រ៉ូម 7

7
1ឱ​បង​ប្អូន​អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ដ្បិត​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ដែល​ស្គាល់​ក្រិត្យ‌វិន័យ​ហើយ ថា​ក្រិត្យ‌វិន័យ​មាន​អំណាច​លើ​មនុស្ស ដរាប​ដល់​អស់​មួយ​ជីវិត 2ពី​ព្រោះ​ស្ត្រី​ណា​ដែល​មាន​ប្ដី​នៅ​រស់ នោះ​ជាប់​នឹង​ប្ដី​ដោយ‌សារ​ក្រិត្យ‌វិន័យ ប៉ុន្តែ បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​បាន​រួច​ពី​ច្បាប់​របស់​ប្ដី​ហើយ 3ដូច្នេះ កាល​ប្ដី​កំពុង​រស់​នៅ​ឡើយ បើ​ស្ត្រី​នោះ​ទៅ​យក​ប្ដី​១​ទៀត នោះ​គេ​សន្មតិ​ហៅ​ថា​ជា​ស្រី​កំផិត តែ​បើ​ប្ដី​ស្លាប់​ទៅ នោះ​នាង​បាន​រួច​ពី​ច្បាប់​នោះ​ហើយ បាន​ជា​ទោះ​បើ​នាង​យក​ប្ដី​១​ទៀត ក៏​មិន​បាន​ហៅ​ថា​ជា​ស្រី​កំផិត​ឡើយ 4យ៉ាង​ដូច្នោះ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ពី​ខាង​ឯ​ក្រិត្យ‌វិន័យ​ដែរ ដោយ‌សារ​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​របស់​ផង​អ្នក​ម្នាក់​ទៀត ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​បាន​បង្កើត​ផល​ថ្វាយ​ព្រះ 5ដ្បិត​កាល​យើង​នៅ​ខាង​សាច់​ឈាម​នៅ​ឡើយ នោះ​សេចក្ដី​រំជួល​របស់​អំពើ​បាប ដែល​កើត​ដោយ​នូវ​ក្រិត្យ‌វិន័យ បាន​បណ្តាល​ឲ្យ​អស់​ទាំង​អវយវៈ ក្នុង​រូប‌កាយ​របស់​យើង​រាល់​គ្នា បង្កើត​ផល​ដល់​សេចក្ដី​ស្លាប់ 6តែ​ឥឡូវ​នេះ យើង​បាន​រួច​ពី​ក្រិត្យ‌វិន័យ​ហើយ ដោយ​បាន​ស្លាប់​ក្នុង​សេចក្ដី​ដែល​ឃុំ‌ឃាំង​យើង​ទុក ប្រយោជន៍​ឲ្យ​យើង​បាន​គោរព​ប្រតិ‌បត្តិ ដោយ​វិញ្ញាណ​ដែល​បាន​កែ​ជា​ថ្មី​វិញ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ពី​បុរាណ​នោះ​ទៀត​ឡើយ។
7ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រិត្យ‌វិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយ‌សារ​ក្រិត្យ‌វិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រិត្យ‌វិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា​មាន​សេចក្ដី​លោភ​ផង​ឡើយ 8តែ​កាល​អំពើ​បាប​បាន​ឱកាស ដោយ‌សារ​បញ្ញត្ត នោះ​ក៏​បង្កើត​គ្រប់​ទាំង​សេចក្ដី​លោភ នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ដ្បិត​ក្រៅ​ពី​ក្រិត្យ‌វិន័យ អំពើ​បាប​បាន​ស្លាប់​សូន្យ 9តែ​ពី​ដើម ក្រៅ​ពី​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​បាន​រស់​នៅ លុះ​សេចក្ដី​បញ្ញត្ត​បាន​កើត​មក នោះ​បាប​ក៏​រស់​ឡើង ឯ​ខ្ញុំ​ក៏​ត្រូវ​ស្លាប់​វិញ 10ហើយ​ខ្ញុំ​ឃើញ​ថា បញ្ញត្ត​នោះ ដែល​សំរាប់​ឲ្យ​មាន​ជីវិត នោះ​បាន​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ 11ដ្បិត​ដែល​បាប​បាន​ឱកាស ដោយ‌សារ​សេចក្ដី​បញ្ញត្ត​នោះ​ក៏​មក​បញ្ឆោត​ខ្ញុំ ព្រម​ទាំង​សំឡាប់​ខ្ញុំ​ផង ដោយ‌សារ​បញ្ញត្ត​នោះ​ឯង 12ដូច្នេះ ក្រិត្យ‌វិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្ដី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ 13ចុះ​សេចក្ដី​ល្អ​នេះ បាន​ប្រែ​ទៅ​ជា​ឲ្យ​ខ្ញុំ​ស្លាប់​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ជា​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់ ដោយ‌សារ​សេចក្ដី​ល្អ​នោះ ដើម្បី​ឲ្យ​បាប​បាន​សំដែង​ចេញ​មក​ថា​ជា​បាប​មែន ហើយ​ឲ្យ​បាប​បាន​ត្រឡប់​ទៅ​ជា​ធ្ងន់​ក្រៃ‌លែង ដោយ‌សារ​សេចក្ដី​បញ្ញត្ត​នោះ​ផង 14ដ្បិត​យើង​ដឹង​ថា ក្រិត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​នៅ​ខាង​សាច់​ឈាម​វិញ ដោយ​បាន​ត្រូវ​លក់​ទៅ​ក្នុង​អំណាច​របស់​បាប 15ពី​ព្រោះ​ខ្ញុំ​មិន​ដឹង​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​ការ​ដែល​ខ្ញុំ​ចង់​ធ្វើ​សោះ គឺ​តែង‌តែ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​ស្អប់​វិញ 16បើ​សិន​ជា​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​ការ ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រិត្យ‌វិន័យ​ល្អ​មែន 17ដូច្នេះ មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ 18ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជានិច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ 19ខ្ញុំ​មិន​ប្រព្រឹត្ត​ការ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរ​ជា​ខ្ញុំ​ធ្វើ​វិញ 20ដូច្នេះ បើ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ 21យ៉ាង​នោះ​ខ្ញុំ​ឃើញ​ច្បាប់​១​នេះ​ថា ឯ​ខ្ញុំ ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្ដី​ល្អ នោះ​ចេះ​តែ​មាន​សេចក្ដី​អាក្រក់​ជាប់​នៅ​នឹង​ខ្ញុំ​ជានិច្ច 22ដ្បិត​តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេក‌អរ​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ព្រះ 23តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប‌កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង 24វេទនា​ណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន 25អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច្នេះ ខ្លួន​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ ដោយ​គំនិត​ខ្ញុំ តែ​ខាង​សាច់​ឈាម​ខ្ញុំ នោះ​តាម​ច្បាប់​របស់​អំពើ​បាប​វិញ។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 7: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល