ្ស៊ីប#7:11 អេហ្ស៊ីប―ឯកសារបុរាណខ្លះថា “ដែនដីអេហ្ស៊ីប”។ និង​កាណាន​ទាំងមូល ហើយ​ដូនតា​របស់យើង​រក​ស្បៀងអាហារ​មិន​បាន​ឡើយ​។ 12នៅពេល​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​អេហ្ស៊ីប លោក​បាន​ចាត់​ដូនតា​របស់យើង​ឲ្យទៅ ជា​លើក​ទីមួយ​។ 13នៅ​លើក​ទីពីរ យ៉ូសែប​បាន​ប្រាប់ឲ្យ​បងប្អូន​របស់​លោក​ស្គាល់​លោក ដូច្នេះ​ក្រុមគ្រួសារ​របស់​យ៉ូសែប​ក៏​ត្រូវ​ផារ៉ោន​ស្គាល់ច្បាស់​។ 14បន្ទាប់មក យ៉ូសែប​បាន​ចាត់​គេ​ឲ្យទៅ​អញ្ជើញ​យ៉ាកុប​ឪពុក​របស់​លោក និង​សាច់ញាតិ​ទាំងអស់​របស់​លោក​ទាំង​ចិតសិប​ប្រាំ​នាក់#7:14 ចិតសិប​ប្រាំ​នាក់―សូមមើល 《លោកុប្បត្តិ》 46:27; 《និក្ខមនំ》 1:5។ ឯកសារដើមភាសាហេព្រើរថា “ចិតសិបនាក់”។#7:14 នាក់―ន័យត្រង់គឺ “ព្រលឹង”។​ឲ្យមក 15យ៉ាកុប​ក៏​ចុះ​ទៅ​អេហ្ស៊ីប​។ បន្ទាប់មក លោក​បាន​ស្លាប់ ហើយ​ដូនតា​របស់យើង​ក៏​ស្លាប់​ដែរ​។ 16ពួកគេ​បាន​យក​សពអ្នកទាំងនោះ​មក​ស៊ីគែម​វិញ ហើយ​បញ្ចុះ​ក្នុង​រូងផ្នូរ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​របស់​ហេម័រ នៅ​ស៊ីគែម ដោយ​ប្រាក់​មួយចំនួន​។
ម៉ូសេអ្នករំដោះត្រូវបានបដិសេធ
17“លុះ​ជិតដល់​ពេលកំណត់​នៃ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​សន្យា​ដល់​អ័ប្រាហាំ ប្រជាជន​អ៊ីស្រាអែល​កើនចំនួន​កាន់តែច្រើនឡើង​នៅ​អេហ្ស៊ីប 18រហូតដល់​មាន​ស្ដេច​មួយទៀត​ដែល​មិន​ស្គាល់​យ៉ូសែប បាន​សោយរាជ្យ​លើ​អេហ្ស៊ីប​។ 19ស្ដេចនេះ​បាន​ប្រព្រឹត្ត​នឹង​ជនជាតិ​របស់យើង​ដោយឧបាយកល ហើយ​ធ្វើបាប​ដូនតា​របស់យើង​ដោយ​បង្ខំ​ពួកគាត់​ឲ្យ​បំបរបង់ចោល​ទារក​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ទារកទាំងនោះ​មានជីវិតរស់​។ 20ម៉ូសេ​បាន​កើតមក​ក្នុង​គ្រានោះ​ឯង​។ លោក​ជា​កូន​ដ៏ស្អាត​នៅចំពោះ​ព្រះ#7:20 ឯកសារបុរាណខ្លះគ្មាន “នៅ​ចំពោះ​ព្រះ”។ ហើយ​ត្រូវបាន​ចិញ្ចឹម​បី​ខែ​នៅក្នុង​ផ្ទះ​របស់​ឪពុក​លោក​។ 21ក្រោយមក លោក​ត្រូវបាន​បំបរបង់ចោល បុត្រី​របស់​ផារ៉ោន​បាន​រើស​លោក​មក​ចិញ្ចឹម ទុកជា​បុត្រ​របស់​ខ្លួន​។ 22ម៉ូសេ​បាន​ទទួល​ការ​អប់រំ​ក្នុង​អស់ទាំង​ប្រាជ្ញា​របស់​ជនជាតិអេហ្ស៊ីប ហើយ​មានអំណាច​ក្នុង​ពាក្យសម្ដី និង​ការប្រព្រឹត្ត​។
23“កាល​លោក​មាន​អាយុ​គ្រប់​សែសិបឆ្នាំ លោក​សម្រេចចិត្ត​ទៅ​សួរសុខទុក្ខ​បងប្អូន​របស់​លោក គឺ​កូនចៅ​អ៊ីស្រាអែល​។ 24នៅពេល​ឃើញ​ម្នាក់​ត្រូវគេ​ធ្វើបាប លោក​បាន​ការពារ ហើយ​សងសឹក​ឲ្យ​អ្នក​ដែល​ត្រូវគេ​ជិះជាន់ ដោយ​ប្រហារ​ជនជាតិអេហ្ស៊ីប​នោះ​។ 25លោក​នឹកស្មានថា បងប្អូនរួមជាតិ​របស់​លោក​នឹង​យល់​ថា ព្រះ​កំពុង​ប្រទាន​ការសង្គ្រោះ​ដល់​ពួកគេ​ដោយ​ដៃ​របស់​លោក ប៉ុន្តែ​ពួកគេ​មិន​យល់​ឡើយ​។ 26នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះឃើញ​ពួកគេ​កំពុង​ឈ្លោះគ្នា ក៏​សម្រុះសម្រួល​ពួកគេ​ដោយ​និយាយថា​: ‘អ្នក​អើយ! ពួកអ្នក​ជា​បងប្អូនរួមជាតិ ហេតុអ្វីបានជា​ធ្វើបាប​គ្នា​?’។
27“ប៉ុន្តែ​ម្នាក់​ដែល​កំពុង​ធ្វើបាប​អ្នកជិតខាង​របស់ខ្លួន បាន​ច្រាន​ម៉ូសេ​ចេញ ទាំង​និយាយថា​:
‘តើ​នរណា​បាន​តែងតាំង​អ្នក​ឲ្យធ្វើជា​មេ និង​ជា​ចៅក្រម​លើ​ពួកយើង​? 28តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូចដែល​អ្នក​បាន​សម្លាប់​ជនជាតិអេហ្ស៊ីប​ពី​ម្សិលមិញ​ឬ​?’។#7:27-28 《និក្ខមនំ》 2:14។
29“ម៉ូសេ​ក៏​រត់គេច​ដោយសារតែ​ពាក្យ​នេះ ហើយ​បានជា​ជនរស់នៅបណ្ដោះអាសន្ន​នៅ​ដែនដី​ម៉ាឌាន ជា​កន្លែងដែល​លោក​បង្កើត​បាន​កូនប្រុស​ពីរ​នាក់​។ 30លុះ​សែសិប​ឆ្នាំ​ក្រោយមក មាន​ទូតសួគ៌​មួយរូប​លេចមក​ដល់​លោក​ក្នុង​អណ្ដាតភ្លើង​នៃ​គុម្ពបន្លា នៅ​ទីរហោស្ថាន​នៃ​ភ្នំ​ស៊ីណាយ​។ 31ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​នេះ ក៏​ភ្ញាក់ផ្អើល​។ នៅពេល​លោក​កំពុង​ចូលទៅជិត​ដើម្បី​ពិនិត្យមើល ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​ថា​: 32‘យើង​ជា​ព្រះ​នៃ​ដូនតា​របស់អ្នក ជា​ព្រះ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប#7:32 ជា​ព្រះ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​―ឯកសារបុរាណខ្លះថា “ជា​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់អ៊ីសាក និងជា​ព្រះ​របស់​យ៉ាកុប”។’។#7:32 《និក្ខមនំ》 3:6, 15។ ម៉ូសេ​ក៏​ញ័ររន្ធត់ មិន​ហ៊ាន​ពិនិត្យមើល​ទេ​។
33“ព្រះអម្ចាស់​មានបន្ទូល​នឹង​លោក​ថា​:
‘ចូរ​ដោះ​ស្បែកជើង​ចេញ​ពី​ជើង​របស់អ្នក ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ ជា​ដី​ដ៏វិសុទ្ធ​។ 34យើង​បាន​ឃើញជាប្រាកដ​នូវ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​អេហ្ស៊ីប និង​បាន​ឮ​សំឡេងថ្ងូរ​របស់​ពួកគេ​ហើយ ដូច្នេះ​យើង​បាន​ចុះមក​រំដោះ​ពួកគេ​។ ឥឡូវនេះ មក៍! យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​អេហ្ស៊ីប’។#7:33-34 《និក្ខមនំ》 3:5, 7-8, 10។
35“ម៉ូសេ​នេះ​ឯង ដែល​គេ​បាន​បដិសេធ​ថា​:‘តើ​នរណា​បាន​តែងតាំង​អ្នក​ឲ្យធ្វើជា​មេ និង​ជា​ចៅក្រម​?’#7:35 《និក្ខមនំ》 2:14។ គឺ​ម្នាក់នេះ ដែល​ព្រះ​បាន​ចាត់ឲ្យមក​ធ្វើជា​មេ និង​ជា​អ្នករំដោះ តាមរយៈ​ដៃ​របស់​ទូតសួគ៌​ដែល​បាន​លេចមក​ដល់​លោក​ក្នុង​គុម្ពបន្លា​។ 36គឺ​ម្នាក់នេះ ដែល​នាំ​ពួកគេ​ចេញ ដោយ​បាន​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​នានា​នៅ​ដែនដី​អេហ្ស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​ទីរហោស្ថាន​ក្នុងរយៈពេល​សែសិប​ឆ្នាំ។
អ៊ីស្រាអែលបះបោរនឹងព្រះ
37“ម៉ូសេ​នេះ​ឯង ដែល​ប្រាប់​កូនចៅ​អ៊ីស្រាអែល​ថា​:‘ព្រះ#7:37 ព្រះ​―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នា”។នឹង​តាំង​ព្យាការី​ម្នាក់​ដូច​ខ្ញុំ​ឡើង​ពីចំណោម​បងប្អូន​របស់អ្នករាល់គ្នា សម្រាប់​អ្នករាល់គ្នា#7:37 ឯកសារបុរាណខ្លះបន្ថែម “អ្នករាល់គ្នា​ត្រូវ​ស្ដាប់​តាម​លោក”។’។#7:37 《ទុតិយកថា》 18:15។ 38គឺ​ម្នាក់នេះ ដែល​នៅ​ជាមួយ​ទូតសួគ៌​ដែល​និយាយ​នឹង​លោក​នៅ​ភ្នំ​ស៊ីណាយ និង​នៅ​ជាមួយ​ដូនតា​របស់យើង ក្នុង​សហគមន៍​នៅ​ទីរហោស្ថាន​។ លោក​បាន​ទទួល​ព្រះបន្ទូល​ដ៏​រស់ ដើម្បី​ប្រគល់​មក​យើង​។ 39ដូនតា​របស់យើង​មិន​ព្រម​ស្ដាប់បង្គាប់​លោក​ទេ ផ្ទុយទៅវិញ ពួកគេ​បាន​ច្រាន​លោក​ចេញ ហើយ​នៅក្នុង​ចិត្ត ពួកគេ​បាន​បែរទៅ​រក​អេហ្ស៊ីប​វិញ 40ដោយ​និយាយ​នឹង​អើរ៉ុន​ថា​:
‘ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង ដែល​នឹង​នាំមុខ​យើង ដ្បិត​ម៉ូសេ​ម្នាក់នេះ​ដែល​នាំ​យើង​ចេញ​ពី​ដែនដី​អេហ្ស៊ីប យើង​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ដល់​គាត់​ទេ​!’។ # 7:40 《និក្ខមនំ》 32:1, 23។
41នៅ​គ្រានោះ ពួកគេ​បាន​ធ្វើរូបកូនគោ​មួយ ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូបបដិមាករ​នោះ ព្រមទាំង​អបអរ​នឹង​ស្នាដៃ​របស់​ខ្លួន​ផង​។ 42ដូច្នេះ ព្រះ​បាន​បែរចេញ ហើយ​ប្រគល់​ពួកគេ​ឲ្យ​បម្រើ​ពលបរិវារ​នៃមេឃ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​របស់​ព្យាការី​ថា​:
‘ពូជពង្ស​អ៊ីស្រាអែល​អើយ​!
ក្នុងអំឡុង​សែសិប​ឆ្នាំ​នៅ​ទីរហោស្ថាន
អ្នករាល់គ្នា​បាន​ថ្វាយ​សត្វពិឃាត និង​យញ្ញបូជា
មិនមែន​ដល់​យើង​ទេ មែនទេ​?
43 អ្នករាល់គ្នា​បាន​សែង​រោង​របស់​ព្រះម៉ូឡុក និង​ផ្កាយ​នៃ​ព្រះ​រេមផាន់​របស់អ្នករាល់គ្នា
ជា​រូបសំណាក​ដែល​អ្នករាល់គ្នា​ធ្វើឡើង​ដើម្បី​ថ្វាយបង្គំ​។
ដូច្នេះ យើង​នឹង​ជម្លៀស​អ្នករាល់គ្នា​ទៅ​ឯនាយ​បាប៊ីឡូន’។ # 7:42-43 《អេម៉ុស》 5:25-27។
ព្រះពន្លាពិតប្រាកដរបស់ព្រះ
44“ដូនតា​របស់យើង​មាន​ព្រះពន្លា​នៃ​សេចក្ដីបន្ទាល់​នៅ​ទីរហោស្ថាន ស្របតាម​ព្រះអង្គ​ដែល​មានបន្ទូល​នឹង​ម៉ូសេ បាន​បង្គាប់​លោក​ឲ្យ​សង់ឡើង​តាម​គំរូ​ដែល​លោក​បាន​ឃើញ 45គឺ​ព្រះពន្លា​ដែល​ដូនតា​របស់យើង​បាន​ទទួលតៗមក ហើយ​នាំយកមក​ជាមួយ​យ៉ូស្វេ ចូលក្នុង​ទឹកដីកម្មសិទ្ធិ​របស់​សាសន៍ដទៃ​ដែល​ព្រះ​បាន​បណ្ដេញ​ចេញពី​មុខ​ដូនតា​របស់យើង រហូតដល់​សម័យ​ដាវីឌ​។ 46ដាវីឌ​បាន​ទទួល​ព្រះគុណ​នៅចំពោះ​ព្រះ ហើយ​លោក​បាន​សុំ​រៀបចំ#7:46 រៀបចំ―ន័យត្រង់គឺ “រក”។​ដំណាក់#7:46 ដំណាក់―ន័យត្រង់គឺ “រោង”។​មួយ​សម្រាប់​ព្រះ​របស់​យ៉ាកុប#7:46 ព្រះ​របស់​យ៉ាកុប―ឯកសារបុរាណខ្លះថា “ពូជពង្សរបស់​យ៉ាកុប”។ 47ប៉ុន្តែ​គឺ​សាឡូម៉ូន​វិញ​ទេ ដែល​បាន​សាងសង់​ដំណាក់​សម្រាប់​ព្រះអង្គ​។ 48យ៉ាងណាមិញ ព្រះ​ដ៏ខ្ពស់បំផុត​មិន​គង់នៅ​ក្នុង​វិហារ#7:48 ឯកសារបុរាណខ្លះគ្មាន “វិហារ”។​ដែលធ្វើដោយដៃមនុស្ស​ទេ ដូចដែល​ព្យាការី​បាន​ថ្លែងថា​:
49 ‘ព្រះអម្ចាស់​ទ្រង់​មានបន្ទូលថា​: “ផ្ទៃមេឃ​ជា​បល្ល័ង្ក​របស់យើង
ផែនដី​ជា​កំណល់​ជើង​របស់យើង​។
តើ​អ្នក​នឹង​សាងសង់​ដំណាក់​បែបណា​សម្រាប់​យើង​?
តើ​កន្លែង​នៃ​ការសម្រាក​របស់យើង​នៅ​ឯណា​?
50 តើ​ដៃ​របស់យើង​មិន​បាន​បង្កើត​របស់​សព្វសារពើ​ទាំងនេះ​ទេឬ​?”’។ # 7:49-50 《អេសាយ》 66:1-2។
ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធ
51“មនុស្ស​ចចេសរឹងរូស ហើយ​គ្មានការកាត់ស្បែក​នៃ​ចិត្ត និង​ត្រចៀក​អើយ​! អ្នករាល់គ្នា​តែងតែ​ប្រឆាំង​នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជានិច្ច​! ដូចដែល​ដូនតា​របស់អ្នករាល់គ្នា​ជា​យ៉ាងណា អ្នករាល់គ្នា​ក៏​ជា​យ៉ាងនោះដែរ​។ 52តើ​មាន​ព្យាការី​មួយណា​ដែល​ដូនតា​របស់អ្នករាល់គ្នា​មិន​បាន​បៀតបៀន​? ពួកគេ​បាន​សម្លាប់​អ្នក​ដែល​ប្រកាសទុកមុន​អំពី​ការយាងមក​របស់​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ក្លាយជា​អ្នកក្បត់ និង​ជា​អ្នកសម្លាប់​ព្រះអង្គនោះ​។ 53អ្នករាល់គ្នា​បាន​ទទួល​ក្រឹត្យវិន័យ​តាមរយៈ​ការចាត់ចែង​របស់‍បណ្ដា​ទូតសួគ៌ ប៉ុន្តែ​អ្នករាល់គ្នា​មិន​បាន​ប្រតិបត្តិតាម​សោះ”។
ទុក្ករបុគ្គលគ្រីស្ទានដំបូង
54នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ក្រេវក្រោធយ៉ាងខ្លាំង#7:54 ក្រេវក្រោធយ៉ាងខ្លាំង―ន័យត្រង់គឺ “បានដូចជាត្រូវកាប់ក្នុងចិត្ត”។ ហើយ​សង្កៀត​ធ្មេញ​ដាក់​ស្ទេផាន​។ 55រីឯ​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​សម្លឹងមើល​ទៅ​មេឃ ឃើញ​សិរីរុងរឿង​របស់​ព្រះ និង​ឃើញ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​ព្រះ 56ក៏​ពោលថា​៖ “មើល៍! ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ត្រូវបាន​បើកចំហ ហើយ​កូនមនុស្ស​ឈរ​នៅ​ខាងស្ដាំ​ព្រះ”។
57ប៉ុន្តែ​ពួកគេ​ក៏​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​សម្រុកមក​ឯ​គាត់​ព្រមៗគ្នា 58រួច​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង គប់ដុំថ្មសម្លាប់​គាត់​។ ពួក​សាក្សី​ទាំងនោះ​ដាក់​អាវវែង​របស់​ខ្លួន​នៅទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សូល។ 59ខណៈដែល​ពួកគេ​កំពុង​គប់ដុំថ្មសម្លាប់​ស្ទេផាន គាត់​ហៅរក​ព្រះអម្ចាស់#7:59 ព្រះ​អម្ចាស់―ជាពាក្យជំនួយ។​ថា​៖ “ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​របស់ទូលបង្គំ​ផង!”។ 60បន្ទាប់មក គាត់​លុតជង្គង់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​បាប​នេះ​នឹង​ពួកគេ​ឡើយ​!”។ កាល​ទូល​ដូច្នេះ​ហើយ គាត់​ក៏​ដេកលក់​ទៅ៕

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入