ព្រះជាម្ចាស់អើយ ចុះចំណែករូបទូលបង្គំ?គំរូ

ពិនិត្យលើកំណត់ត្រាដឹងពីពេលរបស់ព្រះ - មិនមែនមានតែអ្នកនោះទេ
ម៉ាថា និងម៉ារា ហាន់ណា យ៉ូសែប ដាវីឌ យ៉ូប អ័ប្រាហាំ សារ៉ា។ មិនមែនមានតែអ្នកនោះទេ។
ព្រះជាម្ចាស់បង្ហាញពីក្ដីស្រឡាញ់របស់ព្រះអង្គមកដល់យើង ដោយអនុញ្ញាតឱ្យយើងចេះរង់ចាំ។ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ បើការរង់ចាំវាកាន់តែយូរ នោះមិនមែនចង្អុលបង្ហាញថាក្ដីស្រឡាញ់របស់ព្រះ មានសម្រាប់អ្នកវាតិចជាង ឬមិនសមស្មើនឹងនរណាម្នាក់ផ្សេងទៀតនោះឡើយ។ វាគឺជាការចង្អុលបង្ហាញថាព្រះបិតាដែលជ្រាបពីរាល់គម្រោងផែនការដែលបានតាក់តែងជាក់លាក់ឡើង នោះទ្រង់តម្រូវរៀបចំការទាំងអស់នោះឱ្យសមនឹងបុត្រនីមួយៗរបស់ព្រះអង្គ ហើយនិងស្របតាមគោលបំណងរបស់ពួកគេយ៉ាងល្អឥតខ្ចោះ។
នៅក្នុង យ៉ូហាន ១១៖៥ អត្ថបទគម្ពីរស្ដីពីការរស់ឡើងវិញរបស់លោក ឡាសារ បានផ្ដើមដោយថ្លែងយ៉ាងដូច្នេះថា៖ «ព្រះយេស៊ូវស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងឡាសារណាស់ [ចាត់ទុកពួកគេជាមិត្តសំណព្វ]»។
បន្ទាប់មក ព្រះគម្ពីរចែងទៀតថា៖ «ដូច្នេះ [សូម្បីតែ] នៅពេលដែលព្រះអង្គបានឮថាឡាសារធ្លាក់ខ្លួនឈឺ នោះព្រះអង្គនៅតែរង់ចាំអស់រយៈពេល ២ ថ្ងៃតទៀត នៅឯទីកន្លែងនោះដដែល»។ - យ៉ូហាន ១១៖៦
យើងរំពឹងថាព្រះយេស៊ូវនឹងមានចលនារហ័សរហួន ដោយសារតែក្នុងទស្សនៈមានដែនកំណត់របស់យើង យើងគិតថា បើស្រឡាញ់ហើយ នោះត្រូវតែប្រឹងស្រូតឱ្យបានរួសរាន់។ ប៉ុន្តែគឺអត់ទេ ក្ដីស្រឡាញ់ដ៏គ្មានលក្ខខណ្ឌនៃព្រះ មានចលនាប្រកបដោយគោលបំណង ព្រោះតែគោលបំណង និងសម្រាប់តែគោលបំណងវិញ។
ព្រះយេស៊ូវគង់នៅមួយកន្លែង មិនមែនតែ ១ ថ្ងៃ ប៉ុន្តែដល់ទៅ ២ ថ្ងៃ ឯណោះ។
យើងជឿថាហេតុផលមួយក្នុងចំណោមការឆ្លើយតបរបស់ព្រះអង្គ នោះគឺក្នុងគោលបំណង ដើម្បីបង្ហាញពីវត្តមានរបស់ព្រះអង្គ ក្នុងស្ថានភាពមួយ ជាប្រយោជន៍ក្នុងការបង្ហាញពីព្រះចេស្ដានៃការរស់ឡើងវិញពីក្ដីស្លាប់ មិនមែនដើម្បីធ្វើការព្យាបាល លោក ឡាសារ នោះទេ។ ពួកគេចង់បានការព្យាបាល ប៉ុន្តែផែនការរបស់ព្រះ នោះគឺដើម្បីប្រោសគេឱ្យរស់ពីស្លាប់ទៅវិញ។
ដូច្នេះ ក្ដីស្រឡាញ់របស់ព្រះគ្រីស្ទសម្រាប់អ្នក មិនមែនផ្អែកទៅលើចលនារហ័សរហួន ដែលទ្រង់នឹងឆ្លើយតបសម្រាប់អ្នក ឬថានឹងមានការទម្លុះទម្លាយដ៏អស្ចារ្យ ឬថាឱ្យអ្នកបានទទួលបានការងារឆាប់ៗ ឬទទួលបានអ្វីមួយឱ្យបានលឿនៗនោះទេ។ លទ្ធផលលឿន មិនមែនមានន័យថា ការនោះមកពីព្រះទេ! លទ្ធផលភ្លាមៗ ក៏ពុំមែនមានន័យថា មិនមែនមកពីព្រះនោះដែរ។ ភាពនៅជិតស្និទ្ធនឹងព្រះនោះគឺជាអ្វីដែលនឹងបើកសម្ដែងដល់អ្នក ថាតើការណ៍នោះជាស្នាព្រះហស្ដនៃព្រះ រៀបចំតាក់តែងឱ្យអ្នកបានឃើញ ឬក៏មិនមែនទេ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

នៅពេលណាដែលយើងកំពុងតែដើរមិនទាន់ក្នុងក្ដីប្រាថ្នារបស់ជីវិត នោះមានសំឡេងនៃការប្រៀបធៀបលាន់ឮឡើងកាន់តែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជារឿយៗ យើងពិបាកយល់និងមើលមិនឃើញពីអ្វីដែលព្រះកំពុងតែធ្វើការនៅកណ្ដាលចំណោមយើង។ ហើយនៅក្នុងគ្រាទាំងនោះហើយ ដែលជំនឿរបស់យើងត្រូវបានលត់ដំយ៉ាងខ្លាំង ជាងពេលណាៗទាំងអស់។ ចូរមកភ្លក់គម្រោងអាននេះ ហើយនិងទទួលយកនូវការលើកទឹកចិត្ត ក្នុងខណៈពេលអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់។
More