ឱព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើជាទីលំនៅ របស់យើងខ្ញុំ នៅគ្រប់ជំនាន់។ មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។ ព្រះអង្គធ្វើឲ្យមនុស្ស ត្រឡប់ទៅជាធូលីដីវិញ ហើយមានព្រះបន្ទូលថា «ឱពួកកូនមនុស្សអើយ ចូរវិលត្រឡប់ទៅវិញទៅ»។ ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល ដែលកន្លងផុតទៅ ឬដូចជាយាមមួយក្នុងពេលយប់។ ព្រះអង្គកៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ គេដូចជាស្មៅដែលលាស់ឡើងនៅពេលព្រឹក នៅពេលព្រឹកវាដុះចេញមក ហើយលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្វិតទៅ។ ដ្បិតយើងខ្ញុំត្រូវវិនាសទៅ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។ ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ នៅចំពោះព្រះអង្គ ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត ដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។ ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំកន្លងផុតទៅ ដោយសារសេចក្ដីក្រោធរបស់ព្រះអង្គ យើងខ្ញុំបង្ហើយអាយុរបស់យើងខ្ញុំ ដូចមួយដង្ហើម។ អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។ តើអ្នកណាស្គាល់អំណាច នៃសេចក្ដីក្រោធរបស់ព្រះអង្គ? សេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។ ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។ ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ? សូមអាណិតមេត្តាពួកអ្នកបម្រើរបស់ព្រះអង្គផង! ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។ សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ បានធ្វើទុក្ខយើងខ្ញុំ គឺឲ្យស្មើនឹងឆ្នាំជាច្រើន ដែលយើងខ្ញុំបានឃើញ សេចក្ដីអាក្រក់នោះដែរ។ សូមសម្ដែងកិច្ចការរបស់ព្រះអង្គ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ឲ្យកូនចៅរបស់គេឃើញផង។ សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
អាន ទំនុកតម្កើង 90
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 90:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ