វិលត្រឡប់បកក្រោយចេញពីភាពញៀនគំរូ
មានបុត្រាបុត្រីនៃព្រះជាច្រើននាក់ ដែលគេជាប់ជាឈ្លើយខាងវិញ្ញាណ។ ពួកគេជាប់អន្ទាក់ក្នុងវដ្ដនៃអំពើបាប ដែលគេមិនអាចរើបម្រះខ្លួនចេញបាន។ មិនថាជា រឿងញៀនស្រា ញៀនគ្រឿងសម្ភារៈនិយម រឿងចិត្តល្វីងជូរចត់ រឿងច្រណែនឈ្នានីស រឿងស៊ីចុកច្រើនហួសប្រមាណ រឿងគិតតែអាណិតខ្លួនឯង រឿងញៀនរូបអាសអាភាស រឿងបញ្ហាថ្នាំញៀន រឿងជក់លេងហ្គេម រឿងជេរប្រមាថ បញ្ហាញៀនក្នុងបណ្ដាញសង្គម រឿងគិតនិងនិយាយអាក្រក់ពីខ្លួនឯង រឿងខឹងច្រឡោត ឬបញ្ហាចងគំនុំ—ទាំងនេះសុទ្ធតែជាបញ្ហាញៀនខាងផ្លូវអារម្មណ៍ ឬជាគន្លងសារធាតុគីមីក្នុងខ្លួន ដែលរុំឱបរឹតនិងឃុំឃាំងមនុស្សជាច្រើននាសព្វថ្ងៃនេះ។
សព្វថ្ងៃនេះ ពាក្យដែលយើងដឹងថាជាភាពញៀន តាមព្រះគម្ពីរ នោះគឺជាបន្ទាយដ៏រឹងមាំ។ ភាពញៀន ឬក៏ថាច្បាស់ជាងនេះ—វាគឺជាបន្ទាយដ៏រឹងមាំខាងវិញ្ញាណ ដែលបានជីករណ្ដៅក្នុងគន្លងនៃគំនិតអវិជ្ជមាន និងសកម្មភាពអាក្រក់ ដែលទាំងអស់នេះ សុទ្ធតែបានដិតដាមនៅក្នុងចិត្តគំនិតរបស់យើង។ យើងជឿនិងគិតថាយើងអាចរស់រានបានក្នុងគំនិត តែថាស្ថានភាពទាំងអស់នេះ វាមិនអាចផ្លាស់ប្រែបានទេ ទោះបីជាទង្វើនិងការប្រព្រឹត្តទាំងអស់នោះ វាប្រឆាំងទាស់នឹងបំណងហឫទ័យនៃព្រះក៏ដោយ។ អំពើបាបបានក្លាយទៅជាចៅហ្វាយនាយ ដែលគ្រប់គ្រងទៅលើចិត្តគំនិត ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់យើង។
ជំហានដំបូងក្នុងការចាកចេញពីភាពញៀន នោះគឺជាដួងចិត្តដែលចង់បានឱ្យខ្លួនមានសេរីភាព។ ព្រះយេស៊ូវធ្លាប់សួរទៅកាន់មនុស្ស ថាតើពួកគេចង់បានឱ្យខ្លួនមានសេរីភាពពេញលេញដែរឬទេ (យ៉ូហាន ៥៖៦)។ ប្រសិនបើនរណាម្នាក់ គាត់ជាប់គាំង ហើយបន្តចង់នៅជាប់គាំង នោះគឺគ្មាននរណាម្នាក់ អាចចាប់ផ្ដើមធ្វើឱ្យគាត់មានចលនារើទៅរកទិសដៅមួយផ្សេងទៀតបានទេ។ សេរីភាពចេញពីឥរិយាបទនៃភាពញៀន នោះត្រូវតែចាប់ផ្ដើមពីការសម្រេចចិត្តពីខាងក្នុង។ ប្រសិនបើអ្នកស្វែងរកឃើញថាខ្លួនជាប់អន្ទាក់ក្នុងភាពញៀន ហើយទទួលរងឥទ្ធិពលដោយគន្លងនៃគំនិតអវិជ្ជមាន នោះវាប្រៀបដូចជាមានពស់មួយកំពុងរុំខ្លួនវាជុំជិតគំនិតរបស់អ្នកអញ្ចឹងដែរ។
វាដល់ពេលដែលអ្នកត្រូវជ្រើសរើសទិសដៅមួយថ្មី ទៅកាន់ទីមានសេរីភាពហើយ។ សេរីភាពចាប់ផ្ដើមពីការចេះជ្រើសរើសចាកចេញពីផ្លូវដែលអ្នកកំពុងដើរ ហើយបែរទៅរកទិសដៅមួយផ្សេងវិញ។
តើអ្នកពិតប្រាកដជាចង់និយាយថា លាហើយ ទៅកាន់ភាពញៀនរបស់អ្នក និងអនុញ្ញាតឱ្យព្រះយេស៊ូវដោះអ្នកឱ្យមានសេរីភាពហើយឬនៅ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅពេលដែលជីវិតរបស់អ្នកឃ្លាតចាកឆ្ងាយពីព្រះបន្ទូលនៃព្រះ នោះអ្នកនឹងប្រាកដជាទទួលរងលទ្ធផលដ៏ឈឺចាប់នានា ជាក់ជាមិនខាន។ មានមនុស្សជាច្រើន គេរងវិបត្តិជាមួយនឹងរឿងសុខភាព។ គេបាត់បង់ការងារ ហើយនិងមានបញ្ហាក្នុងទំនាក់ទំនង ហើយបានស្វែងរកឃើញថាខ្លួនឯងមានអារម្មណ៍ឃ្លាតសែនឆ្ងាយពីព្រះ ដោយព្រោះតែភាពញៀនណាមួយរបស់ខ្លួន។ មិនថារូបអ្នកមានវិបត្តិនៃបញ្ហាញៀនយ៉ាងធ្ងន់ធ្ងរ ដោយព្រោះតែបញ្ហាប្រើថ្នាំញៀន ឬបញ្ហាមើលរូបអាសអាភាស ឬបញ្ហាញៀនតិចតួច ដូចជាការហូបចុកមិនចេះគិត ឬជក់នឹងគ្រឿងកម្សាន្តអារម្មណ៍ជ្រុលនោះទេ រាល់បញ្ហានៃភាពញៀនគឺវាអុកឡុកនិងឆាឆៅដល់ជីវិតរបស់យើង។ ចូរអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនៃសេរីភាពដល់អ្នក។
More