រ៉ូម 7
7
ភាពស្រដៀងគ្នានឹងអាពាហ៍ពិពាហ៍
1ឱបងប្អូនអើយ ខ្ញុំនិយាយចំពោះបងប្អូនដែលស្គាល់ក្រឹត្យវិន័យ តើអ្នករាល់គ្នាមិនដឹងទេឬ ក្រឹត្យវិន័យមានអំណាចលើមនុស្ស តែក្នុងពេលគេមានជីវិតប៉ុណ្ណោះ? 2ឧបមាថា ស្ត្រីម្នាក់ដែលបានរៀបការតាមច្បាប់ ដរាបណាប្ដីនៅមានជីវិត នាងត្រូវនៅជាប់ជាមួយប្ដី តែបើប្តីស្លាប់ទៅ នាងរួចពីច្បាប់របស់ប្តីហើយ។ 3ដូច្នេះ បើនាងរស់នៅជាមួយបុរសម្នាក់ទៀត ពេលប្តីនៅរស់ នោះនាងមានឈ្មោះថា ជាស្រី្ដផិតក្បត់។ ប៉ុន្តែ បើប្តីរបស់នាងស្លាប់ នាងរួចពីច្បាប់នោះហើយ ទោះបើនាងរៀបការនឹងបុរសម្នាក់ទៀត ក៏នាងមិនមានឈ្មោះថាផិតក្បត់ដែរ។ 4បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ខាងឯក្រឹត្យវិន័យ ដោយសារព្រះកាយរបស់ព្រះគ្រីស្ទដែរ ដើម្បីឲ្យអ្នករាល់គ្នាទៅជាប់នឹងម្នាក់ទៀត គឺជាប់នឹងព្រះអង្គដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះ។ 5ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីប៉ងប្រាថ្នារបស់បាប ដែលជំរុញដោយក្រឹត្យវិន័យ បានធ្វើសកម្មភាពនៅក្នុងអវយវៈរបស់យើង ដើម្បីបង្កើតផលផ្លែឲ្យសេចក្តីស្លាប់។ 6តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ គឺស្លាប់ខាងឯការដែលបានឃុំឃាំងយើង ដើម្បីឲ្យយើងគោរពបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណវិញ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
ក្រឹត្យវិន័យ និងអំពើបាប
7ដូច្នេះ តើយើងគួរនិយាយដូចម្តេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ! តែបើគ្មានក្រឹត្យវិន័យទេ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ប្រសិនបើគម្ពីរវិន័យមិនបានចែងថា «កុំលោភលន់ » នោះខ្ញុំក៏មិនបានដឹងថាលោភលន់ជាអ្វីដែរ។ 8ប៉ុន្តែ ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ នោះក៏បង្កើតឲ្យមានការលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។ 9ពីដើមខ្ញុំរស់ដោយគ្មានក្រឹត្យវិន័យ លុះបញ្ញត្តិមកដល់ នោះបាបក៏រស់ឡើង 10ឯខ្ញុំក៏ស្លាប់ ហើយខ្ញុំឃើញថា បញ្ញត្តិដែលសន្យាឲ្យមានជីវិត នោះបង្ហាញថាខ្ញុំមានទោសត្រូវស្លាប់វិញ។ 11ដ្បិត ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ វាក៏បញ្ឆោតខ្ញុំ ហើយសម្លាប់ខ្ញុំដោយសារបញ្ញត្តិនោះឯង។ 12ដូច្នេះ ក្រឹត្យវិន័យបរិសុទ្ធ ហើយបញ្ញត្តិក៏បរិសុទ្ធ សុចរិត ហើយល្អដែរ។
13តើអ្វីដែលល្អនេះនាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនដូច្នោះទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ ដើម្បីបង្ហាញឲ្យឃើញថា បាបគឺជាបាប ហើយតាមរយៈបញ្ញត្តិនោះ បាបត្រឡប់ជាធ្ងន់ហួសហេតុ។
ជម្លោះខាងក្នុង
14យើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំជាមនុស្សខាងសាច់ឈាម ដែលលក់ខ្លួនជាទាសករឲ្យបាប។ 15ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ។ 16ដូច្នេះ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន។ 17តាមពិត មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបនៅក្នុងខ្ញុំវិញទេតើ 18ដ្បិតខ្ញុំដឹងថា នៅក្នុងខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ខ្ញុំធ្វើមិនកើត។ 19ខ្ញុំមិនធ្វើការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។ 20ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបដែលនៅក្នុងខ្លួនខ្ញុំវិញទេតើ។ 21ដូច្នេះ ខ្ញុំរកឃើញច្បាប់មួយគឺ ពេលខ្ញុំចង់ធ្វើអ្វីដែលល្អ ការអាក្រក់ចេះតែនៅជាមួយខ្ញុំជានិច្ច។ 22ដ្បិតនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ 23ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។ 24ខ្ញុំនេះជាមនុស្សវេទនាណាស់! តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន? 25សូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ដោយគំនិតរបស់ខ្ញុំ ខ្ញុំគោរពបម្រើក្រឹត្យវិន័យរបស់ព្រះ តែសាច់ឈាមរបស់ខ្ញុំ ខ្ញុំបែរជាគោរពបម្រើច្បាប់របស់បាបទៅវិញ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies