ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើងគំរូ

Jesus: Our Banner of Victory

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ជ័យជម្នះនៅលើសេចក្ដីល្បួង

យើងមិនចាំបាច់មាននរណាម្នាក់ មករំឭកយើងឱ្យដឹង ថាសេចក្ដីល្បួងកើតឡើង ឬក៏អត់នោះឡើយ—ព្រោះមកដល់ឥឡូវ ហើយក៏មិនដែលមានតាំងពីពេលមុនទាល់តែសោះ ថារាល់អ្វីៗ វាងាយណាស់សម្រាប់រូបយើង ធ្លាក់ក្នុងការប្រព្រឹត្ដខុស ដោយគ្រាន់តែចុចមួយខ្លីក ទៅលើឧបករណ៍កំសាន្ដនានា នោះយើងនឹងអាចទទួលបាននូវបំណងចិត្ដរបស់យើងមួយហើយ។ ប៉ុន្តែ តើយើងមានដែលគិតទេ ថាអារក្សសាតាំង វាកំពុងព្យាយាមល្បងលយើងយ៉ាងណានោះ? យើងត្រូវដឹងពីរបៀប ដែលសេចក្ដីល្បួងមានដំណើរយ៉ាងដូចម្ដេច ដើម្បីឱ្យយើងអាចត្រៀមការពារប្រឆាំងនឹងវា។

នៅក្នុង លោកុប្បត្តិ អារក្សសាតាំង បានល្បួង នាង អេវ៉ា ដោយសួរសំណួរ លើកជាចម្ងល់ ដល់គាត់ ចំពោះព្រះបន្ទូលនៃព្រះ និងបំណងរបស់ព្រះអង្គ។ ហើយក្នុងរបៀបដែលគាត់ឆ្លើយតប នាង អេវ៉ា បាននាំមកនូវអំពើបាប និងសេចក្ដីស្លាប់ចូលមកក្នុងពិភពលោកនេះ។ នៅក្នុង ២ សាំយ៉ូអែល ព្រះបាទដាវីឌ ជ្រើសរើសនៅក្នុងផ្ទះ ក្នុងអំឡុង "ពេលដែលព្រះមហាក្សត្រត្រូវនាំមុខទ័ព ចូលទៅក្នុងសមរភូមិសង្រ្គាម" ទាំងបណ្ដោយឱ្យអ្នកដទៃផ្សេង ទៅវាយក្នុងសង្គ្រាមជំនួសខ្លួន។ ប្រសិនបើព្រះបាទដាវីឌ បាននៅទីកន្លែង ដែលព្រះជាម្ចាស់ទ្រង់បានត្រាស់គាត់ឱ្យទៅ នោះគាត់ប្រាកដជាមិននៅតែឯងនៅលើដំបូល មានឱកាសឃើញ នាង បាសេបា នោះឡើយ។ ដោយសារហេតុយ៉ាងនោះ យើងឃើញថា មាននូវសេចក្ដីកំផិត និងការសម្លាប់ បានកើតមានឡើងនៅក្នុងសាច់រឿងរបស់ព្រះបាទដាវីឌ។ ហើយនៅពេលដែលព្រះវិញ្ញាណបាននាំអង្គព្រះយេស៊ូវទៅកាន់ទីរហោស្ថាន នៅក្នុង ម៉ាថាយ ៤ នោះយើងឃើញថា អារក្សសាតាំង បានព្យាយាមល្បួងនូវបុត្រារបស់ព្រះជាម្ចាស់ ដោយខ្លួនវាផ្ទាល់ ទាំងលើកឡើងនូវការល្បួងទាំងឡាយ ដោយយោងតាមបទព្រះគម្ពីរផង។

អារក្សដែលជាសត្រូវ វាតែងតែធ្វើការ ដើម្បីឱ្យយើងចាប់ផ្ដើមចោទសួរ មានមន្ទិល ចំពោះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គម្រោងផែនការរបស់ទ្រង់ និងព្រះទ័យរបស់ព្រះអង្គ ដែលមានសម្រាប់រូបយើង។ ប្រសិនបើ អារក្សសាតាំងវាអាចដាក់អន្ទាក់យើងនៅក្នុងកិច្ចសន្ទនានេះ នោះយើងនឹងអាចចាប់ផ្ដើមចោទសួរ មានមន្ទិលសង្ស័យ រហូតដល់ថ្នាក់ យើងអាចបង្កនាំឱ្យមានភាពវឹកវរ និងសេចក្ដីឈឺចាប់ នៅក្នុងជីវិតរបស់យើង។ ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាប ថាការទទួលរងនូវបទពិសោធន៍នៃសេចក្ដីល្បួង នោះមានលក្ខណៈយ៉ាងណា ពេលយើងចាប់ផ្ដើមចោទសួរព្រះជាម្ចាស់នោះ - ជាក់ស្ដែង ទ្រង់បានឆ្លងកាត់រាល់សេចក្ដីល្បួង ដែលយើងធ្លាប់បានឆ្លងកាត់ - ហើយទ្រង់បានរៀបចំផ្លូវសម្រាប់យើង ដើម្បីឱ្យយើងអាចបដិសេធ ហើយដើរនៅក្នុងសេរីភាព។ នៅពេលព្រះយេស៊ូវទ្រង់បានបង់ថ្លៃបំណុលនៃបាបរបស់យើង នៅលើឈើឆ្កាង ទ្រង់បានបំផ្លាញនូវអំណាចរបស់មារកំណាច ចេញពីមនុស្សជាតិ។ ដោយសារតែការលះបង់ដ៏លើសលប់របស់ទ្រង់ យើងរាល់គ្នាលែងស្ថិតនៅក្នុងចំណងរបស់អារក្សសាតាំង នោះទៀតហើយ!

ពិតជាសំខាន់ ដែលយើងត្រូវកំណត់ទុក ថាការដើរនៅក្នុងជ័យជម្នះនៃអង្គព្រះយេស៊ូវ ទាំងប្រឆាំងលើសេចក្ដីល្បួង ត្រូវតែចេញពីបំណងចិត្ដប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់យើងផងដែរ។ យើងត្រូវតែទទួលស្គាល់ជាប្រចាំថ្ងៃ ថាសត្រូវរបស់យើង វានឹងព្យាយាមយកឈ្នះនៅលើទឹកដីចាស់ដែលវាធ្លាប់មាននៅក្នុងជីវិតរបស់យើងនោះ។ ហើយយើងក៏ត្រូវភ្ញាក់ជានិច្ច ទាំងខិតខំប្រឹងប្រែងកសាងទីប្រយ័ត្នប្រយែង ដើម្បីការពារជីវិត ដែលមានសេរីភាពនៅក្នុងព្រះយេស៊ូវរបស់យើង​ ទាំងទូលសូមទៅកាន់ព្រះជាម្ចាស់ សម្រាប់ជាជំនួយ នៅពេលយើងជួបប្រទះនូវសេចក្ដីល្បួង ហើយយើងត្រូវចេះមានអ្នកដែលស្រឡាញ់ គោរពកោតខ្លាចព្រះ នៅជុំវិញខ្លួនរបស់យើង ដែលជាក្រុមមនុស្ស ដែលនឹងជួយដល់យើង ហើយរក្សាយើងឱ្យចេះមានទំនួលខុសត្រូវ ចំពោះកត្តានិងទង្វើទាំងឡាយដែលយើងប្រព្រឹត្ដ។​ លោកសាវ័ក ប៉ុល បានលើកឡើងនៅក្នុង អេភេសូរ ៦ ថាយើងត្រូវតែបន្តជាសកម្ម នៅក្នុងការបំពាក់នូវគ្រឿងសស្រ្ដាវុធរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងអាចឈរយ៉ាងរឹងមាំ ប្រឆាំងនូវឧបាយកលរបស់មារកំណាចបាន។

ក្នុងអំឡុងពេលដែលយើងបន្តយល់ដឹង និងរំឭកនូវថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញ ចូរដាស់តឿនខ្លួនឯង ថាព្រះយេស៊ូវទ្រង់បានបង្រ្កាបនូវអំណាចរបស់សត្រូវ នៅក្នុងជីវិតរបស់អ្នកហើយ។ ចូរអធិស្ឋានតាមអត្ថបទគម្ពីរ ក្នុង អេភេសូរ ៦៖១០-១៨ ហើយបំពាក់នូវគ្រឿងសស្រ្ដាវុធទាំងនោះជារៀងរាល់ថ្ងៃ។ សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានផ្ដល់កម្លាំងឱ្យដល់អ្នក នៅក្នុងការរស់នៅ ក្នុងសេរីភាព ចេញពី សេចក្ដីល្បួង ហើយចូរទូលសូមទ្រង់ ប្រសិនបើនៅកន្លែងណាមួយនៃជីវិតរបស់អ្នក ត្រូវការបំប៉ន និងបន្ថែមឱ្យកាន់តែខ្លាំងឡើងថែមទៀត ទៅលើសេចក្ដីប្រុងប្រយ័ត្ន និងការប្ដេជ្ញាចិត្ដនោះ។ ព្រះយេស៊ូវទ្រង់នឹងជួយដល់អ្នក នៅរាល់ពីកន្លែងណា ដែលអ្នកដឹងថាខ្លួនឯងខ្សោយ ហើយទ្រង់នឹងផ្ដល់អនុភាព អំណាចចេស្ដា ទៅដល់រូបអ្នក ដើម្បីឱ្យអ្នកអាចឈរ យ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវ។ នៅក្នុងជ័យជម្នះរបស់ព្រះយេស៊ូវ អ្នកនឹងមិនត្រូវបរាជ័យនោះឡើយ!

ទាញយករូបភាពថ្ងៃនេះ តាមតំណនេះ។ 

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Jesus: Our Banner of Victory

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ក្រុមជំនុំ Church of the Highlands ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://www.churchofthehighlands.com