វិវរណៈ 14:6-20

វិវរណៈ 14:6-20 គកស១៦

ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ទៀត កំពុង​ហោះ​កាត់​លំហ​អាកាស ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់​កល្ប​ជា‌និច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​លើ​ផែនដី គឺ​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​ជំនុំ​ជម្រះ បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!»។ មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​ពីរ មក​តាម​ក្រោយ ពោល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ រលំ​ហើយ រលំ​ហើយ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ជាតិ​សាសន៍ ផឹក​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​អំពើ​សហាយ​ស្មន់​របស់​វា»។ មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​បី មក​តាម​ក្រោយ បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ និង​រូប​របស់​វា ហើយ​ទទួល​ទី​សម្គាល់របស់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ អ្នក​នោះ​ក៏​នឹង​ត្រូវ​ផឹក​ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​នៅ​ក្នុង​ភ្លើង និង​ស្ពាន់‌ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​បរិសុទ្ធ និង​នៅ​ចំពោះ​មុខ​កូន​ចៀម​ផង។ ឯ​ផ្សែង​នៃ​ទុក្ខ​វេទនា​របស់​គេ ហុយ​ឡើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ គេ​នឹង​មិន​មាន​សេចក្ដី​ស្រាក​ស្រាន្ត​ឡើយ ទាំង​យប់​ទាំង​ថ្ងៃ គឺ​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ និង​រូប​របស់​វា ព្រម​ទាំង​អ្នក​ដែល​ទទួល​ទី​សម្គាល់​នៃ​ឈ្មោះ​របស់​វា​ដែរ»។ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ គឺ​អស់​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេ‌ស៊ូវ។ ខ្ញុំ​ក៏​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ‌អម្ចាស់ ចាប់​ពី​ពេល​នេះ​តទៅ»។ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា៖ «មែន​ហើយ គឺ​ដើម្បី​ឲ្យ​គេ​បាន​ឈប់​សម្រាក ពី​គ្រប់​ទាំង​ការ​នឿយ​ហត់​របស់​គេ ដ្បិត​កិច្ច‌ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន ចេះ​តែ​ដេញ​តាម​គេ​ជាប់​ជានិច្ច»។ បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស អង្គុយ​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ហើយ​កាន់​កណ្តៀវ​យ៉ាង​មុត​នៅ​ដៃ។ មាន​ទេវតា​មួយ​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ហៅ​អ្នក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​លូក​កណ្តៀវ​របស់​លោក​ទៅ​ច្រូត​ចុះ ដ្បិត​ដល់​ពេល​ត្រូវ​ច្រូត​ហើយ ព្រោះ​ផែនដី​បាន​ទុំ​ល្មម​ច្រូត​ហើយ»។ ដូច្នេះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក ក៏​លូក​កណ្តៀវ​ទៅ​លើ​ផែនដី ហើយ​ផែនដី​ក៏​បាន​ច្រូត​រួច​រាល់។ មាន​ទេវតា​មួយ​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​កណ្តៀវ​យ៉ាង​មុត​មួយ​ដែរ។ រួច​មាន​ទេវតា​មួយ​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​ទេវតា​ដែល​កាន់​កណ្ដៀវ​យ៉ាង​មុត​នោះ​ថា៖ «ចូរ​លូក​កណ្ដៀវ​យ៉ាង​មុត​របស់​លោក ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​ហើយ»។ ទេវតា​នោះ​ក៏​លូក​កណ្ដៀវ​ទៅ​លើ​ផែនដី ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ផែនដី រួច​បោះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នោះ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ​យ៉ាង​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ ហើយ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ក៏​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ដល់​ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយ​គី‌ឡូ‌ម៉ែត្រ ។

អាន វិវរណៈ 14