ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើងគំរូ
ជ័យជម្នះលើភិរុទ្ធភាព
គោលដៅមួយនៃបំណងទាំងឡាយរបស់អារក្សសាតាំង នោះគឺវាចង់ឱ្យយើងរស់នៅក្នុងទីងងឹត គឺនៅក្នុងចិត្ដដែលជាប់ក្នុងភាពមានទោស គិតថាខ្លួននៅខុស ព្រោះអតីតកាលរបស់យើង។ មារសាតាំងដឹងថា យើងនឹងមិនទទួលបាននូវព្រះពរនៃសេរីភាពនៃការអត់ឱនទោសពីព្រះជាម្ចាស់ទេ ប្រសិនបើយើងនៅបន្តយួរស្ពាយនូវការគិតថាខ្លួននៅជាប់មានទោស ទោះបើយើងជឿលើអង្គព្រះយេស៊ូវ ថាទ្រង់បានសុគត សម្រាប់អំពើបាបរបស់យើងហើយក៏ដោយ។ យើងនឹងបន្តរស់នៅក្នុងស្រមោលនៃបាបដ៏ខ្មៅកខ្វក់របស់យើង។ នៅក្នុង យ៉ូហាន ៩៖៥ ព្រះយេស៊ូវលើកឡើងអំពីទ្រង់ផ្ទាល់ថា ទ្រង់គឺជាពន្លឺនៃពិភពលោក។ ប៉ុន្តែនៅក្នុង ម៉ាថាយ ៥៖១៤ និង ១៦ ព្រះយេស៊ូវក៏មានបន្ទូលថា៖ «អ្នកគឺជាពន្លឺនៃពិភពលោក។ ទីក្រុងដែលសង់នៅលើភ្នំ មិនអាចនៅលាក់កំបាំងបានទេ... នៅក្នុងរបៀបដូចគ្នានេះ ចូរឱ្យពន្លឺរបស់អ្នក បន្តចែងចាំងនៅចំពោះមនុស្សដទៃ ឱ្យគេបានឃើញនូវទង្វើល្អរបស់អ្នក និងថ្វាយសិរីរុងរឿងដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ដែរ»។ ព្រះយេស៊ូវមិនរំពឹងឱ្យយើងក្លាយទៅជាពន្លឺ សម្រាប់សិរីរុងរឿងរបស់ព្រះអង្គទេប្រសិនបើទ្រង់មិនបានប្រទាននូវផ្លូវឱ្យយើងអាចគេចចេញផុតពីទីងងឹតនៃចិត្ដ ដែលគិតថាខ្លួននៅខុស របស់យើងនោះ។
ទំនុកតម្កើង ១០៣៖១០-១២ ប្រាប់ដល់យើងថា សេចក្ដីស្រឡាញ់របស់ព្រះសម្រាប់យើង គឺធំធេងជាងអ្វីដែលយើងអាចគិតនឹកស្រមៃយល់ទៅទៀត។ ហើយព្រះអង្គទ្រង់បានដកយកនូវអំពើបាបរបស់យើង ឱ្យចេញឆ្ងាយពីយើង រហូតដល់យើងមិនអាចគិតនឹកដល់ចំពោះចម្ងាយដ៏សែនឆ្ងាយរបស់បាបនោះទៅទៀត។ នៅពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានដកយកបាបរបស់អស់អ្នកដែលជឿលើទ្រង់ ចេញពីគេជារៀងរហូត។ ឥឡូវនេះ យើងអាចទទួលនូវការអត់ឱនទោសពីព្រះអង្គដោយឥតគិតថ្លៃ។ យើងអាចរស់នៅដោយមិនចាំបាច់បន្តជាប់មាននៅចិត្ដដែលគិតថាខ្លួននៅជាប់មានទោសនោះ។ ហើយយើងអាចមានអារម្មណ៍ថាព្រះកំពុងស្វាគមន៍ និងទទួលបានការឱបពីព្រះជាម្ចាស់ នៅក្នុងព្រះវត្ដមាននៃព្រះអង្គដែរ។
នៅក្នុងខណៈពេលដែលយើង ជិតចូលដល់គ្រានៃការអបអរសាទរ នៃថ្ងៃដែលព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញ ចូរឱ្យយើងចងចាំថា ការសុគតរបស់ព្រះអង្គ បានបង់ថ្លៃជួសយើង ដោយមិនគ្រាន់តែសម្រាប់ការអត់ឱនទោសបាប ប៉ុន្តែក៏ផ្ដល់នូវសិទ្ធិអំណាចឱ្យយើងអាចទាត់និងបោះចោល រាល់ទម្ងន់នៃស្នាមនៃចិត្ដដែលគិតថាខ្លួននៅជាប់មានកំហុសនោះផងដែរ។ បំណុលនៃបាបរបស់អ្នក ទោះបើបាបនោះមានទម្ងន់ធ្ងន់ប៉ុនណាក៏ដោយ បាបនោះត្រូវបានបង់ថ្លៃ ដោយព្រះលោហិតរបស់ព្រះយេស៊ូវរួចរាល់អស់ហើយ។ ចូរឱ្យអ្នកដើរនៅក្នុងសេរីភាពរបស់ទ្រង់នៅថ្ងៃនេះចុះ!
ទាញយករូបភាពសម្រាប់ថ្ងៃនេះ តាមតំណនេះ។
អំពីគម្រោងអាននេះ
នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។
More