ទំនុកតម្កើង 90:1-17

ទំនុកតម្កើង 90:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​លំនៅ របស់​យើង​ខ្ញុំ នៅ​គ្រប់​ជំនាន់។ មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​មាន​ព្រះ‌បន្ទូល​ថា «ឱ​ពួក​កូន​មនុស្ស​អើយ ចូរ​វិល​ត្រឡប់​ទៅ​វិញ​ទៅ»។ ដ្បិត​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ មួយ​ពាន់​ឆ្នាំប្រៀប​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ផុត​ទៅ ឬ​ដូច​ជា​យាម​មួយ​ក្នុងពេល​យប់។ ព្រះ‌អង្គ​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ គេ​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង​នៅ​ពេល​ព្រឹក នៅ​ពេល​ព្រឹកវា​ដុះ​ចេញ​មក ហើយ​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្វិត​ទៅ។ ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើឲ្យ​យើង​ខ្ញុំញ័រ​រន្ធត់។ ព្រះ‌អង្គ​បាន​ដាក់​អំពើ​ទុច្ចរិតរបស់​យើងខ្ញុំ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ដាក់​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។ ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​កន្លង​ផុត​ទៅ ដោយ​សារ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បង្ហើយ​អាយុ​របស់​យើង​ខ្ញុំ ដូច​មួយ​ដង្ហើម។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។ តើ​អ្នក​ណា​ស្គាល់​អំណាច នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ? សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ។ ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​រាប់​ថ្ងៃ​អាយុ របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ? សូម​អាណិត​មេត្តា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង! ពេល​ព្រឹក សូម​ចម្អែត​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ត្រេក​អរ ហើយ​សប្បាយ​រីករាយ​អស់​មួយ​ជីវិត។ សូម​ប្រទានឲ្យ​យើង​ខ្ញុំ​បាន​សប្បាយរីករាយ ឲ្យ​ស្មើ​នឹង​ថ្ងៃ​ជា​ច្រើន​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ទុក្ខ​យើង​ខ្ញុំ គឺ​ឲ្យ​ស្មើ​នឹង​ឆ្នាំ​ជា​ច្រើន ដែល​យើង​ខ្ញុំ​បាន​ឃើញ សេចក្ដី​អាក្រក់នោះ​ដែរ។ សូម​សម្ដែង​កិច្ច​ការរបស់​ព្រះ‌អង្គ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ ហើយ​ព្រះចេស្ដាដ៏​រុង​រឿងរបស់​ព្រះ‌អង្គ ឲ្យ​កូន​ចៅ​របស់​គេ​ឃើញ​ផង។ សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់‌ខ្ជួន អើ សូម​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តទៅ។

ទំនុកតម្កើង 90:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ជម្រក​របស់​យើង​ខ្ញុំ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ព្រះអង្គ​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ព្រះអង្គ​ជា​ព្រះ‌ជាម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ពូជ‌ពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!» ចំពោះ​ព្រះអង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិល‌មិញ​ដែល​កន្លង​ផុត​ទៅ ឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។ ព្រះអង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក គឺ​ជីវិត​របស់​គេ​ប្រៀប​បាន នឹង​ការ​លង់‌លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ នៅ​ពេល​ព្រឹក វា​ដុះ​ចេញ​មក ហើយ​លូត​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្ងួត​អស់​ទៅ។ យើង​ខ្ញុំ​ត្រូវ​វិនាស ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ ដោយ‌សារ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។ ព្រះអង្គ​យក​កំហុស​របស់​យើង​ខ្ញុំ មក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​ពន្លឺ​របស់​ព្រះអង្គ ចាំង​ឲ្យ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។ ដោយ‌សារ​ព្រះអង្គ​ដាក់​ទោស​យើង​ខ្ញុំ ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុន‌ដាប​ទៅៗ ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។ តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្គាល់​ព្រះ‌ពិរោធ​នេះ ដើម្បី​គោរព​កោត​ខ្លាច ព្រះអង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន? សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត ប្រកប​ដោយ​ប្រាជ្ញា។ ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​វិញ តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង! សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដ៏​លើស‌លុប​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ អស់​មួយ​ជីវិត។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។ សូម​សម្តែង​ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្តែង​ឲ្យ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ផង។ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សម្តែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​ឲ្យ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​ឲ្យ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។

ទំនុកតម្កើង 90:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ នៅ​អស់​ទាំង​ដំណ​ត​មក គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី នឹង​មនុស្ស​លោក​នៅ​ឡើយ ចាប់​តាំង​ពី​អស់‌កល្ប រៀង​ទៅដល់​អស់‌កល្ប‌ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ដោយ​បន្ទូល​ថា អស់​ទាំង​មនុស្ស​ជាតិ​អើយ ចូរ​ត្រឡប់​វិល​ទៅ​វិញ​ចុះ ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិល ដែល​កន្លង​ហួស​ទៅ​ហើយ ក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ ទ្រង់​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់ ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ នៅ​ពេល​ព្រឹក​គេ​ធៀប​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង គឺ​នៅ​ពេល​ព្រឹក​វា​រីក​ផ្កា ហើយ​លាស់​ឡើង ដល់​ល្ងាច​គេ​ត្រូវ​ច្រូត​កាត់​ទៅ ហើយ​ក៏​ក្រៀម​ស្វិត​វិញ ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បំភ័យ​យើង​ខ្ញុំ ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិត របស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​ផង ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​បាន​កន្លង​បាត់​ទៅ ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ យើង​ខ្ញុំ​បង្ហើយ​អាយុ​យើង​ខ្ញុំ​ដូច​ជា​សូរ​ថ្ងូរ កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់ តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ តាម​ដែល​គួរ​កោត‌ខ្លាច​ដល់​ទ្រង់​នោះ ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មី‌ឃ្មាត ឲ្យ​បាន​សតិ‌បញ្ញា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ សូម​សំរាល​ព្រះ‌ហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក‌រាយ​ឡើង ហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត សូម​ឲ្យ​យើង​ខ្ញុំ​បាន​ថ្ងៃ​អរ​សប្បាយ ឲ្យ​ស្មើ​នឹង​ថ្ងៃ ដែល​ទ្រង់​បាន​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ហើយ គឺ​ឲ្យ​ស្មើ​នឹង​អស់​ទាំង​ឆ្នាំ ដែល​យើង​ខ្ញុំ​ទ្រាំ​រង សេចក្ដី​អាក្រក់​នោះ សូម​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​សំដែង​មក​ច្បាស់ ដល់​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​កូន​ចៅ​គេ​ផង សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​យើង​ខ្ញុំ ហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង អើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិត‌ស្ថេរ​ចុះ។