ប្រោសលោះក្ដីស្រមៃគំរូ

Dreams Redeemed

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

ការខកចិត្ដនិងភាពឈឺចាប់ជារបៀបមួយដែលនាំឱ្យសេចក្ដីល្បួងទទួលបានសម្ភារៈបញ្ឆេះ។ វានាំឱ្យយើងងាយនឹងធ្លាប់ទៅក្នុងទីទន់ខ្សោយទាំងឡាយរបស់យើង។ មិនថាជាការញែកខ្លួនឱ្យនៅតែឯង ការទទួលទានចំណីច្រើនជ្រុល ការដើររួមភេទផ្ដេសផ្ដាស ឬពិសាស្រាលើសកំណត់នោះទេ ចិត្ដប៉ងប្រាថ្នារបស់យើង ដូចជាបានទទួលថ្នាំស្ពឹក ឬបានរត់គេចចេញពីភាពឈឺចាប់ រហូតដល់នាំឱ្យយើងសម្រប (គិតអ្វីឱ្យតែស្រួល) ចំពោះគ្រប់រឿង។ យើងផ្ដើមនិយាយប្រាប់ខ្លួនឯងថា យើងសក្ដិសមទទួលបានអ្វីល្អប្រសើរជាងនេះទៅទៀត។

នៅពេលដែលយើងកំពុងឈឺចាប់ យើងងាយលះបង់ចោលក្ដីស្រមៃសម្រាប់អ្វីៗដែលអាចទទួលបាននាពេលបច្ចុប្បន្នវិញ។ ភាពសុខស្រួលតាមទង្វើបាបរបស់យើង នាំចិត្ដយើងឱ្យឃ្លាតឆ្ងាយ ហើយស្ថិតនៅក្នុងស្ថានភាពរាក់កំផែល រហូតដល់នាំឱ្យយើងហិនវិនាសយ៉ាងឃោរឃៅ។

មានវគ្គក្នុងរឿងអូប៉េរ៉ា (ល្ខោន) ដ៏ល្បីមួយ ក្រោមចំណងជើងថា ឡា បូមី (La Boehme) ដែលមានបុរសពីរនាក់កំពុងតែរងទុក្ខដោយសារអាកាសធាតុដ៏ត្រជាក់នៅក្នុងទីក្រុង ប៉ារីស។ មានម្នាក់ក្នុងចំណោមពីរនាក់នោះ គាត់គឺជាកវីនិពន្ធ។ គាត់បានចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីផលិតស្នាដៃសំណេរ។ ដោយសីតុណ្ហភាពត្រជាក់ពេក គាត់មិនអាចផ្ដោតចិត្ដទៅលើសំណេររបស់គាត់បានតទៅទៀតទេ។

ទាំងគ្មានលុយសម្រាប់ទិញធ្យូង ឬអុស ដើម្បីដុតកម្ដៅបន្ទប់ និងនៅក្នុងគ្រាត្រូវការយ៉ាងអន្ទះអន្ទែង នោះកវីនោះបានបោះរាល់ស្នាដៃដែលគាត់បានតាក់តែងទាំងប៉ុន្មានចូលទៅក្នុងពំនូកភ្លើង។ តែមួយពព្រិចភ្នែក ក្រដាសសំណេរមួយដុំធំរបស់គាត់ ត្រូវភ្លើងឆាបឆេះអស់ទៅជាផេះ។

កវីនិពន្ធម្នាក់នេះ បានលះបង់ចោលក្ដីស្រមៃ ដែលជាអ្វីៗទាំងអស់ដែលគាត់ធ្លាប់បានប្រឹងប្រែងធ្វើយ៉ាងលំបាក ដើម្បីឱ្យបានកម្ដៅ ដែលជាភាពស្រណុកស្រួលតែមួយភ្លែតទៅវិញ។ គាត់បានចុះចាញ់។ 

យើងឃើញពីដំណើរសាច់រឿងនេះ ដូចគ្នាទៅនឹងរឿងរបស់ អេសាវ ដែលមានចែងនៅក្នុងគម្ពីរ លោកុប្បត្តិ។ ទាំងហត់ល្ហិតល្ហៃ ទាំងស្រេកឃ្លានជាខ្លាំង គាត់បានត្រឡប់មកផ្ទះវិញ រួចក៏ធុំក្លិនសម្លសណ្ដែក។ ដោយតម្រូវការចិញ្ចឹមជីវិតយ៉ាងអន្ទះអន្ទែង អេសាវបានលក់សិទ្ធិជាកូនច្បង ដែលនោះជាឯកសិទ្ធិទាំងប៉ុន្មាន បូករួមទាំងសិទ្ធិអំណាចនិងកេរ្តិ៍មរតក ក្នុងនាមជាកូនច្បង។ គាត់ដោះដូរអ្វីអស់ទាំងនេះជាមួយនឹងសម្លមួយចាន។ គាត់បានលះបង់អនាគតទាំងមូលរបស់គាត់ សម្រាប់ភាពស្កប់ចិត្ដមួយភ្លែត ដើម្បីឱ្យក្រពះរបស់គាត់បានឆ្អែតមួយគ្រា។ 

សូមស្ដាប់ ខ្ញុំក៏យល់ដែររឿងអញ្ចឹង។ 

ខ្ញុំក៏ប្រឈមនឹងការល្បួងដោយបំពេញអ្វីៗទៅតាមអារម្មណ៍របស់ខ្ញុំ នៅពេលដែលខ្ញុំកំពុងសោយសោក (មានពេលជាច្រើន ដែលខ្ញុំយល់ព្រមចុះចាញ់!)។  បន្ទាប់ពីខ្ញុំបានលែងលះគ្នា នោះភាពឯកោបាននាំឱ្យខ្ញុំធ្លាក់ក្នុងសេចក្ដីល្បួង ដោយគិតសម្របទាំងទម្លាក់ស្តង់ដារនៃការចែចង់គ្នា។ តែអរគុណព្រះ ខ្ញុំមិនបានធ្លាក់ទៅក្នុងសេចក្ដីល្បួងទេ ប៉ុន្តែ ប៊ិះដែរហ្នឹង។ 

នៅពេលដែលខ្ញុំកំពុងតែបាត់បង់ផ្ទះរបស់ខ្ញុំ ហើយឆិតនឹងអស់ប្រាក់កាសទាំងប៉ុន្មាន នោះមានអ្នកជិតខាងរបស់ខ្ញុំម្នាក់ គាត់បានហៅខ្ញុំឱ្យទៅធ្វើការ ដែលប្រាក់ខែបានដល់ទៅខ្ទង់ពាន់និងម៉ឺន ក្នុងមុខរបរជាអ្នកលក់ថ្នាំឱសថ។ ខ្ញុំហៀបនឹងទទួលយកការងារនោះបាត់ទៅហើយ។ ប៉ុន្តែ ប្រសិនបើខ្ញុំធ្វើដូច្នោះមែន នោះមានន័យថាខ្ញុំទុករឿងព័ន្ធកិច្ចអ្នកជាកំណប់ ទៅលើធ្នើរបាត់ហើយ។ រឿងស្រណុកសុខស្រួលតែមួយគ្រា ដោយភាពកក់ក្ដៅ និងមានស្ថិរភាពខាងផ្នែកថវិកា វាមិនស្មើនិងសមឱ្យយើងបោះបង់គោលបំណងដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យយើងធ្វើនោះឡើយ។  

មានពេលខ្លះ ក្ដីប៉ងប្រាថ្នាពីព្រះ តម្រូវឱ្យយើងចេះហ៊ានលះបង់។ ដូចអ្វីដែលជាលទ្ធផល ព្រះជាម្ចាស់យកព្រះទ័យចំពោះចរិតលក្ខណៈរបស់យើង ជាជាងកម្រិតនៃភាពស្រណុកសុខស្រួលរបស់យើងទៅទៀត។

យើងអាចអនុញ្ញាតឱ្យការលំបាកទាំងប៉ុន្មានកសាងចរិតលក្ខណៈរបស់យើង ឬឱ្យវាមកបំបែកយើងបាន។ យើងអាចលះបង់ចោលក្ដីស្រមៃប៉ងប្រាថ្នា ដើម្បីបានអ្វីៗក្នុងពេលបច្ចុប្បន្ន ឬក៏យើងតស៊ូអត់ធ្មត់ ហើយអនុញ្ញាតឱ្យការស៊ូទ្រាំនោះ ពង្រឹងចរិតលក្ខណៈរបស់យើង និងកសាងភាពពេញវ័យនៅក្នុងរូបយើងវិញ។ 

ចូរកុំចុះចាញ់លើក្ដីស្រមៃប៉ងប្រាថ្នារបស់អ្នកជួសអ្វីដែលបានមួយភ្លែត មួយគ្រា នោះអី។ ចូរកុំអនុញ្ញាតឱ្យការឈឺចាប់ ឬការខកចិត្ដបង្កឱ្យអ្នកលះចោលក្ដីស្រមៃរបស់អ្នក ដោយប្ដូរវាជាមួយនឹងសំណងប៉ះពារនិងការបានកម្សាន្តតែមួយគ្រានោះឡើយ។ ចូរកុំចុះចាញ់។ មានរឿងអស្ចារ្យយ៉ាងអនេកអាចរសាត់បាត់ទៅ។

មានសេរីភាពនៅទីម្ខាងទៀតនៃភាពស្មោះត្រង់របស់អ្នក។ ទាំងសម្រាប់រូបអ្នកផ្ទាល់ ហើយនិងសម្រាប់អស់ទាំងមនុស្សដែលនឹងត្រូវទទួលបានផលប៉ះពាល់ពីអ្នក នៅពេលដែលអ្នករស់នៅពេញដោយគោលបំណងជីវិត!

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Dreams Redeemed

តើអ្នកនឹងធ្វើអ្វីវិញប្រសិនបើក្ដីស្រមៃរបស់អ្នកមើលទៅហាក់បីដូចជាកន្លងហួសទៅឆ្ងាយ ឬត្រូវកម្ចាត់កម្ចាយនោះ? ដោយបានយកឈ្នះលើរឿងបំពាននិងរបួសនៃជីវិត ក៏ដូចជាបានឈឺចាប់ក្នុងរឿងលែងលះគ្នា នោះខ្ញុំបានមកប្រឈមជាមួយនឹងសំណួរនេះ ម្ដងហើយម្ដងទៀត។ មិនថាអ្នកកំពុងតែទទួលរងនឹងភាពមហន្តរាយនៃសោកនាដកម្ម ឬការបាត់បង់ ឬភាពស្មុគស្មាញនៃគ្រាទន្ទឹងរង់ចាំយូរប៉ុណ្ណានោះឡើយ ចូរឱ្យដួងចិត្ដនិងក្ដីស្រមៃមកពីព្រះ របស់អ្នក បានបន្តមានជីវិតរស់ឡើងវិញជាថ្មីទៅ! មិត្ដអើយ ដល់ពេលដែលអ្នកត្រូវមានក្ដីស្រមៃសាជាថ្មីហើយ។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់អ្នកស្រី ហម៉ូនី ហ្រ្គីឡូ (Harmony Grillo - ព័ន្ធកិច្ច ខ្ញុំគឺជាកំណប់) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://harmonygrillo.com