ទំនុកតម្កើង 90

90
ភាគ​ទី​បួន
(ទំនុក​តម្កើង ៩០-១០៦)
មនុស្ស​លោក​រមែង​តែង‌តែ​ស្លាប់ តែ​ព្រះ​គង់​នៅ​អស់​កល្បជានិច្ច
ពាក្យ​អធិស្ឋាន​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ។
1ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​លំនៅ របស់​យើង​ខ្ញុំ
នៅ​គ្រប់​ជំនាន់។
2មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង
ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី
និង​ពិភព​លោកមក
ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប
គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។
3ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ
ហើយ​មាន​ព្រះ‌បន្ទូល​ថា
«ឱ​ពួក​កូន​មនុស្ស​អើយ
ចូរ​វិល​ត្រឡប់​ទៅ​វិញ​ទៅ»។
4ដ្បិត​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ
មួយ​ពាន់​ឆ្នាំប្រៀប​ដូច​ជា​ថ្ងៃ​ម្សិល
ដែល​កន្លង​ផុត​ទៅ
ឬ​ដូច​ជា​យាម​មួយ​ក្នុងពេល​យប់។
5ព្រះ‌អង្គ​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់
ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ
គេ​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង​នៅ​ពេល​ព្រឹក
6នៅ​ពេល​ព្រឹកវា​ដុះ​ចេញ​មក ហើយ​លាស់​ឡើង
នៅ​ពេល​ល្ងាច វា​ស្រពោន
ហើយ​ក្រៀម​ស្វិត​ទៅ។
7ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ
ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ធ្វើឲ្យ​យើង​ខ្ញុំញ័រ​រន្ធត់។
8ព្រះ‌អង្គ​បាន​ដាក់​អំពើ​ទុច្ចរិតរបស់​យើងខ្ញុំ
នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​ដាក់​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត
ដោយ​លាក់​កំបាំង
ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។
9ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​កន្លង​ផុត​ទៅ
ដោយ​សារ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
យើង​ខ្ញុំ​បង្ហើយ​អាយុ​របស់​យើង​ខ្ញុំ
ដូច​មួយ​ដង្ហើម។
10អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ
ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ
តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ
ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក
និង​ទុក្ខ​ព្រួយ​ទទេ
អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន
ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។
11តើ​អ្នក​ណា​ស្គាល់​អំណាច
នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ?
សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ។
12ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​រាប់​ថ្ងៃ​អាយុ
របស់​យើង​ខ្ញុំ
ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា។
13ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ
តើ​ដល់​កាល​ណា​ទៅ?
សូម​អាណិត​មេត្តា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង!
14ពេល​ព្រឹក សូម​ចម្អែត​យើង​ខ្ញុំ
ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ត្រេក​អរ
ហើយ​សប្បាយ​រីករាយ​អស់​មួយ​ជីវិត។
15សូម​ប្រទានឲ្យ​យើង​ខ្ញុំ​បាន​សប្បាយរីករាយ
ឲ្យ​ស្មើ​នឹង​ថ្ងៃ​ជា​ច្រើន​ដែល​ព្រះ‌អង្គ
បាន​ធ្វើ​ទុក្ខ​យើង​ខ្ញុំ
គឺ​ឲ្យ​ស្មើ​នឹង​ឆ្នាំ​ជា​ច្រើន
ដែល​យើង​ខ្ញុំ​បាន​ឃើញ
សេចក្ដី​អាក្រក់នោះ​ដែរ។
16សូម​សម្ដែង​កិច្ច​ការរបស់​ព្រះ‌អង្គ
ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ
ហើយ​ព្រះចេស្ដាដ៏​រុង​រឿងរបស់​ព្រះ‌អង្គ
ឲ្យ​កូន​ចៅ​របស់​គេ​ឃើញ​ផង។
17សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​យើង​ខ្ញុំ
បាន​សណ្ឋិត​លើ​យើង​ខ្ញុំ
ហើយ​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ
ឲ្យ​បាន​ខ្ជាប់‌ខ្ជួន
អើ សូម​តាំង​កិច្ច​ការ​ដែល​ដៃ​យើង​ខ្ញុំ​ធ្វើ
ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 90: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល