ថ្លែងពីអ្វីដែលឱ្យជីវិតគំរូ
ជ្រើសរើសនិយាយពីអ្វីដែលនាំមកនូវជីវិត
អ្វីដែលយើងនិយាយនោះពិតជាសំខាន់។ ពាក្យសម្ដីគឺជាថាមពលដ៏ខ្លាំងក្លាបំផុតតែមួយ ដែលមនុស្សជាតិអាចមាន។ យើងអាចជ្រើសរើសប្រើប្រាស់អំណាចនេះ ក្នុងគោលបំណងស្ថាបនា ចម្រើនដល់អ្នកដទៃ ឬបំផ្លិចបំផ្លាញមនុស្ស។ ត្រឹមតែពីរបីមាត់ប៉ុណ្ណោះ នោះអ្នកស្ដាប់អាចឈឺចាប់បាត់ទៅហើយ។ ហើយដំបៅនោះអាចទទួលនូវការព្យាបាល ប៉ុន្តែវានៅបន្សល់ស្លាកស្នាម ដែលនឹងមិនបាត់ទេ។ ពាក្យសម្ដីរបស់យើង មានអំណាចដ៏ធំធេង ក្នុងការជួយ ឬធ្វើឱ្យឈឺចាប់។ វាអាចព្យាបាល ឬឱ្យមានរបួស។ វាអាចចម្រើននរណាឱ្យខ្លាំងឡើង ឬកម្ទេចគេចោល។ វាអាចស្ថាបនា ឬបំផ្លិចបំផ្លាញ។ វាអាចធ្វើឱ្យនរណាខូចចិត្ត ឬបង្កើតជាមិត្តភាព។ វាអាចលើកទឹកចិត្ត ឬធ្វើឱ្យមនុស្សមានអារម្មណ៍ឯកោ។ វាអាចកម្សាន្តចិត្ត ឬពូកែរិះគន់។
ពាក្យសម្ដីដែលថ្លែងឡើងនៅក្នុងផ្ទះរបស់យើង មានឥទ្ធិពលយ៉ាងមហិមា និងគួរឱ្យភ្ញាក់ផ្អើល សម្រាប់សុខភាពនិងសុខុមាលភាពនាពេលអនាគត។ ឪពុកម្ដាយអាចថ្លែងចេញមកតាមអណ្ដាតខ្លួន ដូចជាកាំបិតកាត់ផ្ដាច់ជាចម្រៀកៗនៃចិត្តរបស់កូនៗ ដែលអាចនាំឱ្យពួកគេអន្តរាយ។ ហើយកូនៗអាចផ្ទុះកំហឹង និយាយស្ដីទៅដល់ឪពុកម្ដាយ ដែលភាសានោះប្រៀបបានដូចជាគ្រាប់បែក។ នៅពេលដែលយើងប្រតិកម្ម និងឆ្លើយតបចំពោះស្ថានភាពណាមួយ ដោយពាក្យសម្ដីដែលបំផ្លិចបំផ្លាញ នោះទង្វើនិងឥទ្ធិពលរបស់វា បង្កឱ្យមានផលដ៏សាហាវ ហើយអាចសម្លាប់ដល់ព្រលឹងរបស់អ្នកទទួលពីពាក្យសម្ដីទាំងនោះ។ វាងាយណាស់ ឱ្យយើងដាក់សំឡេងទៅក្នុងអារម្មណ៍និងគំនិតរបស់យើង។ តែទោះជាយ៉ាងនេះក្ដី វាតម្រូវឱ្យយើងដាច់ខាតមានកម្លាំង និងភាពថ្លៃថ្នូរ ដើម្បីឱ្យយើងអាចរៀនចេះគ្រប់គ្រងខ្លួន ហើយអាចថ្លែងចេញពីចិត្ត ក្នុងរបៀបជាវិជ្ជមាន មិនថាយើងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ ចូរឈប់ ហើយដកដង្ហើម មុននឹងអ្នកនិយាយអ្វីមួយចេញមក ជាពិសេសនៅពេលដែលអ្នកមានសភាពតានតឹងខ្លាំង។ ក្នុងនាមជាឪពុកម្ដាយ យើងត្រូវការនិយាយអ្វីដែលនាំមកនូវជីវិត ទៅកាន់កូនៗរបស់យើង គឺតាំងពីពេលពួកគាត់កើតចេញមកម្ល៉េះ។
ប្ដីប្រពន្ធត្រូវតែពិចារណាអំពីអំណាចនៃការប្រើប្រាស់ពាក្យសម្ដីរបស់ខ្លួនទៅកាន់គ្នាទៅវិញទៅមក។ មុខរបរការងាររបស់យើង ព័ត៌មានក្នុងពិភពលោក កូនៗរបស់យើង និងជីវិតរបស់យើង ជារឿយៗតែងតែនាំឱ្យយើងហត់នឿយ។ យើងត្រូវតែកសាងចំណងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសាររបស់យើង ជាមួយនឹងការស្អាងចិត្តនិងលើកទឹកចិត្តដ៏វិជ្ជមាន ដែលទាំងនោះបានមកដោយជំនឿដែលនាំមកនូវជីវិត គឺមិនមែនដោយដំបៅជីវិត ភាពថប់បារម្ភ ឬភាពភ័យខ្លាច នោះទេ។
អ្នកស្រី ចយស៍ ឡេនដហ្វ ហេសឺលី (Joyce Landorf Heatherley) បានសរសេរសៀវភៅមួយ ក្រោមចំណងជើងថា មនុស្សនៅតាមសំយ៉ាបផ្ទះ។ មានមនុស្សខ្លះ គេប្រៀបបានទៅនឹងអ្នកដែល "នៅតាមសំយ៉ាបផ្ទះ" សម្រាប់ជីវិតរបស់អ្នក។ គេគាំទ្រអ្នក ពេលអ្នកធ្វើដំណើរនៅតាមផ្លូវ។ គេស្រែកផ្ដល់កម្លាំងចិត្តដល់អ្នក ដោយប្រើពាក្យពេចន៍បញ្ជាក់ឱ្យអ្នកដឹងថាខ្លួនអ្នកជាមនុស្សបែបណា។ មានមនុស្សខ្លះទៀត គេប្រៀបដូចជា អ្នកនៅ "បន្ទប់ក្រោមដី" ដែលគេធ្វើអ្វីៗ ផ្ទុយស្រឡះពីអ្នកនៅតាមសំយ៉ាបផ្ទះ។ សៀវភៅនេះគឺចង់លើកទឹកចិត្តយើងឱ្យធ្វើដូចជា "មនុស្សនៅតាមសំយ៉ាបផ្ទះ"។ តើអ្នកជាមនុស្សនៅតាមសំយ៉ាបផ្ទះ? ឬជាមនុស្សនៅតាមបន្ទប់ក្រោមដី?
គម្រោងផែនការអាក្រក់របស់អារក្សសាតាំង គឺវាចង់ឱ្យយើងមើលងាយពីអំណាចនៃពាក្យសម្ដីរបស់យើង។ ដោយសារតែធម្មជាតិរបស់វាគឺតែងតែបំផ្លិចបំផ្លាញ។ កិច្ចការរបស់វាគឺតែងតែនាំឱ្យពាក្យសម្ដីរបស់យើងរត់ទៅរកទិសដៅអវិជ្ជមានជានិច្ច។ ចូរកុំអនុញ្ញាតឱ្យវាបានជោគជ័យតាមរយៈអ្នកឡើយ! វាដឹងថាពាក្យសម្ដីរបស់អ្នក មិនមែនគ្មានអំណាច ឬគ្មានអត្ថន័យអ្វី នោះឡើយ។ ពាក្យសម្ដីរបស់អ្នកមានអំណាច ប្រកបដោយភាពច្នៃបង្កើត គឺប្រៀបដូចជាអ្វីដែលព្រះជាម្ចាស់បានបង្ហាញ នៅពេលដែលព្រះអង្គបានបង្កើតផ្ទៃមេឃនិងផែនដី តាមរយៈព្រះបន្ទូលរបស់ព្រះអង្គអញ្ចឹង។ ឥឡូវនេះ អ្នកមានសិទ្ធិអំណាច ដើម្បីធ្វើកិច្ចការនោះដូចគ្នា នៅលើផែនដីនេះ។
ចូរគិតពិចារណាពីការពិត ថាពាក្យសម្ដីរបស់អ្នកមានអំណាចដ៏ខ្លាំងក្លា។ អ្នកមានអំណាចក្នុងការជះឥទ្ធិពល ហើយផ្លាស់ប្រែជីវិតរបស់មនុស្សគ្រប់រូប ដែលពួកគេស្ថិតនៅរួមជាមួយនឹងអ្នក… ដែលអ្នកទាំងនោះ ជា ក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង ហើយនិងមនុស្សចម្លែកដែលដើរកាត់ជីវិតរបស់អ្នក។ វាជាជម្រើសរបស់អ្នក ក្នុងការប្រើប្រាស់ ពាក្យសម្ដីដែលជំរុញទឹកចិត្ត ស្ថាបនា ឬបំផ្លិចបំផ្លាញនិងបំបាក់បំបែក។ ចូរចងចាំថា អ្វីដែលបានថ្លែងចេញមកហើយ វាមិនអាចដកយកមកវិញបានទេ។
ចូរយកចិត្តទុកដាក់ចំពោះភាសារបស់អ្នក។
ចូរជ្រើសរើសនិយាយពីអ្វីដែលនាំមកនូវជីវិត!
សូមសញ្ជឹងគិតពិចារណា៖
ចូរគិតពិចារណាអំពីអំណាចនៃពាក្យពេចន៍នីមួយៗរបស់អ្នក ថាវាជួយស្អាងចិត្ត ជួយលើកទឹកចិត្ត ឬវាកម្ទេច និងបំផ្លាញ។ តើអ្នកអាចប្រឹងប្រែងរួមធ្វើបន្ថែមទៀត ក្នុងការនិយាយអ្វីដែលនាំមកនូវជីវិត ទៅកាន់មនុស្សដទៃ បានដោយរបៀបណា?
សេចក្ដីអធិស្ឋាន៖
ឱ ព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យចេះដឹងពីពាក្យនីមួយៗដែលនឹងបញ្ចេញពីមាត់របស់ទូលបង្គំ។ សូមបង្រៀនទូលបង្គំឱ្យនិយាយពីសេចក្ដីពិត ដែលនាំមកនូវជីវិត ទៅក្នុងដួងចិត្តរបស់អ្នកដទៃ។
អំពីគម្រោងអាននេះ
ពាក្យពេចន៍ ពាក្យសម្ដី ភាសានិយាយ ពាក្យប្រកបដោយអំណាចចេស្ដា! ពាក្យសម្ដីដែលអាចស្អាងចិត្ត ឬជាពាក្យពេចន៍ដែលរំលំបំផ្លាញ។ ពាក្យសម្ដីដែលនាំមកនូវជីវិត ឬជាពាក្យពេចន៍ដែលនាំមកនូវសេចក្ដីស្លាប់។ យើងគឺជាអ្នកជ្រើសរើស។ តោះ! ចូរយើងមកវាយតម្លៃពីអំណាចដ៏សម្បើម ដែលវាមាននៅក្នុងពាក្យសម្ដីរបស់យើង។
More