វិវរណៈ 13

13
សត្វ​សាហាវ​ទីមួយ
1បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ឡើង​ចេញ​ពី​សមុទ្រ​មក មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ នៅ​លើ​ស្នែង​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ។ 2សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​ខ្លា​ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ។ 3ខ្ញុំ​ឃើញ​ក្បាល​វា​មួយ​ដូច​ជា​មាន​ស្នាម​របួស​ជិត​ស្លាប់ តែ​របួស​ជិត​ស្លាប់​នោះ​បាន​ជា​សះ​ឡើង​វិញ មនុស្ស​នៅ​ផែនដី​មាន​ការ​អស្ចារ្យ ហើយ​ក៏​ទៅ​តាម​សត្វ​នោះ។ 4គេ​ក្រាប​ថ្វាយ​បង្គំ​នាគ ព្រោះ​នាគ​បាន​ឲ្យ​អំណាច​ដល់​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ​ដែរ ដោយ​ពោល​ថា៖ «តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ? តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?» 5នាគ​ក៏​ឲ្យ​សត្វ​នោះ​មាន​មាត់​ចេះ​និយាយ​ពាក្យ​សម្ដី​ព្រហើនៗ និង​ពាក្យ​ប្រមាថ ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។ 6វា​បាន​បើក​មាត់​ប្រមាថ​ព្រះ គឺ​ប្រមាថ​ព្រះ‌នាម​របស់ព្រះ‌អង្គ ប្រមាថ​ដំណាក់​របស់​ព្រះ‌អង្គ និង​ប្រមាថ​អស់​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌ 7ក៏​ទទួល​អំណាច​នឹង​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​បរិសុទ្ធ ហើយ​មាន​ជ័យ​ជម្នះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​លើ​គ្រប់​ទាំង​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន គ្រប់​ភាសា និង​គ្រប់​ទាំង​ជាតិ​សាសន៍ 8មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ តាំង​ពី​កំណើត​ពិភព‌លោក​មក នឹង​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ។ 9អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ។ 10បើ​អ្នក​ណា​ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ បើ​អ្នក​ណា​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។
សត្វ​សាហាវ​ទីពីរ
11បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​សត្វ​សាហាវ​មួយ​ទៀត ចេញ​ពី​ដី​មក វា​មាន​ស្នែង​ពីរ ដូច​ជា​កូន​ចៀម តែ​និយាយ​ដូច​ជា​នាគ។ 12សត្វ​នោះ​ប្រើ​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ នៅ​ចំពោះ​សត្វ​ទី​មួយ ទាំង​ធ្វើ​ឲ្យ​ផែនដី និង​មនុស្ស​នៅ​លើ​ផែនដី ក្រាប​ថ្វាយ​បង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​សះ​ជា​វិញ​នោះ​ផង។ 13វា​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​ធំ រហូត​ដល់​បាន​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក 14ហើយ​វា​បាន​បញ្ឆោត​មនុស្ស​នៅ​ផែនដី ដោយ‌សារ​ទី​សម្គាល់ ដែល​វា​មាន​អំណាច​ធ្វើ​នឹង​ធ្វើ​នៅ​មុខ​សត្វ​នោះ ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ផែនដី ឲ្យ​ឆ្លាក់​រូប​សត្វ​នោះ ដែល​ត្រូវ​របួស​នឹង​ដាវ តែ​បាន​រស់​វិញ 15ហើយ​វា​មាន​អំណាច អាច​ធ្វើ​ឲ្យ​រូប​សត្វ​នោះ​មាន​ខ្យល់​ដង្ហើម ដើម្បី​ឲ្យ​រូប​សត្វ​នោះ​ចេះ​និយាយ ហើយ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​រូប​សត្វ​នោះ ត្រូវ​ស្លាប់​ផង។ 16វា​ក៏​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ហើយ​ទាំង​អ្នក​ជា និង​អ្នក​បម្រើ ឲ្យ​ទទួល​ទី​សម្គាល់​នៅ​ដៃ​ស្តាំ ឬ​នៅ​ថ្ងាស​គេ​រៀង​ខ្លួន 17មិន​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​លែង​តែ​អ្នក​ដែល​មាន​ទី​សម្គាល់ គឺ​ជា​ឈ្មោះ​របស់​សត្វ​នោះ ឬ​ជា​លេខ​ឈ្មោះ​របស់​វា។ 18នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ចូរ​គិត​លេខ​របស់​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស ហើយ​លេខ​របស់​អ្នក​នោះ គឺ​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ