ទំនុកតម្កើង 80

80
ពាក្យ​អធិស្ឋាន​សូម​ឲ្យព្រះនាំ​អ៊ីស្រា‌អែល​មក​វិញ!
ទំនុក​របស់​លោក​អេសាភ សម្រាប់​មេ​ភ្លេង តាម​បទ «ផ្កា​ឈូក» ជា​សេចក្ដី​បន្ទាល់។
1ឱ​ព្រះ​ដែល​ជា​គង្វាល​សាសន៍​អ៊ីស្រា‌អែល​អើយ
ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា
នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់
ឱ​ព្រះ​ដែល​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​អើយ
សូម​ភ្លឺ​មក
2សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ឡើង
នៅ​ចំពោះ​ពួកអេប្រាអិម
បេនយ៉ាមីន និង​ម៉ាណា‌សេ
ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!
3ឱ​ព្រះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក
នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!
4៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
នៅ​ពេល​គេ​អធិស្ឋាន​រក​ព្រះ‌អង្គ
ដល់​កាល​ណា​ទៀត?
5ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ភ្នែក​ដល់​គេ​ជំនួស​នំប៉័ង
ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។
6ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ
នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ
ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ
គេ​នាំ​គ្នា​សើច​ចំអក។
7ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក
នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!
8៙ ព្រះ‌អង្គ​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​មួយ
ពី​ស្រុក​អេស៊ីព្ទ​មក
ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍នានា​ចេញ
ហើយ​បាន​ដាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ​វិញ។
9ព្រះ‌អង្គ​បានជម្រះ​ដី​នោះ​យ៉ាង​ស្អាត
ដើម​ទំពាំង​បាយ​ជូរ​ក៏​ចាក់​ឫស​យ៉ាង​ជ្រៅ
ហើយ​ដុះពាស​ពេញ​ក្នុង​ស្រុក។
10ម្លប់​ដើម​ទំពាំង​បាយ​ជូរ
បាន​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា
ហើយ​មែក​របស់​វាក៏​គ្រប​លើ​ដើម​តា‌ត្រៅ​ខ្ពស់ៗ។
11ដើម​ទំពាំង​បាយ​ជូរ​នោះ​បែក​មែក
រហូត​ទៅ​ដល់​សមុទ្រ
ហើយ​ពន្លក​របស់​វារហូត​ទៅ​ដល់​ទន្លេអឺប្រាត។
12តែ​ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ
រំលំ​របងចម្ការ​ទំពាំង​បាយ​ជូរ​នេះ
ធ្វើ​ឲ្យ​អស់​អ្នកដែល​ដើរ​តាម​នោះ​បេះ​ផ្លែ​វា​ដូច្នេះ?
13ជ្រូក​ចេញ​ពី​ព្រៃ​មក​ឈ្មុសបំផ្លាញ
ហើយ​អស់​ទាំង​សត្វ​នៅទី​វាល
ក៏​ស៊ី​ទំពាំង​បាយ​ជូរ​នេះ​ដែរ។
14ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
សូម​ព្រះ‌អង្គ​បែរ​មក​វិញ
ហើយ​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌​មក
សូម​ប្រោស​ប្រណី​ដើម​ទំពាំង‌បាយ‌ជូរ​នេះ​ផង
15គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ដាំ
ជា​កូន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ឲ្យ​មាន​កម្លាំង​សម្រាប់​អង្គ​ទ្រង់។
16ខ្មាំង​សត្រូវ​បាន​យក​ភ្លើង
ដុត​ដើម​ទំពាំង​បាយ​ជូរ​នេះ
គេបាន​កាប់​វាចោល
សូម​ឲ្យ​គេ​វិនាស​ដោយ​ការ​បន្ទោស
ចេញ​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ!
17ប៉ុន្ដែ សូម​ឲ្យ​ព្រះ‌ហស្ត​ព្រះ‌អង្គ​ស្ថិតនៅ​លើ
អ្នកដែល​នៅ​ខាង​ស្ដាំ​ព្រះ‌ហស្ត​ព្រះ‌អង្គ
គឺ​កូន​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំង
សម្រាប់​អង្គ​ទ្រង់!
18យ៉ាង​នោះ យើង​ខ្ញុំ​នឹង​មិន​បែរ​ចេញ
ពី​ព្រះ‌អង្គ​ឡើយ
សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​រាន
មាន​ជីវិត​ឡើង​វិញ​ផង
នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវរក​ព្រះ‌នាម​ព្រះ‌អង្គ។
19ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក
នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 80: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ