វិវរណៈ 14:6-20

វិវរណៈ 14:6-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ទៀត កំពុង​ហោះ​កាត់​លំហ​អាកាស ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់​កល្ប​ជា‌និច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​លើ​ផែនដី គឺ​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​ជំនុំ​ជម្រះ បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!»។ មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​ពីរ មក​តាម​ក្រោយ ពោល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ រលំ​ហើយ រលំ​ហើយ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ជាតិ​សាសន៍ ផឹក​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​អំពើ​សហាយ​ស្មន់​របស់​វា»។ មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​បី មក​តាម​ក្រោយ បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ និង​រូប​របស់​វា ហើយ​ទទួល​ទី​សម្គាល់របស់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ អ្នក​នោះ​ក៏​នឹង​ត្រូវ​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ភ្លើង និង​ស្ពាន់‌ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ និង​នៅ​ចំពោះ​មុខ​កូន​ចៀម​ផង។ ឯ​ផ្សែង​នៃ​ទុក្ខ​វេទនា​របស់​គេ ហុយ​ឡើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ គេ​នឹង​មិន​មាន​សេចក្ដី​ស្រាក​ស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ និង​រូប​របស់​វា ព្រម​ទាំង​អ្នក​ដែល​ទទួល​ទី​សម្គាល់​នៃ​ឈ្មោះ​របស់​វា​ដែរ»។ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ គឺ​អស់​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេ‌ស៊ូវ។ ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ ចាប់​ពី​ពេល​នេះ​តទៅ»។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា៖ «មែន​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សម្រាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន ចេះ​តែ​ដេញ​តាម​គេ​ជាប់​ជានិច្ច»។ បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស អង្គុយ​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ហើយ​កាន់​កណ្តៀវ​យ៉ាង​មុត​នៅ​ដៃ។ មាន​ទេវតា​មួយ​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ហៅ​អ្នក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​លូក​កណ្តៀវ​របស់​លោក​ទៅ​ច្រូត​ចុះ ដ្បិត​ដល់​ពេល​ត្រូវ​ច្រូត​ហើយ ព្រោះ​ផែនដី​បាន​ទុំ​ល្មម​ច្រូត​ហើយ»។ ដូច្នេះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក ក៏​លូក​កណ្តៀវ​ទៅ​លើ​ផែនដី ហើយ​ផែនដី​ក៏​បាន​ច្រូត​រួច​រាល់។ មាន​ទេវតា​មួយ​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​កណ្តៀវ​យ៉ាង​មុត​មួយ​ដែរ។ រួច​មាន​ទេវតា​មួយ​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​ទេវតា​ដែល​កាន់​កណ្ដៀវ​យ៉ាង​មុត​នោះ​ថា៖ «ចូរ​លូក​កណ្ដៀវ​យ៉ាង​មុត​របស់​លោក ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​ហើយ»។ ទេវតា​នោះ​ក៏​លូក​កណ្ដៀវ​ទៅ​លើ​ផែនដី ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ផែនដី រួច​បោះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នោះ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ​យ៉ាង​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ ហើយ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ក៏​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ដល់​ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយ​គី‌ឡូ‌ម៉ែត្រ ។

ចែក​រំលែក
អាន វិវរណៈ 14

វិវរណៈ 14:6-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត ហោះ​កណ្ដាល​អាកាស‌វេហាស៍ ទេវតា​នោះ​នាំ​ដំណឹង‌ល្អ*​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច មក​ប្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ផែនដី។ ទេវតា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ដល់​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។ មាន​ទេវតា​មួយ​រូប​ទៀត​មក​តាម​ក្រោយ ពោល​ថា៖ «រលំ​ហើយ! រលំ​ហើយ! ក្រុង​បាប៊ី‌ឡូន​មហា​នគរ ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​ ​របស់​វា!»។ មាន​ទេវតា​មួយ​រូប​ទៀត ជា​ទេវតា​ទី​បី មក​តាម​ក្រោយ ពោល​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន​នោះ និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ទទួល​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​ព្រះ‌ជា‌ម្ចាស់ ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ​ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​ដ៏វិសុទ្ធ* និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​កូន​ចៀម។ ផ្សែង​ភ្លើង​ដែល​ធ្វើ​ឲ្យ​គេ​រង‌ទុក្ខ​ទោស ហុយ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ឈ្មោះ​របស់​វា មុខ​ជា​ត្រូវ​វេទនា ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាក‌ស្រាន្ត​ឡើយ»។ ដូច្នេះ ប្រជា‌ជន​ដ៏វិសុទ្ធ* គឺ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេស៊ូ ត្រូវ​មាន​ចិត្ត​ព្យាយាម។ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ: អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​សុភមង្គល* ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជានិច្ច»។ ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។ មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​លោក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​យក​កណ្ដៀវ​របស់​លោក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែនដី​ទុំ ល្មម​ច្រូត​ ហើយ»។ ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក​បោះ​កណ្ដៀវ​មក​ផែនដី ផែនដី​ក៏​ច្រូត​ស្រេច​រួច​រាល់។ មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន​បរម‌សុខ*​មក លោក​ក៏​មាន​កាំបិត​ មួយ​ដ៏​មុត​ដែរ។ ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​លោក មក​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​លើ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។ ទេវតា​នោះ​បោះ​កាំបិត​របស់​លោក​មក​លើ​ផែនដី ផ្លែ​ទំពាំង‌បាយជូរ​នៅ​លើ​ផែនដី​ក៏​កាត់​រួច​រាល់​ជា​ស្រេច ហើយ​លោក​បោះ​ផ្លែ​ទំពាំង‌បាយជូរ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ ជា​ធុង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌ជា‌ម្ចាស់។ បន្ទាប់​មក គេ​យក​ធុង​ចេញ​ទៅ​ក្រៅ​ទីក្រុង ដើម្បី​បញ្ជាន់​ផ្លែ ពេល​នោះ មាន​ឈាម​ហូរ​ចេញ​ពី​ធុង​មក​មាន​កម្ពស់​ត្រឹម​មាត់​សេះ ចម្ងាយ​ប្រមាណ​មួយ​ពាន់​ប្រាំ​មួយ​រយ​ស្ដាដ​ ។

ចែក​រំលែក
អាន វិវរណៈ 14

វិវរណៈ 14:6-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោត‌ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។ មាន​ទេវតា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ ដ្បិត​វា​បាន​ឲ្យ​គ្រប់​ទាំង​សាសន៍​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ការ​កំផិត​ខ្លួន។ រួច​មាន​ទេវតា​ទី​៣​មក​តាម​ក្រោយ​ទៀត ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា បើ​អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ នឹង​រូប​វា ហើយ​ទទួល​ទី​សំគាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា នៅ​ក្នុង​ភ្លើង នឹង​ស្ពាន់‌ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ នឹង​កូន​ចៀម​ផង ឯ​ផ្សែង​នៃ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នឹង​ហុយ​ឡើង​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ គេ​នឹង​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ នឹង​រូប​វា ឬ​អ្នក​ណា​ដែល​ទទួល​ទី​សំគាល់​នៃ​ឈ្មោះ​វា​ផង នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្ត​របស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ។ ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​កត់​ទុក​ដូច្នេះ​ថា ពី​នេះ​ទៅ​មុខ អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ នោះ​មាន​ពរ​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​បន្ទូល​ថា ហ្នឹង​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក ពី​គ្រប់​ទាំង​ការ​នឿយ‌ហត់​របស់​គេ ដ្បិត​ការ​គេ​ធ្វើ​ក៏​តាម​គេ​ជាប់។ នោះ​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​ពពក​ស​១ ហើយ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស គង់​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស ហើយ​កាន់​កណ្តៀវ​ដ៏​មុត រួច​មាន​ទេវតា​១​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​ពពក​ថា សូម​លូក​កណ្តៀវ​ទ្រង់​ទៅ​ច្រូត​ចុះ ដ្បិត​ជា​វេលា​ត្រូវ​ច្រូត​ហើយ ពី​ព្រោះ​នៅ​ផែនដី​បាន​ទុំ​ជា​ស្រេច នោះ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​ពពក ទ្រង់​លូក​កណ្តៀវ​ទៅ​ឯ​ផែនដី ដូច្នេះ ផែនដី​ក៏​បាន​ច្រូត​រួច​ហើយ។ រួច​មាន​ទេវតា​១​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​ចែ​យ៉ាង​មុត​ដែរ ហើយ​មាន​ទេវតា​១​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​ទេវតា​ដែល​កាន់​ចែ​ដ៏​មុត​នោះ​ថា ចូរ​លូក​ចែ​ដ៏​មុត​របស់​ឯង ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​ទុំ​ហើយ ទេវតា​នោះ​ក៏​លូក​ចែ​ទៅ​ឯ​ផែនដី ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ផែនដី​ទាំង​អស់ រួច​បោះ​ទៅ​ក្នុង​ធុង​ជាន់​ផ្លែ​យ៉ាង​ធំ​របស់​ផង​សេចក្ដី​ក្រោធ​នៃ​ព្រះ នោះ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ទៅ​ត្រឹម​ដែក​បង្ខាំ​សេះ ចំងាយ​៣០០​គីឡូ‌ម៉ែត្រ​ទៅ។

ចែក​រំលែក
អាន វិវរណៈ 14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ