រ៉ូម 7:1-3

រ៉ូម 7:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ចំពោះ​បង‌ប្អូន​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ក្រឹត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​គេ​មាន​ជីវិត​ប៉ុណ្ណោះ? ឧបមា​ថា ស្ត្រី​ម្នាក់​ដែល​បាន​រៀប‌ការ​តាម​ច្បាប់ ដរាប​ណា​ប្ដី​នៅ​មាន​ជីវិត នាង​ត្រូវ​នៅ​ជាប់​ជាមួយ​ប្ដី តែ​បើ​ប្តី​ស្លាប់​ទៅ នាង​រួច​ពី​ច្បាប់​របស់​ប្តី​ហើយ។ ដូច្នេះ បើ​នាង​រស់​នៅ​ជាមួយ​បុរស​ម្នាក់​ទៀត ពេល​ប្តី​នៅ​រស់ នោះ​នាង​មាន​ឈ្មោះ​ថា ជា​ស្រី្ដ​ផិត​ក្បត់។ ប៉ុន្តែ បើ​ប្តី​របស់​នាង​ស្លាប់ នាង​រួច​ពី​ច្បាប់​នោះ​ហើយ ទោះ​បើ​នាង​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ក៏​នាង​មិន​មាន​ឈ្មោះ​ថា​ផិត​ក្បត់​ដែរ។

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​ចំពោះ​បងប្អូន ដែល​ស្ទាត់​ជំនាញ​ខាង​ច្បាប់ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ច្បាប់​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​នៅ​ឡើយ។ ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្ដី​តាម​ច្បាប់ នាង​នៅ​ជាប់​ជា​មួយ​ប្ដី តែ​ក្នុង​ពេល​ដែល​ប្ដី​មាន​ជីវិត​នៅ​ឡើយ​ប៉ុណ្ណោះ។ បើ​ប្ដី​ស្លាប់ នាង​នឹង​រួច​ផុត​ពី​ច្បាប់​ដែល​ចង​នាង​ឲ្យ​នៅ​ជាប់​នឹង​ប្ដី​នោះ​ហើយ។ ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរី‌ភាព​រួច​ផុត​ពី​ច្បាប់ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់​ទេ។

ចែក​រំលែក
អាន រ៉ូម 7

រ៉ូម 7:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ដ្បិត​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ដែល​ស្គាល់​ក្រិត្យ‌វិន័យ​ហើយ ថា​ក្រិត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស ដរាប​ដល់​អស់​មួយ​ជីវិត ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្ដី​នៅ​រស់ នោះ​ជាប់​នឹង​ប្ដី​ដោយ‌សារ​ក្រិត្យ‌វិន័យ ប៉ុន្តែ បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្ដី​ហើយ ដូច្នេះ កាល​ប្ដី​កំពុង​រស់​នៅ​ឡើយ បើ​ស្ត្រី​នោះ​ទៅ​យក​ប្ដី​១​ទៀត នោះ​គេ​សន្មតិ​ហៅ​ថា​ជា​ស្រី​កំផិត តែ​បើ​ប្ដី​ស្លាប់​ទៅ នោះ​នាង​បាន​រួច​ពី​ច្បាប់​នោះ​ហើយ បាន​ជា​ទោះ​បើ​នាង​យក​ប្ដី​១​ទៀត ក៏​មិន​បាន​ហៅ​ថា​ជា​ស្រី​កំផិត​ឡើយ

ចែក​រំលែក
អាន រ៉ូម 7