ប្រោសលោះក្ដីស្រមៃគំរូ
មាននូវឃ្លាមួយ ក្នុងសេចក្ដីអធិស្ឋានឱ្យចិត្ដស្ងប់ ដែលជាធម្មតាគេអធិស្ឋានតាមលំនាំ ១២ ជំហានពេលប្រជុំ ដោយយើងទូលសូមព្រះជាម្ចាស់ឱ្យជួយដល់យើង ដើម្បីទទួលស្គាល់ "ទុក្ខលំបាក ថាជាផ្លូវដើរទៅរកក្ដីសុខសាន្ត ទាំងទទួលយក ដូចអ្វីដែលព្រះយេស៊ូវបានធ្វើ ថាពិភពលោកនេះជាកន្លែងមានបាប ទោះបីជាយើងមិនចង់បានដូច្នោះក៏ដោយ"។
ឃ្លានោះតែងដក់ជាប់ក្នុងចិត្ដខ្ញុំ ដោយសារតែភាគច្រើន ខ្ញុំបានចំណាយកម្លាំងកាយចិត្ដ ប្រឹងព្យាយាមជួសជុល និងគ្រប់គ្រងស្ថានភាព និងមនុស្សដែលនៅជុំវិញខ្ញុំ ដើម្បីបង្កើតរូបភាពនៃជីវិត តាមអ្វីដែលខ្ញុំចង់បាន... ខ្ញុំបានខ្នះខ្នែងឱ្យវាបានក្លាយទៅជាការពិត ឱ្យបានដូចជាក្ដីស្រមៃរបស់ខ្ញុំ។ ជាក់ច្បាស់ ការនេះមិនដូចតាមអ្វីខ្ញុំគិតនោះឡើយ។
ក្រោយរឿងហេតុបន្ទាប់ពីការលែងលះរបស់ខ្ញុំ នោះខ្ញុំបានបាត់បង់ផ្ទះ កាតឥណទានរបស់ខ្ញុំបាត់បង់តម្លៃ ហើយអ្វីៗមានអារម្មណ៍ថា ពីមួយទៅមួយ គឺរាល់សំណាញ់នៃសុខសុវត្ថិភាព ដែលខ្ញុំធ្លាប់រៀបចំទុកសម្រាប់ខ្លួនឯង ហើយនិងជីវិតដែលខ្ញុំព្យាយាមកសាង នោះត្រូវរលាយបែកបាក់អស់គ្មានសល់។ ជីវិតដែលខ្ញុំធ្លាប់គិតស្រមៃថាមាន បែរទៅជាមិនបានដូចបំណងទៅវិញ។
មកដល់គ្រាមួយ ខ្ញុំបានរកឃើញថាខ្លួនខ្ញុំពិតជាពេញដោយទុក្ខសោកក្រៀមក្រំ ហើយខ្ញុំបានស្រែកអង្វរទៅព្រះថា៖ «អ្វីដែលទូលបង្គំធ្លាប់គិត វាមិនអាចកើតឡើងទាល់តែសោះ»។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់។ រួចបន្ទាប់មក ព្រះអង្គបានមានបន្ទូលមកកាន់ដួងចិត្ដរបស់ខ្ញុំ។
បិតាបានសង្គ្រោះកូនហើយ។
ភាពឆ្គងនៃឃ្លាមួយនេះ ស្ដាប់ហើយសឹងតែគួរឱ្យអស់សំណើច។ គ្មានអ្វីមួយដែលខ្ញុំបានឆ្លងកាត់ហើយ អាចយកទៅប្រៀបស្មើនឹងភាពដែលខ្ញុំទទួលបានការសង្គ្រោះទាល់តែសោះ។
កូន ហរមុនី អើយ បិតាបានសង្គ្រោះកូនពីនិម្មិតនៃក្ដីសុបិនរបស់កូន... បិតានឹងប្រោសលោះក្ដីស្រមៃនោះ។
សេចក្ដីសន្យានេះ ដែលថាព្រះជាម្ចាស់ទ្រង់ប្រោសលោះក្ដីស្រមៃ នោះគឺថា ព្រះអង្គនឹងស្ដារក្រុមគ្រួសារមកឱ្យខ្ញុំវិញ ថែមទាំងផ្ដល់ក្ដីសង្ឃឹម ដោយឱ្យខ្ញុំបានដឹងថា រដូវកាលដែលខ្ញុំកំពុងតែស្ថិតនៅ នោះវាមិននៅអញ្ចឹងរហូតឡើយ។
ខ្ញុំយល់ដឹងថាព្រះជាម្ចាស់គឺជាព្រះដែលប្រោសលោះ។ ជាដំបូងឡើយ ព្រះអង្គបានប្រោសលោះរឿងសោកសង្រេង ពេញដោយភាពឈឺចាប់ និងការកេងប្រវ័ញ្ច ដែលខ្ញុំធ្លាប់ឆ្លងកាត់ ហើយថែមទាំងបានប្រើប្រាស់រឿងនោះ ដើម្បីជួយឱ្យខ្ញុំអាចឈោងចាប់ដល់មនុស្សដទៃ តាមរយៈព័ន្ធកិច្ច អ្នកជាកំណប់។ នៅថ្ងៃនេះ បួនប្រាំឆ្នាំបន្ទាប់ពីការលែងលះរួចរាល់ហើយ នោះខ្ញុំអាចប្រាប់ដល់អ្នកថា ព្រះអង្គបានប្រោសលោះក្ដីសុបិនរបស់ខ្ញុំ ដោយអនុញ្ញាតឱ្យខ្ញុំបានស្ដារនូវក្រុមគ្រួសាររបស់ខ្ញុំឡើងវិញមែន។ នៅក្នុងខែ មីនា ឆ្នាំ ២០១៤ ខ្ញុំបានរៀបការជាមួយបុរសដ៏ល្អប្រពៃមួយរូប។ គាត់គឺជាបុរសអស្ចារ្យ ពេញដោយក្ដីស្រឡាញ់ និងជាឪពុកទី ២ ទៅដល់កូនស្រីរបស់ខ្ញុំ! នៅក្នុងខែ មករា ឆ្នាំ ២០១៨ យើងទទួលបានព្រះពរ ជាកូនប្រុស ដែលវត្ដមានរបស់កូននេះ បាននាំអំណរយ៉ាងហូរហៀរ មកដល់ក្រុមគ្រួសាររបស់យើង។
ខ្ញុំស្រឡាញ់រឿងរបស់ លោក យ៉ូសែប ដោយព្រោះតែរឿងគាត់បង្ហាញពីម្ចាស់នៃសុបិន ដែលជាអ្នកបានទុកចិត្ដលើព្រះជាម្ចាស់ ទោះបីជាពេលខ្លះ សុបិនទាំងនោះ វាបានខ្ចាត់ខ្ចាយ។ គាត់ត្រូវបានក្រុមគ្រួសាររបស់គាត់ក្បត់គាត់។ គាត់ត្រូវបានគេបោះបង់ចោល។ គាត់ត្រូវបានគេយកទៅធ្វើជាទាសករ។ គាត់ត្រូវបានគេចាប់ដាក់គុក។ ហើយគាត់ត្រូវបានគេបំភ្លេចចោលទៀត។ ឆ្លងកាត់រាល់គ្រប់កាលៈទេសៈទាំងប៉ុន្មាន ព្រះជាម្ចាស់បន្តនៅជាមួយនឹង លោក យ៉ូសែប។ ជាចុងបញ្ចប់ សេចក្ដីពិតរបស់គាត់ នោះគឺថាព្រះជាម្ចាស់បានឱ្យគាត់ងើបឡើងខ្ពស់ លើសពីស្ថានភាពទាំងឡាយរបស់គាត់ ថែមទាំងអាចឱ្យគាត់សង្គ្រោះក្រុមគ្រួសាររបស់គាត់ ហើយនិងមនុស្សពាសពេញស្រុកអេស៊ីព្ទទាំងមូល ពីគ្រោះទុរ្ភិក្ស។ ព្រះជាម្ចាស់បានប្រើប្រាស់គ្រប់ផ្នែក គ្មានខ្វះចន្លោះនៅក្នុងដំណើររឿងជីវិតរបស់ យ៉ូសែប សម្រាប់ការល្អ! ព្រះជាម្ចាស់ពិតជាបានប្រោសលោះក្ដីសុបិនមែន។
ខ្ញុំឆ្ងល់ដែរ ចុះបើ យ៉ូសែប គាត់ទទួលរងការល្បង ហើយបោះបង់ចោលក្ដីសុបិននោះ តើនឹងមានរឿងអ្វីកើតឡើងទៅវិញ? តែមិនដូច្នោះទេ យ៉ូសែបបានបន្តនៅស្មោះត្រង់នៅក្នុងគ្រប់រាល់រដូវកាល ហើយនិងស្ថានភាព ទាំងបានអនុញ្ញាតឱ្យព្រះប្រើប្រាស់គាត់ ហើយបន្តថែក្ដីស្រមៃ ក្ដីសុបិន របស់គាត់ជានិច្ច។ ហេតុដូចនេះ ប្រជាជាតិមួយត្រូវបានទទួលការសង្គ្រោះ ដោយសារតែភាពស្មោះត្រង់របស់គាត់។
ខ្ញុំមិនដឹងថាអ្នកកំពុងតែឆ្លងកាត់អ្វីឡើយ។ ហើយខ្ញុំក៏មិនដឹងថាអ្នកធ្លាប់រងវិបត្តិបញ្ហាប្រភេទណាខ្លះ ឬការវាយប្រហារណាមួយ ចំពោះក្ដីប៉ងប្រាថ្នាដែលព្រះបានដាក់សម្រាប់ជីវិតរបស់អ្នកដែរ។ ប៉ុន្តែនេះជាអ្វីដែលខ្ញុំដឹង—ព្រះជាម្ចាស់គឺជាព្រះដ៏ប្រោសលោះ។ ព្រះអង្គទ្រង់ស្មោះត្រង់។ ក្នុងខណៈពេលដែលអ្នកបន្តនៅរក្សាក្ដីស្រមៃ ក្ដីសុបិន ចិត្ដប៉ងប្រាថ្នា នោះចូរឱ្យអ្នកបន្តទុកចិត្ដ ហើយបន្តមានភាពអំណត់អត់ធ្មត់…
ព្រះជាម្ចាស់នឹងប្រោសលោះក្ដីសុបិនរបស់អ្នក។
កំណត់ត្រាពី អ្នកស្រី ហម៉ូនី (Harmony)៖
ខ្ញុំសង្ឃឹមថាអ្នកបានរីករាយជាមួយនឹងគម្រោងអានស្មឹងស្មាធិ៍នេះ! ខ្ញុំនៅចង់បន្តលើកទឹកចិត្ដដល់អ្នក ឱ្យរស់នៅដោយមានសេរីភាព ហ៊ានមានក្ដីស្រមៃដ៏ធំធេង ហើយនិងធ្វើការល្អប្រពៃ! ខ្ញុំសូមអញ្ជើញអ្នកមករកមើល ប្លុកសារ របស់ខ្ញុំ តាមរយៈ https://harmonygrillo.com/">www.HarmonyGrillo.com. ដើម្បីស្វែងយល់បន្ថែមពី ព័ន្ធកិច្ច អ្នកជាកំណប់ សូមចូលមើលតាមតំណភ្ជាប់ https://www.iamatreasure.com/">www.iamatreasure.com ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នកនឹងធ្វើអ្វីវិញប្រសិនបើក្ដីស្រមៃរបស់អ្នកមើលទៅហាក់បីដូចជាកន្លងហួសទៅឆ្ងាយ ឬត្រូវកម្ចាត់កម្ចាយនោះ? ដោយបានយកឈ្នះលើរឿងបំពាននិងរបួសនៃជីវិត ក៏ដូចជាបានឈឺចាប់ក្នុងរឿងលែងលះគ្នា នោះខ្ញុំបានមកប្រឈមជាមួយនឹងសំណួរនេះ ម្ដងហើយម្ដងទៀត។ មិនថាអ្នកកំពុងតែទទួលរងនឹងភាពមហន្តរាយនៃសោកនាដកម្ម ឬការបាត់បង់ ឬភាពស្មុគស្មាញនៃគ្រាទន្ទឹងរង់ចាំយូរប៉ុណ្ណានោះឡើយ ចូរឱ្យដួងចិត្ដនិងក្ដីស្រមៃមកពីព្រះ របស់អ្នក បានបន្តមានជីវិតរស់ឡើងវិញជាថ្មីទៅ! មិត្ដអើយ ដល់ពេលដែលអ្នកត្រូវមានក្ដីស្រមៃសាជាថ្មីហើយ។
More