ទំនុកដំកើង 90

90
ប៉ែក​ទី​៤
សេចក្ដី​អធិស្ឋាន​របស់​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ។
1ឱ​ព្រះ‌អម្ចាស់​អើយ
ទ្រង់​បាន​ធ្វើ​ជា​ទី​អាស្រ័យ​នៅ​នៃ​យើង​ខ្ញុំ
នៅ​អស់​ទាំង​ដំណ​ត​មក
2គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង
ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី
នឹង​មនុស្ស​លោក​នៅ​ឡើយ
ចាប់​តាំង​ពី​អស់‌កល្ប រៀង​ទៅដល់​អស់‌កល្ប‌ជានិច្ច
នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ
3ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ
ដោយ​បន្ទូល​ថា អស់​ទាំង​មនុស្ស​ជាតិ​អើយ
ចូរ​ត្រឡប់​វិល​ទៅ​វិញ​ចុះ
4ដ្បិត​នៅ​ព្រះ‌នេត្រ​ទ្រង់ នោះ​១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិល
ដែល​កន្លង​ហួស​ទៅ​ហើយ
ក៏​ដូច​ជា​យាម​១​ក្នុង​វេលា​យប់​ប៉ុណ្ណោះ
5ទ្រង់​កៀរ​យក​គេ​ទៅ ដូច​ជា​ទឹក​ជន់
ដូច​ជា​ដេក​លក់​មួយ​ស្របក់​ប៉ុណ្ណោះ
នៅ​ពេល​ព្រឹក​គេ​ធៀប​ដូច​ជា​ស្មៅ​ដែល​លាស់​ឡើង
6គឺ​នៅ​ពេល​ព្រឹក​វា​រីក​ផ្កា ហើយ​លាស់​ឡើង
ដល់​ល្ងាច​គេ​ត្រូវ​ច្រូត​កាត់​ទៅ ហើយ​ក៏​ក្រៀម​ស្វិត​វិញ
7ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់
ហើយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បំភ័យ​យើង​ខ្ញុំ
8ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិត
របស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់
ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង
ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​ផង
9ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​បាន​កន្លង​បាត់​ទៅ
ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់
យើង​ខ្ញុំ​បង្ហើយ​អាយុ​យើង​ខ្ញុំ​ដូច​ជា​សូរ​ថ្ងូរ
10កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ
ឬ​បើ​មាន​កំឡាំង​ច្រើន
នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ
គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ
សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ
ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ
ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់
11តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់
នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់
តាម​ដែល​គួរ​កោត‌ខ្លាច​ដល់​ទ្រង់​នោះ
12ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ
នៃ​យើង​ខ្ញុំ
ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មី‌ឃ្មាត ឲ្យ​បាន​សតិ‌បញ្ញា
13ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​វិល​មក​វិញ
តើ​ដល់​កាល​ណា​ទៅ
សូម​សំរាល​ព្រះ‌ហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង
14ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់
នៅ​ពេល​ព្រឹក
ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក‌រាយ​ឡើង
ហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត
15សូម​ឲ្យ​យើង​ខ្ញុំ​បាន​ថ្ងៃ​អរ​សប្បាយ ឲ្យ​ស្មើ​នឹង​ថ្ងៃ
ដែល​ទ្រង់​បាន​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ហើយ
គឺ​ឲ្យ​ស្មើ​នឹង​អស់​ទាំង​ឆ្នាំ ដែល​យើង​ខ្ញុំ​ទ្រាំ​រង
សេចក្ដី​អាក្រក់​នោះ
16សូម​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​សំដែង​មក​ច្បាស់
ដល់​ពួក​អ្នក​បំរើ​ទ្រង់
ហើយ​ឲ្យ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​កូន​ចៅ​គេ​ផង
17សូម​ឲ្យ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ
បាន​សណ្ឋិត​លើ​យើង​ខ្ញុំ
ហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង
អើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិត‌ស្ថេរ​ចុះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 90: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល