ប្រោសលោះក្ដីស្រមៃគំរូ
សេចក្ដីជំនឿមិននាំឱ្យយើងស៊ាំនឹងទុក្ខលំបាកនៃជីវិតឡើយ។ គ្រាទាំងនោះមានដូចជាពេលយើងបាត់បង់ការងារ ដួងចិត្ដយើងជាប់មានដំបៅ ឬមនុស្សជាទីស្រឡាញ់របស់យើងត្រូវព្រាត់បាត់ទៅ មុនកាលកំណត់របស់គាត់។
ពេលវេលាអស់ទាំងនោះ គឺសុទ្ធតែជាគ្រាដែលនាំឱ្យយើងត្រូវចេះទន្ទឹងចាំ (គឺចាំហើយចាំទៀត) ក្នុងក្ដីប៉ងប្រាថ្នា ដោយសម្លឹងមើលថាថ្ងៃណាវានឹងបានជាផ្លែផ្កា។ ដូចក្ដីស្រមៃថានឹងបានកូន បានរៀបការ ឬបានស្ដារនូវទំនាក់ទំនងសាជាថ្មី។ ក្ដីប្រាថ្នាចង់ឃើញថាមនុស្សជាទីស្រឡាញ់ណាម្នាក់បានយកឈ្នះលើជំងឺ ឬភាពញៀនរបស់គាត់។ ក្ដីប្រាថ្នាចង់បានសម្រាកពីការមើលថែទាំ។ ដួងចិត្ដយើងបានជាប់ក្នុងភាពឈឺចាប់ ដោយការទន្ទឹងរង់ចាំសម្រាប់អ្វីៗដែលយើងមិនទាន់ទទួលបាន។ មានពេលខ្លះ យើងឈឺចុកចាប់អស់រយៈពេលយ៉ាងយូរ រហូតដល់ក្ដីសង្ឃឹមរបស់យើងអន់ថយចុះបន្តិចម្ដងៗ និងប្រហែលរហូតដល់យើងឈប់មានក្ដីប៉ងប្រាថ្នាតែម្ដង ដើម្បីកុំឱ្យយើងកើតមានការឈឺចាប់ទ្រាំលែងបានតទៅទៀត។
ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះក្ដីប៉ងប្រាថ្នារបស់យើង។ និយាយឱ្យត្រង់ទៅ ព្រះអង្គបានដាក់ "ក្ដីប៉ងប្រាថ្នារបស់ព្រះអង្គ" នៅក្នុងដួងចិត្ដនីមួយៗរបស់យើង។ ប៉ុន្តែប្រសិនបើខ្ញុំធ្លោយទៅប្រាថ្នាអ្វីឱ្យលើសពីព្រះ ដែលព្រះអង្គជាម្ចាស់ផ្ដល់នូវក្ដីប្រាថ្នា នោះក្ដីស្រមៃនិងចិត្ដប៉ងប្រាថ្នារបស់ខ្ញុំ បានក្លាយទៅជាព្រះក្លែងក្លាយមួយនៅក្នុងជីវិតរបស់ខ្ញុំទៅវិញ។
នៅពេលខ្ញុំមានអាយុ ២ ឆ្នាំ នោះខ្ញុំធ្លាប់គិតប្រាថ្នាចង់ក្លាយទៅជាអ្នកដើរតួគុនដ៏ល្បីល្បាញម្នាក់។ ក្នុងរបៀបជាកូនក្មេង ខ្ញុំបានចំណាយពេលយ៉ាងច្រើនម៉ោងសម្លឹងមើលទៅក្នុងកញ្ចក់ ដើម្បីបង្កើតតួអង្គជាច្រើនរូប។ ការរំលោភបំពាននិងការកេងប្រវ័ញ្ចបាននាំឱ្យខ្ញុំវាងចេញឆ្ងាយពីក្ដីប៉ងប្រាថ្នាទាំងប៉ុន្មានរបស់ខ្ញុំ បូករួមទាំងការចង់ធ្វើជាតារាល្បី។ នៅពេលខ្ញុំបានចាប់ផ្ដើមដើរជាមួយព្រះយេស៊ូវ នោះខ្ញុំបានសម្រេចចិត្ដដេញតាមការសម្ដែងសាជាថ្មី។
ខ្ញុំបានគេកក់នៅច្រើនទីកន្លែងការងារ និងមានពេលវេលាដ៏អស្ចារ្យ ក្នុងការបង្កើតអាជីព ប៉ុន្តែពេលភ្លាមៗបន្ទាប់មក ខ្ញុំក៏ចាប់ផ្ដើមដឹងថាព្រះជាម្ចាស់មានគោលបំណង ផ្ដល់ក្ដីស្រមៃផ្សេង សម្រាប់ជីវិតរបស់ខ្ញុំ ជាជាងក្ដីប៉ងប្រាថ្នាដែលខ្ញុំកំពុងតែបានរត់ដេញតាមនេះ។
ប្រសិនបើខ្ញុំនិយាយឱ្យស្មោះ ក្ដីប៉ងប្រាថ្នារបស់ខ្ញុំដែលចង់ក្លាយទៅជាតារា នោះគឺវាដោយសារតែខ្ញុំចង់ទទួលបានអារម្មណ៍ ថាខ្ញុំគឺជាមនុស្សសំខាន់។ ព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យខ្ញុំស្វែងរកតម្លៃរបស់ខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយការទទួលស្គាល់និងការផ្ដោតអារម្មណ៍ តាមរយៈការក្លាយទៅជាតារាម្នាក់នោះទេ។ ខ្ញុំក៏បានចាប់ផ្ដើមយល់ថាព្រះអង្គសព្វព្រះទ័យឱ្យខ្ញុំប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ ពីអតីតកាល ដើម្បីនាំនូវក្ដីសង្ឃឹមនិងសេរីភាពទៅដល់មនុស្សដទៃផ្សេងទៀត។
ខ្ញុំក៏សម្រេចចិត្ដដើរតាមក្ដីប៉ងប្រាថ្នារបស់ព្រះ សម្រាប់ជីវិតរបស់ខ្ញុំ ហើយនៅក្នុងឆ្នាំ ២០០៣ ខ្ញុំបានផ្ដើមព័ន្ធកិច្ច អ្នកគឺជាកំណប់ ដែលនោះមានដូចជាក្រុមឈោងចាប់ និងក្រុមអ្នកគាំទ្រដល់មនុស្សត្រូវបានគេរំលោភបំពានផ្លូវភេទ និងរងការជួញដូរ។ ជារៀងរាល់ថ្ងៃ ខ្ញុំបានមើលឃើញពីជីវិតដែលទទួលបានការប៉ះពាល់ ដោយហេតុថា ខ្ញុំបានសម្រេចចិត្ដដើរតាមក្ដីប៉ងប្រាថ្នារបស់ព្រះសម្រាប់ជីវិតរបស់ខ្ញុំ! ប្រសិនបើខ្ញុំនៅបន្តតោងក្ដីស្រមៃ ក្ដីប៉ងប្រាថ្នារបស់ខ្ញុំ ក្នុងនាមជាតារាម្នាក់ ឬក៏ធ្ងន់ធ្ងរជាងនេះ យករូបខ្ញុំផ្ទាល់ធ្វើជារូបព្រះសំណាក នោះខ្ញុំប្រាកដជាបាត់បង់ក្ដីប៉ងប្រាថ្នាដែលព្រះបានប្រាថ្នាឱ្យខ្ញុំមាននោះហើយ!
ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ដល់យើងរាល់គ្នា ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះក្ដីប៉ងប្រាថ្នារបស់យើង។ ព្រះអង្គយកព្រះទ័យទុកដាក់ រហូតដល់ព្រះអង្គហ៊ានបង្វែរគោលដៅរបស់យើង ឱ្យចេញឆ្ងាយពីអ្វីដែលយើងគិតថាយើងចង់បាន ដើម្បីឱ្យព្រះអង្គអាចដឹកនាំយើងចូលទៅរកឃើញអ្វីដែលព្រះអង្គមានសម្រាប់យើងវិញ។
អ្នកមាននូវក្ដីប៉ងប្រាថ្នារបស់ព្រះ សម្រាប់ជីវិតរបស់អ្នក។ វាប្រហែលជាអ្វីដែលអ្នកកំពុងតែដើរឆ្ពោះតម្រង់ទៅរកនោះហើយ ឬក៏អាចជាអ្វីដែលអ្នកមិនដែលធ្លាប់រំពឹងគិតទាល់តែសោះ។ ខ្ញុំជឿថាក្នុងខណៈពេលដែលអ្នកកាន់នូវគម្រោងផែនការនិងក្ដីប៉ងប្រាថ្នា ជាមួយនឹងដៃរបស់អ្នកលាតសន្ធឹង ហើយនិងទុកចិត្ដដល់ព្រះអង្គតាមដំណើរ នោះព្រះអង្គនឹងដឹកនាំអ្នកឱ្យអាចទៅដល់អ្វីដ៏ពេញលេញ ដែលព្រះអង្គបានរក្សានិងរៀបចំទុកសម្រាប់រូបអ្នក នោះជាក់ជាមិនខាន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នកនឹងធ្វើអ្វីវិញប្រសិនបើក្ដីស្រមៃរបស់អ្នកមើលទៅហាក់បីដូចជាកន្លងហួសទៅឆ្ងាយ ឬត្រូវកម្ចាត់កម្ចាយនោះ? ដោយបានយកឈ្នះលើរឿងបំពាននិងរបួសនៃជីវិត ក៏ដូចជាបានឈឺចាប់ក្នុងរឿងលែងលះគ្នា នោះខ្ញុំបានមកប្រឈមជាមួយនឹងសំណួរនេះ ម្ដងហើយម្ដងទៀត។ មិនថាអ្នកកំពុងតែទទួលរងនឹងភាពមហន្តរាយនៃសោកនាដកម្ម ឬការបាត់បង់ ឬភាពស្មុគស្មាញនៃគ្រាទន្ទឹងរង់ចាំយូរប៉ុណ្ណានោះឡើយ ចូរឱ្យដួងចិត្ដនិងក្ដីស្រមៃមកពីព្រះ របស់អ្នក បានបន្តមានជីវិតរស់ឡើងវិញជាថ្មីទៅ! មិត្ដអើយ ដល់ពេលដែលអ្នកត្រូវមានក្ដីស្រមៃសាជាថ្មីហើយ។
More