វិវរណៈ 14
14
កូនចៀម និងពួកមួយសែនបួនម៉ឺនបួនពាន់នាក់
1បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ ដែលអ្នកទាំងនោះមានព្រះនាមព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គកត់នៅលើថ្ងាស។ 2ខ្ញុំឮសំឡេងមួយមកពីលើមេឃ ដូចជាស្នូរសន្ធឹកមហាសាគរ ហើយដូចផ្គរលាន់យ៉ាងខ្លាំង សំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកតន្ត្រីដែលកំពុងតែចាប់ស៊ុង 3គេច្រៀងបទមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលទ្រង់បានលោះពីផែនដីមកប៉ុណ្ណោះ។ 4អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម 5ហើយមិនឃើញមានពាក្យភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។
ការប្រកាសរបស់ទេវតាទាំងបី
6ខ្ញុំក៏ឃើញទេវតាមួយទៀត កំពុងហោះកាត់លំហអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅលើផែនដី គឺដល់គ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជន។ 7ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះ បានមកដល់ហើយ ចូរក្រាបថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ!»។
8មានទេវតាមួយទៀត គឺទេវតាទីពីរ មកតាមក្រោយ ពោលថា៖ «ក្រុងបាប៊ីឡូនដ៏ធំ រលំហើយ រលំហើយ ដ្បិតវាបានធ្វើឲ្យអស់ទាំងជាតិសាសន៍ ផឹកស្រានៃសេចក្ដីក្រោធជាអំពើសហាយស្មន់របស់វា»។
9មានទេវតាមួយទៀត គឺទេវតាទីបី មកតាមក្រោយ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ហើយទទួលទីសម្គាល់របស់វានៅលើថ្ងាស ឬនៅលើដៃ 10អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។ 11ឯផ្សែងនៃទុក្ខវេទនារបស់គេ ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ។ គេនឹងមិនមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ព្រមទាំងអ្នកដែលទទួលទីសម្គាល់នៃឈ្មោះរបស់វាដែរ»។ 12នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ គឺអស់អ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងកាន់តាមជំនឿរបស់ព្រះយេស៊ូវ។
13ខ្ញុំក៏ឮសំឡេងពីលើមេឃថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលស្លាប់ក្នុងព្រះអម្ចាស់ ចាប់ពីពេលនេះតទៅ»។ ព្រះវិញ្ញាណមានព្រះបន្ទូលថា៖ «មែនហើយ គឺដើម្បីឲ្យគេបានឈប់សម្រាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតកិច្ចការដែលគេធ្វើទាំងប៉ុន្មាន ចេះតែដេញតាមគេជាប់ជានិច្ច»។
ការច្រូតកាត់ និងការប្រមូលផលនៅផែនដី
14បន្ទាប់មក ខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្ស អង្គុយនៅលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល ហើយកាន់កណ្តៀវយ៉ាងមុតនៅដៃ។ 15មានទេវតាមួយទៀតចេញពីព្រះវិហារមក បន្លឺសំឡេងយ៉ាងខ្លាំងហៅអ្នកដែលអង្គុយលើពពកថា៖ «សូមលូកកណ្តៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលត្រូវច្រូតហើយ ព្រោះផែនដីបានទុំល្មមច្រូតហើយ»។ 16ដូច្នេះ លោកដែលអង្គុយនៅលើពពក ក៏លូកកណ្តៀវទៅលើផែនដី ហើយផែនដីក៏បានច្រូតរួចរាល់។
17មានទេវតាមួយទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់កណ្តៀវយ៉ាងមុតមួយដែរ។ 18រួចមានទេវតាមួយទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ហៅទេវតាដែលកាន់កណ្ដៀវយ៉ាងមុតនោះថា៖ «ចូរលូកកណ្ដៀវយ៉ាងមុតរបស់លោក ទៅកាត់ចង្កោមទំពាំងបាយជូរនៅផែនដីទៅ ដ្បិតផ្លែវាទុំហើយ»។ 19ទេវតានោះក៏លូកកណ្ដៀវទៅលើផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅលើផែនដី រួចបោះផ្លែទំពាំងបាយជូរនោះទៅក្នុងធុងបញ្ជាន់ផ្លែយ៉ាងធំនៃសេចក្ដីក្រោធរបស់ព្រះ 20ហើយមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ក៏មានឈាមចេញពីធុងឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 14: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies