ទំនុកដំកើង 80
80
ទំនុករបស់អេសាភ ដែលលោកលើកឲ្យមេភ្លេង សំរាប់លេងតាមបទ «ផ្កាឈូកនៃសេចក្ដីបន្ទាល់»។
1ឱព្រះដ៏ឃ្វាលសាសន៍អ៊ីស្រាអែល
ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា
នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់
ឱព្រះដែលគង់នៅកណ្តាលចេរូប៊ីនអើយ សូមភ្លឺមក
2សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង
នៅចំពោះពួក
អេប្រាអិម បេនយ៉ាមីន នឹងម៉ាន៉ាសេ
ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
3ឱព្រះអង្គអើយ សូមបង្វិលយើងខ្ញុំមកវិញ
សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
4៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
តើទ្រង់នឹងខ្ញាល់ទាស់នឹងសេចក្ដីអធិស្ឋានរបស់
រាស្ត្រទ្រង់ដល់កាលណា
5ទ្រង់បានឲ្យគេបរិភោគនំបុ័ងដែលនាំឲ្យស្រក់ទឹកភ្នែក
ព្រមទាំងឲ្យគេផឹកទឹកភ្នែកពេញរង្វាល់ហើយ
6ទ្រង់បានធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីទាស់ទែងគ្នា
ដល់ពួកអ្នកជិតខាង
ពួកខ្មាំងសត្រូវរបស់យើងខ្ញុំក៏សើចឡកក្នុងពួកគេ
7ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ
សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
8៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមក
ក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញ
ហើយបានដាំដើមនោះវិញ
9ទ្រង់បានរៀបកន្លែងនៅជុំវិញ
ហើយដើមនោះក៏ចាក់ឫសបែកសាយទៅពេញក្នុងស្រុក
10ម្លប់ដើមនោះបានគ្របពេញលើអស់ទាំងភ្នំ
ហើយខ្នែងក៏បានដូចជាដើមតាត្រៅនៃព្រះ
11បានបោះខ្នែងរហូតដល់សមុទ្រ ហើយលំពង់ដល់ទន្លេ
12ហេតុអ្វីបានជាទ្រង់រំលំរបងចេញ
ឲ្យអស់អ្នកដើរតាមនោះ បានបោចបំផ្លាញដូច្នេះ
13ជ្រូកក៏ចេញពីព្រៃមកឈ្មុស
ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ
14ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់
សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើល
ព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង
15គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំ
ជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកំឡាំងសំរាប់អង្គទ្រង់
16ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ
គេត្រូវវិនាសដោយព្រះភក្ត្រទ្រង់ទតបន្ទោស
17សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នក
ដែលព្រះហស្តស្តាំទ្រង់បានតាំងឡើង
គឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកំឡាំង
សំរាប់អង្គទ្រង់
18យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយ
សូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ
នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់
19ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
សូមបង្វិលយើងខ្ញុំមកវិញ
សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 80: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.