ថ្លែងពីអ្វីដែលឱ្យជីវិតគំរូ

Speaking Life

ថ្ងៃទី 6 ក្នុងចំណោម 6 ថ្ងៃ

បណ្ដាញសង្គម 

ខ្ញុំមិនអាចបញ្ចប់គម្រោងអានមេរៀន "ថ្លែងពីអ្វីដែលនាំមកនូវជីវិត" ដោយមិនលើកឡើងពីរឿង បណ្ដាញសង្គម ដែលជាពិភពលោក យើងកំពុងតែរស់នៅក្នុងវាបានទេ។ ដោយគ្មានការសង្ស័យ បណ្ដាញសង្គមជះឥទ្ធិពលយ៉ាងធំធេងមកលើចិត្តរបស់យើង ហើយជាលទ្ធផល គឺវាប៉ះពាល់មកលើចិត្តរបស់យើងដែរ។ វាគឺជាប្រភពមួយដ៏ធំសម្បើម ដែលបញ្ចូលរឿងរ៉ាវទាំងឡាយ ឱ្យមកត្រួតត្រាក្នុងជីវិតរបស់យើង។ តើអ្នកមានដែលធ្លាប់គិតពិចារណាពីគុណតម្លៃនៃបណ្ដាញសង្គម ដែលវាអាចមានផលជាវិជ្ជមាន និងឱ្យជីវិត ទល់នឹងអន្ទាក់អវិជ្ជមាននិងកត្តាបំផ្លាញ ដែលវាតែងតែបង្កើតឡើងដែរឬទេ? 

មានមនុស្សជាច្រើនសព្វថ្ងៃនេះ គេរងទុក្ខដោយរឿងថប់បារម្ភ និងភាពធ្លាក់បាក់ទឹកចិត្ត។ ខ្ញុំជឿថាវាអាចកើតឡើងដោយកត្តានៃព័ត៌មានអវិជ្ជមានជាច្រើនដែលបានបញ្ចូលទៅក្នុងខ្លួនយើង ដោយព្រោះតែកង្វះពេល ដែលនាំឱ្យមានជីវិត ឬវេលាដែលអាចទទួលបានពីព្រះបន្ទូលនៃព្រះ។ មិនថាជា ទូរទស្សន៍ គណនីហ្វេសបុគ គណនី ថ្វីតធឺ ឬគណនី អ៊ីនស្ដាក្រាម នោះទេ អ្នកត្រូវតែពិចារណាទៅលើពេលវេលា ដែលអ្នកចំណាយមើលទៅលើអេក្រង់។ មនុស្សយើងភាគច្រើននឹងភ្ញាក់ផ្អើលពីចំនួនម៉ោងដែលយើងបានចំណាយពេល ដាក់មុខរបស់យើង មើលទៅចំកញ្ចក់អេក្រង់នៃឧបករណ៍ចល័តទាំងនោះ។ ខ្ញុំមិនមែនចេះតែនិយាយចោទនោះទេ ពេលខ្លះខ្ញុំជឿថា មានរូបភាព សារបង្ហោះ និងវីដេអូ នាំមកនូវជីវិតដែលយើងបានអាន និងបានមើលដែរ។ ប៉ុន្តែ បើគិតសរុបទៅ នោះយើងប្រាកដជាបំពេញចិត្តគំនិតរបស់យើង ដោយសំរាម ទង្វើលើកតម្កើងខ្លួន និងរឿងសម្ដែងពីភាពអស្ចារ្យនៃបុគ្គលជាច្រើន។ ហើយទាំងនេះ សុទ្ធតែជាព័ត៌មានអវិជ្ជមាន ដែលយើងដាក់បញ្ចូលទៅក្នុងខ្លួនរបស់យើង។ មនុស្សយើងភាគច្រើន ធ្វើជាមិនអើពើចំពោះផលប៉ះពាល់រវាងការចំណាយពេលមើលទៅលើអេក្រង់ ហើយនិងវិបត្តិនៃការធ្លាក់បាក់ទឹកចិត្ត។ មនុស្សយើងភាគច្រើនមិនបានគិតថា អ្វីៗដែលបានដាក់បញ្ចូលទៅក្នុងខ្លួន នោះបង្កើតជាផលចេញពីក្នុងខ្លួននោះទេ។ ការពិតទៅ យើងមិនគួរខ្វល់ខ្វាយចំពោះមតិគំនិតរបស់នរណាឡើយ យើងគួរតែមកគិតថាព្រះគិតយ៉ាងណាចំពោះរូបយើងតែប៉ុណ្ណោះ។

រឿងរ៉ាវពិភពលោក មានទាំងព័ត៌មាន ហើយនិងស្ថានភាពរបស់យើង វាអាចនាំឱ្យយើងមានអារម្មណ៍ថាខ្លួនយើងកំពុងតែដើរឆ្លងកាត់ទីរហោស្ថាន ឬទីគំនរសំរាម។ ព្រលឹងរបស់យើងស្រេកឃ្លានជីវិត ហើយយើងត្រូវតែផ្ដល់ចំណីអាហារណាដែលផ្ដល់ជីវិត ដែលនោះជាព្រះបន្ទូលព្រះ ជាធម្មជាតិព្រះបង្កើត និងជាការរួមប្រកបក្នុងព្រះអង្គ។ តើអ្នកកំពុងតែមានអារម្មណ៍ថាអ្នកធ្លាក់បាក់ទឹកចិត្ត ដោយព្រោះអ្នកកំពុងដើរឆ្លងកាត់ទីរហោស្ថាន ឬទីគំនរសំរាម នៃរឿងក្នុងបណ្ដាញសង្គម ហើយនិងពេលមើលទៅលើអាក្រង់ច្រើនពេក មែនទេ? ចូរមកកាន់ទី ដែលមានទឹកដ៏រស់ ហើយចូរអនុញ្ញាតឱ្យព្រះបំពេញព្រលឹងរបស់អ្នកឱ្យបានឆ្អែត។ ចូរបិទអេក្រង់នៃឧបករណ៍ចល័តទាំងអស់នោះ ហើយមកបើកព្រះបន្ទូលនៃព្រះ។ ចូរទូលសូមព្រះឱ្យមកជួបនឹងអ្នក នៅទីកន្លែងដែលអ្នកកំពុងតែស្ថិតនៅ ដើម្បីឱ្យព្រះបន្ទូលព្រះដាស់ឱ្យអ្នកបានរស់រវើកជាថ្មី។ រួចហើយចូរចេញទៅខាងក្រៅ។ ចូរដើររំពៃមើល។ ចូរទៅបង្ហោះខ្លែង។ ចូរទៅអានសៀវភៅល្អៗណាមួយ។ ចូរទៅណាត់ជួបមិត្តណា ដែលនឹងនាំឱ្យមានជីវិតមកដល់អ្នក។

តើឱ្យខ្ញុំអាចប្រឡងប្រជែងអ្នក ដោយដាក់ជាគំនិត ឱ្យអ្នកដកខ្លួនថយមួយរយៈ ពីសារទាំងឡាយរបស់បណ្ដាញសង្គម បានដែរទេ? ចូរអធិស្ឋានអំពីការនេះ ហើយពិចារណា ថាអ្នកត្រូវធ្វើការនេះនៅពេលណា ហើយបន្ទាប់មក អ្នកអាចកំណត់ពីពេលវេលា។ វានឹងប្រៀបបានដូចជាការតមមួយបែបដែរ។ បន្ទាប់មក ប្រសិនបើអ្នកមានអារម្មណ៍ថា គ្រាសម្រាកនេះមានតម្លៃ នោះចូរប្ដេជ្ញាដាក់ព្រំដែនចំពោះការវិលទៅមើលអ្វីៗ នៅលើបណ្ដាញសង្គម។ ចូរពិចារណាថាអ្នកនឹងបង្ហោះតែអ្វីដែលលើកទឹកចិត្ត ឬជាមាតិកាដែលគិតពីព្រះគ្រីស្ទជាធំតែប៉ុណ្ណោះ។ ដោយសារតែនៅក្នុងប្រទេសយើងមានវិបត្តិច្រើន ដូចជាទង្វើបក្ខពួក ឬការបែកបាក់គ្នា នោះចូរឱ្យយើងនាំតែរឿងទាំងឡាយណា ដែលនឹងកសាង ស្អាងចិត្ត ជំរុញទឹកចិត្ត ហើយថ្លែងពីជីវិត ទៅដល់ពិភពលោកដែលកំពុងតែឈឺចាប់នេះបានហើយ។ 

ជីវិតអាចក្លាយទៅជាអ្វី ដែលសាមញ្ញនិងមិនសូវមានសម្ពាធច្រើន។ យើងអាចមានក្ដីសង្ឃឹមច្រើនជាងនេះទៅទៀត។ យើងមិនត្រូវការចំណាយពេលអានអ្វីដែលមិនសំខាន់នៅលើអេក្រង់ទេ តែជួសវិញ យើងត្រូវចំណាយពេលធ្វើអ្វីដែលសំខាន់ចាំបាច់ និងគិតពីអ្វីដែលព្រះសព្វព្រះទ័យជាជាង! 

ប្រសិនបើអ្នកចង់រស់នៅមានជីវិត ដែលនិយាយចេញតែពីអ្វីដែលនាំមកនូវជីវិត និងឱ្យជីវិតបានពេញបរិបូរ នោះចូរអ្នកគិតពិចារណាពីអ្វីៗដែលអ្នកដាក់បញ្ចូលទៅក្នុងរូបអ្នកជាប្រចាំថ្ងៃ។ ចូរផ្លាស់ប្រែអ្វីៗដែលអ្នកដាក់បញ្ចូលទៅក្នុងខ្លួនអ្នក នោះលទ្ធផលដែលចេញមកពីក្នុងអ្នក ក៏នឹងផ្លាស់ប្រែដូចគ្នា។ ជីវិតរបស់យើងមិនគង់នៅរហូតទេ។ ចូរចាប់ផ្ដើមពីឥឡូវនេះទៅ!

សូមសញ្ជឹងគិតពិចារណា៖  តើអ្នកអាចធ្វើការផ្លាស់ប្រែ ដោយកាត់បន្ថយ ឬលុបបំបាត់ពេលមើលអេក្រង់ ក្នុងបណ្ដាញសង្គមរបស់អ្នក បានដោយរបៀបណា? តើមានទង្វើ ឬសកម្មភាពដែលនាំផលផ្លែល្អណាខ្លះ ដែលអ្នកអាចធ្វើទៅបាន ជាមួយនឹងពេលវេលា ដែលនៅសេសសល់របស់អ្នក?

សេចក្ដីអធិស្ឋាន៖   ឱ ព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យអាចដាក់ព្រំដែនចំពោះពេលវេលា ទូលបង្គំប្រើសម្លឹងមើលអេក្រង់ ហើយបង្កើនពេលរបស់ទូលបង្គំជាមួយនឹងព្រះអង្គវិញ។ ទូលបង្គំចង់រស់នៅដោយដួងចិត្តក្លាហាន ហើយថ្លែងពីអ្វីដែលនាំមកនូវជីវិត ទៅក្នុងចិត្តរបស់អ្នកដទៃ។ ហើយទូលបង្គំដឹងថាការនេះ គឺវាត្រូវចាប់ផ្ដើមពីទូលបង្គំ។

__________________________________________________________________

កំណត់ត្រាបញ្ចប់នៃគម្រោងអាន៖ ភាពឆេះឆួលរបស់ រ៉កហ្សេន (Roxanne) នោះគឺចង់ថ្លែងពីសេចក្ដីពិត ដែលនាំមកនូវជីវិត ទៅក្នុងដួងចិត្តរបស់អ្នកដទៃ។ គាត់ស្រឡាញ់និងចូលចិត្តចែកចាយនៅតាមទីប្រជុំ និងពេលសម្រាក ដូចជាពេលបោះជុំរុំ។ គាត់ធ្លាប់ធ្វើជាម្ចាស់កម្មវិធី ក្នុងវគ្គសិក្សា បណ្ដុះបណ្ដាល និងជួយដល់មនុស្សនៅទូទាំងប្រទេស ទាំងជាអ្នកហ្វឹកហ្វឺនមួយទល់នឹងមួយផង ដើម្បីឱ្យបុគ្គលម្នាក់ៗ អាចកាន់តែចូលទៅជ្រៅជាងមុន និងក្រោកឈរឡើងជាថ្មី នៅក្នុងជីវិត។ អ្នកអាចទាក់ទងទៅគាត់  ដើម្បីជាវសៀវភៅថ្មីរបស់គាត់ ហើយទទួលបានព័ត៌មានបន្ថែមទៀត តាមរយៈ RoxanneParks.com។ គាត់ពិតជាមានកិត្តិយសណាស់ បើបានអ្នកទាក់ទងទៅរូបគាត់។ 

ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Speaking Life

ពាក្យពេចន៍ ពាក្យសម្ដី ភាសានិយាយ ពាក្យប្រកបដោយអំណាចចេស្ដា! ពាក្យសម្ដីដែលអាចស្អាងចិត្ត ឬជាពាក្យពេចន៍ដែលរំលំបំផ្លាញ។ ពាក្យសម្ដីដែលនាំមកនូវជីវិត ឬជាពាក្យពេចន៍ដែលនាំមកនូវសេចក្ដីស្លាប់។ យើងគឺជាអ្នកជ្រើសរើស។ តោះ! ចូរយើងមកវាយតម្លៃពីអំណាចដ៏សម្បើម ដែលវាមាននៅក្នុងពាក្យសម្ដីរបស់យើង។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី រ៉កហ្សេន ផាក (Roxanne Parks) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.roxanneparks.com/home.html