កុំសម្របតែក្នុងរឿងងាយនិងសុវត្ថិភាពគំរូ

Don't Settle For Safe

ថ្ងៃទី 2 ក្នុងចំណោម 3 ថ្ងៃ

តើអ្នកមានគន្លងទម្លាប់បែបណា?

តើអ្នកមានធ្លាប់ចំណាយពេលយកមកគិតពិចារណាអំពីគន្លងទម្លាប់ផ្លូវអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ? ចូរគិតពិចារណាអំពីគំនិតដែលកើតឡើងផ្ទួនៗ ដែលវាបង្កើតបានជាអារម្មណ៍ រួចហើយវានាំឱ្យក្លាយទៅជាសកម្មភាពបែបជាទម្លាប់។ ការយល់ដឹងអំពីគន្លងទម្លាប់ទាំងនោះនឹងតម្រូវឱ្យអ្នកបើកចំហទីលាក់កំបាំងក្នុងក្រអៅចិត្តរបស់អ្នក ទាំងវះយកការចងចាំនៃគំនិតទាំងឡាយ ដែលអ្នកធ្លាប់គិតថាបានកប់វាបាត់ទៅហើយ។ យើងត្រូវតែសួរខ្លួនឯង៖ តើហេតុអ្វីបានជាការនោះ កើតមានឡើងចំពោះរូបខ្ញុំ? តើការនោះបានបង្រៀនខ្ញុំអំពីអ្វី? តើឱ្យខ្ញុំអាចឃាត់វាកុំឱ្យកើតមានឡើងសាជាថ្មីបានយ៉ាងដូចម្ដេច?

ពិតប្រាកដមែនថា មិនមែនរាល់គន្លងទម្លាប់ វាជារឿងអាក្រក់នោះទេ។ មានគន្លងទម្លាប់ខ្លះ ក៏ជាសកម្មភាពប្រកបដោយគុណធម៌ ដែលការទាំងនោះបានបន្សុទ្ធហើយនាំឱ្យយើងអាចប្រកាន់ខ្ជាប់អស់មួយជីវិតដែរ។ អំណោយដ៏ធំបំផុតដែលអ្នកអាចផ្ដល់ដល់ខ្លួនឯង នោះគឺជាសមត្ថភាពដែលអ្នកអាចសម្គាល់អំពីគន្លងទម្លាប់ដែលអ្នកបានបង្កើតទៅជាខ្លឹមសារ ដែលមានន័យនៅក្នុងជីវិតរបស់អ្នក។ គន្លងទម្លាប់ប្រហែលជាមិនអាចឃ្លាតចាកឆ្ងាយឱ្យអស់ពីយើងទេ ប៉ុន្តែយើងអាចចាប់ផ្ដើមសម្គាល់ពីវា ហើយទាញយកអំណាចដែលវាធ្លាប់លួចយកទៅគ្រប់គ្រងនៅលើជីវិតរបស់យើងមកវិញ។

ខ្ញុំធ្លាប់បានប្រឹងយ៉ាងហត់នឿយក្នុងការចាក់ទម្លុះរកមើលពីអារម្មណ៍របស់ខ្ញុំ ហើយនិងបញ្ចេញពីអារម្មណ៍ទាំងនោះ នៅពេលណាវាចាំបាច់។ នៅពេលណាដែលអ្នកសម្គាល់ឃើញពីពេលឆ្លាស់លឿននៃអារម្មណ៍របស់អ្នក ចូរចំណាយពេលបន្តិច ក្នុងការកត់សម្គាល់មើលពីអ្វីៗដែលនាំឱ្យអ្នកផ្លាស់ប្រែយ៉ាងលឿនពីអារម្មណ៍ទាំងនោះ។ សូមកុំធ្វើដូចជាគ្រាន់តែស្ទះខ្យល់ ចេះតែទ្រាំ ដោយព្រោះក្នុងខ្លួនអ្នកដូចជាមិនស្រួល។ ចូរស្វែងរកមើលឫសដែលកំពុងតែពាំងអ្នកមិនឱ្យអ្នកមានអំណរដ៏ពេញលេញ។ អ្នកនឹងមានការភ្ញាក់ផ្អើល ថាការបញ្ចេញនូវអារម្មណ៍ដ៏សាមញ្ញ ក៏អាចជួយឱ្យអ្នកបានធូរស្បើយជាអនេកដែរ។

តើអ្នកអាចនឹកចាំពីផ្នែកទាំងឡាយណា ដែលនាំឱ្យអ្នកមានអារម្មណ៍អាម៉ាស់ ឈឺចាប់ ឬអៀនខ្មាស ដែរឬទេ? តើមានការចងចាំជាក់លាក់ណាមួយ ដែលនៅជាប់នឹងអារម្មណ៍ទាំងនោះដែរទេ? តើទស្សនៈរបស់អ្នកចំពោះខ្លួនឯងហើយនិងអ្នកដទៃ ប្រែប្រួលយ៉ាងណា ដោយសារតែអារម្មណ៍និងការចងចាំអស់ទាំងនោះ? ការសម្គាល់ឃើញពីឫសនៃគន្លងទម្លាប់របស់អ្នក គឺជាផ្លូវតែមួយគត់ ដែលអាចឱ្យអ្នករំលាយបំផ្លាញនូវអ្វីដែលអាក្រក់នៅក្នុងជីវិតរបស់អ្នក។ នៅគ្រាណាដែលអ្នកចាប់ផ្ដើមស្គាល់ពីគន្លងទម្លាប់មិនគួរគប្បីដែលមានក្នុងជីវិតរបស់អ្នក នោះអ្នកត្រូវចាំបាច់ធ្វើសង្រ្គាមការពារ ហើយប្រឆាំងទាស់នឹងគន្លងទម្លាប់អស់ទាំងនោះ។ ការការពារនោះត្រូវកើតឡើងក្នុងទម្រង់នៃការតយុទ្ធចិត្តគំនិតឬអារម្មណ៍ ដែលជាគំនិតល្អ រឹងមាំ និងមានជ័យ ជំនួសវិញ។

ការបើកចំហដួងចិត្តជាមួយនឹងព្រះ ស្រាយនូវអំណាច ដោយបង្រ្កាបរឿងអវិជ្ជមានទាំងឡាយដែលធ្លាប់មានសិទ្ធិនៅលើជីវិតរបស់អ្នក។ មានវិបត្តិបញ្ហាមួយចំនួនក្នុងជីវិតរបស់យើង ដែលវាធំពន់ពេកសម្រាប់ឱ្យយើងដោះស្រាយដោយខ្លួនឯង។ យើងត្រូវការការអន្តរាគមន៍នៃស្ថានសួគ៌ ដើម្បីរំឭកដល់យើងថាយើងមាននូវធនធានមួយ ដែលខ្លាំងលើសអស់ទាំងឧបសគ្គទាំងឡាយនៅជុំវិញយើង។ អ្នកមិនមែនតយុទ្ធក្នុងសង្គ្រាមនេះ ដោយឯកឯងឡើយ។ ព្រះជាម្ចាស់មានគម្រោងផែនការ និងគោលបំណងដ៏ល្អឥតខ្ចោះ សម្រាប់ជីវិតរបស់អ្នក។ ចូរទុកចិត្តលើគម្រោងផែនការរបស់ព្រះអង្គ ដែលការនេះមានបូករួមទាំង អំណរ​ ភាពសុខសាន្ត និងក្ដីស្រឡាញ់ សម្រាប់ជីវិតអ្នក។ នេះហើយជាការគិតបែបផ្លាស់ប្រែ ដែលនាំឱ្យយើងមានពន្លឺ សូម្បីតែពេលយើងត្រូវឆ្លងកាត់រូងនៃទីដ៏ងងឹតក្ដី។

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Don't Settle For Safe

ប្រសិនបើយើងមិនប្រឈមជួបតតាំងចំពោះសំឡេងនៃអសន្តិសុខ ចិត្តសង្ស័យ និងក្ដីភ័យខ្លាចទេ នោះសំឡេងអស់ទាំងនោះនឹងបង្ខំហើយឃាំងជីវិតរបស់អ្នក។ អ្នកមិនអាចរំងាប់សំឡេង ឬមិនៗអើពើចំពោះសំឡេងអស់ទាំងនោះបានទេ។ នៅក្នុងគម្រោងអានរយៈពេល ៣ ថ្ងៃនេះ សារ៉ា ជេក រ៉ូប៊ើត (Sarah Jakes Roberts) នឹងបង្ហាញដល់អ្នកពីរបៀបដែលអ្នកអាចតតាំងប្រឆាំងនូវដែនកំណត់នៃអតីតកាលរបស់អ្នក ហើយឱ្យអ្នកមកឱបក្រសោបអ្វីដែលធ្លាប់នាំឱ្យអ្នកមិនសុខស្រួល ហើយប្រែឱ្យអ្នកបានក្លាយទៅជាអ្នកដែលមិនអាចបញ្ឈប់បានវិញ។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី សារ៉ា ជេក រ៉ូប៊ើត (Sarah Jakes Roberts) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://bit.ly/YV-DontSettleforSafe