ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើងគំរូ

Jesus: Our Banner of Victory

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

ជ័យជម្នះនៅលើអំពើបាប

នៅពេលដែលបុរសនិងស្រ្ដីដំបូង (អ័ដាម និងអេវ៉ា) មិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ជាលើកដំបូង ដោយបានញ៉ាំពីផ្លែនៃដើមឈើចំណេះដឹង នៃការដឹងល្អនិងអាក្រក់ នៅក្នុងសួនអេដែនមក នោះអំពើបាប បានក្លាយជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សជាតិ។ ដោយសារតែព្រះជាម្ចាស់ទ្រង់ល្អឥតខ្ចោះ ព្រះអង្គមិនអាចនៅក្បែរ និងក៏មិនអាចមានវត្ដមាននៅជិតនឹងបាបបានដែរ។ នៅក្នុង សម្ព័ន្ធមេត្រីចាស់ ប្រជាជាតិអ៊ីស្រាអែល ត្រូវបានតម្រូវឱ្យថ្វាយយញ្ញបូជាជាញឹកញាប់ ដោយយកនូវកូនចៀម ដែលគ្មានស្លាកស្នាម ល្អស្អាត មកថ្វាយ ជាតង្វាយធួន ជំនួសបាបរបស់ពួកគេ។ ការថ្វាយនោះ ត្រូវតែជាការថ្វាយដែលល្អឥតខ្ចោះ ដើម្បីគ្របបាំងនូវអំពើបាបរបស់មនុស្ស - ហើយនេះ គឺជារបៀបតែមួយប៉ុណ្ណោះ ដែលមនុស្សគេអាចឈរ ចំពោះព្រះ ដោយគ្មានទោស ក្នុងអំឡុងពេល ដែលយញ្ញបូជានោះបានថ្វាយ។

ព្រះយេស៊ូវត្រូវបានប្រកាសនិងស្គាល់ថាជា "កូនចៀមនៃព្រះ" ដោយសារតែព្រះអង្គបានថ្វាយរូបអង្គទ្រង់ ជាយញ្ញបូជានៅលើឈើឆ្កាង ដើម្បីលាងជម្រះ និងដកយកបាបនៃមនុស្សជាតិ។ ការអស្ចារ្យមួយ ក្នុងចំណោមការអស្ចារ្យជាច្រើននៃកិច្ចការនៅលើឈើឆ្កាង នោះគឺថា បណ្ដាសា ត្រូវបានវិលបកត្រឡប់ ដោយឱ្យយើងអាចរួចផុតពីបណ្ដាសារបស់អ័ដាមនិងអេវ៉ា៖ ដូចដែលទង្វើមួយនៃបាបបាននាំឱ្យមនុស្សជាតិទាំងឡាយ ឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់ នោះយញ្ញបូជាដែលថ្វាយដោយ មនុស្សដ៏ល្អឥតខ្ចោះ ក៏បានលុបលាងជម្រះ ដកនូវបាបនៃមនុស្សទាំងអស់ ហើយបានរៀបចំផ្លូវសម្រាប់ការផ្សះផ្សា ជានាវិញផងដែរ។ ដោយសារតែព្រះយេស៊ូវទ្រង់បានប្រគល់ និងថ្វាយអង្គទ្រង់ សម្រាប់រូបយើង នោះយើងទទួលបាននូវឱកាសអាចផ្សះផ្សាជាមួយនឹងព្រះជាម្ចាស់សាជាថ្មី។ នៅពេលដែលព្រះជាម្ចាស់ទតមើលមកកាន់រូបយើង ទ្រង់លែងឃើញនូវបាបរបស់យើងទៀតហើយ - គឺទ្រង់ទតឃើញនូវសេចក្ដីសុចរិតរបស់ព្រះបុត្រារបស់ព្រះអង្គ នោះវិញ។

ក្នុងខណៈពេលដែលយើងឈានចូលទៅកាន់សប្ដាហ៍នៃបុណ្យអ៊ីស្ទើរ ចូរឱ្យយើងចំណាយពេលខ្លះ ក្នុងការត្រិះរិះ ពិចារណា និងសញ្ជឹងគិតអំពីព្រះអំណោយទានដ៏កាត់ថ្លៃមិនបាន ដែលអង្គព្រះយេស៊ូវទ្រង់បានប្រទានដល់យើង នៅពេលដែលទ្រង់បានថ្វាយជីវិតរបស់ទ្រង់ ដើម្បីលាងជម្រះ និងដកបាបចេញពីយើងនោះ។ លោកសាវ័ក ប៉ុល បានផ្ដើមនៅក្នុង រ៉ូម ៦៖២៣ ដោយលើកឡើងថា៖ «ឈ្នួលនៃអំពើបាប នោះគឺជាសេចក្ដីស្លាប់»។ យើងរាល់គ្នាពិតស្ថិតនៅក្នុងសភាពនៃសេចក្ដីស្លាប់ ដោយសារតែភាពទុច្ចរិតរបស់យើង។ ហើយយើងក៏គួរត្រូវប្រឈមនឹងការឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់ដ៏អស់កល្បជានិច្ចនោះផងដែរ។ ប៉ុន្តែ លោក ប៉ុល បានបន្តថ្លែងនៅខគម្ពីរបន្ទាប់ ដោយក្នុងនោះមាននូវសេចក្ដីពិត ស្ដីអំពីសេចក្ដីសង្គ្រោះ ដែលគ្មានផ្លូវណាផ្សេងទៀតថា៖ «ប៉ុន្តែ អំណោយទាននៃព្រះជាម្ចាស់ នោះគឺជាជីវិតអស់កល្បជានិច្ច នៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអម្ចាស់នៃយើង»។ ដោយសារតែអង្គព្រះយេស៊ូវ បំណុលនៃអំពើបាបរបស់យើង ត្រូវបានបង់ថ្លៃសងជំនួសអស់ហើយ។ ហើយយើងក៏អាចនឹងចំណាយពេលដ៏អស់កល្បជានិច្ច នៅក្នុងព្រះវត្ដមាននៃព្រះជាម្ចាស់បានដែរ!

បន្ថែមពីនោះ ដោយសារតែព្រះយេស៊ូវ បានលាងជម្រះនិងដកបាបយើង ដោយសារតែសេចក្ដីសុចរិតរបស់ព្រះអង្គ នោះយើងបានមានសេរីភាព ចេញពីអំណាចនៃបាប ដែលមាននៅក្នុងជីវិតរបស់យើង។ ចូរកុំអនុញ្ញាតឱ្យខ្លួនរបស់អ្នកបន្តនៅក្នុងភាពជាទាសករ ក្រោមអំណាចគ្រប់គ្រងនៃនិស្ស័យចាស់ ធម្មជាតិបាបរបស់អ្នកតទៅទៀតនោះឡើយ។ ព្រះយេស៊ូវបានយកឈ្នះ មានជ័យជម្នះ លើបាបហើយ ហើយទ្រង់ក៏បានចែករំលែកនូវជ័យជម្នះនោះ រួមជាមួយនឹងអ្នកផងដែរ! ដោយសារតែដើម្បីសេរីភាពនោះហើយ ទើបទ្រង់បានធ្វើកិច្ចរំដោះ ដើម្បីឱ្យអ្នកទទួលបាននូវសេរីភាពនេះ។ ចូរបន្តដើរនៅក្នុងសេចក្ដីពិតនិងសេរីភាពរបស់ព្រះអង្គ!

អាចទាញយកនូវរូបភាពថ្ងៃនេះបានតាមរយៈ  តំណនេះ។ 

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Jesus: Our Banner of Victory

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ក្រុមជំនុំ Church of the Highlands ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://www.churchofthehighlands.com