ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ។ មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្ដីឃោរឃៅរបស់ការកំផិតខ្លួន។ រួចមានទេវតាទី៣មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង នឹងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ នឹងកូនចៀមផង ឯផ្សែងនៃសេចក្ដីទុក្ខលំបាករបស់គេ នឹងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ឬអ្នកណាដែលទទួលទីសំគាល់នៃឈ្មោះវាផង នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ។ ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សំរាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើក៏តាមគេជាប់។ នោះខ្ញុំក្រឡេកទៅឃើញពពកស១ ហើយមាន១អង្គ ដូចជាកូនមនុស្ស គង់នៅលើពពកនោះ ទាំងពាក់មកុដមាស ហើយកាន់កណ្តៀវដ៏មុត រួចមានទេវតា១ទៀតចេញពីព្រះវិហារមក បន្លឺដោយសំឡេងយ៉ាងខ្លាំងដល់ព្រះអង្គដែលគង់លើពពកថា សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ ដ្បិតជាវេលាត្រូវច្រូតហើយ ពីព្រោះនៅផែនដីបានទុំជាស្រេច នោះព្រះអង្គ ដែលគង់នៅលើពពក ទ្រង់លូកកណ្តៀវទៅឯផែនដី ដូច្នេះ ផែនដីក៏បានច្រូតរួចហើយ។ រួចមានទេវតា១ទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់ចែយ៉ាងមុតដែរ ហើយមានទេវតា១ទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ទេវតាដែលកាន់ចែដ៏មុតនោះថា ចូរលូកចែដ៏មុតរបស់ឯង ទៅកាត់ចង្កោមទំពាំងបាយជូរ នៅផែនដីទៅ ដ្បិតផ្លែទុំហើយ ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅផែនដីទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្ដីក្រោធនៃព្រះ នោះមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីធុងឡើងទៅត្រឹមដែកបង្ខាំសេះ ចំងាយ៣០០គីឡូម៉ែត្រទៅ។
អាន វិវរណៈ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 14:6-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ