ទំនុកតម្កើង 80:1-7

ទំនុកតម្កើង 80:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ សូម​ភ្លឺ​មក សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ឡើង នៅ​ចំពោះ​ពួកអេប្រាអិម បេនយ៉ាមីន និង​ម៉ាណា‌សេ ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង! ឱ​ព្រះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ នៅ​ពេល​គេ​អធិស្ឋាន​រក​ព្រះ‌អង្គ ដល់​កាល​ណា​ទៀត? ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ភ្នែក​ដល់​គេ​ជំនួស​នំប៉័ង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​សើច​ចំអក។ ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

ទំនុកតម្កើង 80:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​ដែល​ជា​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​យើង​ខ្ញុំ ព្រះអង្គ​ដឹក​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​ព្រះអង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ សូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​របស់​ព្រះអង្គ សូម​សម្តែង​ព្រះ‌ចេស្ដា​ឲ្យ​កុល‌សម្ព័ន្ធ អេប្រាអ៊ីម បេន‌យ៉ាមីន និង​ម៉ាណា‌សេ​ឃើញ សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត! ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ មិន​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ព្រះអង្គ ដល់​កាល​ណា​ទៀត? ព្រះអង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេង ឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ជិត​ខាង​ឈ្លោះ​គ្នា ដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​ចំអក​ឡក‌ឡឺយ​ឲ្យ​យើង​ខ្ញុំ។ ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

ទំនុកតម្កើង 80:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ​ដ៏​ឃ្វាល​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ​ដែល​គង់​នៅ​កណ្តាល​ចេរូប៊ីន​អើយ សូម​ភ្លឺ​មក សូម​បណ្តាល​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឡើង នៅ​ចំពោះ​ពួក អេប្រា‌អិម បេន‌យ៉ាមីន នឹង​ម៉ាន៉ាសេ ហើយ​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ឱ​ព្រះ‌អង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ទ្រង់​នឹង​ខ្ញាល់​ទាស់​នឹង​សេចក្ដី​អធិស្ឋាន​របស់ រាស្ត្រ​ទ្រង់​ដល់​កាល​ណា ទ្រង់​បាន​ឲ្យ​គេ​បរិភោគ​នំបុ័ង​ដែល​នាំ​ឲ្យ​ស្រក់​ទឹក​ភ្នែក ព្រម​ទាំង​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់​ហើយ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាង ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ក៏​សើច​ឡក​ក្នុង​ពួក​គេ ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ