ទំនុកតម្កើង 77:3-12

ទំនុកតម្កើង 77:3-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នឹក​ដល់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ ទទួល​ទាន​ដំណេក​មិន​លក់​សោះ ទូលបង្គំ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។ ទូលបង្គំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ ទូលបង្គំ​រិះគិត​ដដែលៗ ពេញ​មួយ​យប់ ទូលបង្គំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ស្វែង​យល់​ថា តើ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​រហូត​ឬ? តើ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ នឹង​យើង​ទៀត​ទេ​ឬ? តើ​ព្រះអង្គ​លែង​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​យើង​ហើយ​ឬ? តើ​ព្រះអង្គ​នៅ​ស្ងៀម​លែង​មាន​ព្រះ‌បន្ទូល មក​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ? តើ​ព្រះ‌ជាម្ចាស់​ភ្លេច​សម្តែង​ព្រះ‌ហឫទ័យ ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ? នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ តើ​ព្រះអង្គ​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ? - សម្រាក ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លែង​សម្តែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ! ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រំឭក​ឡើង​វិញ នូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។

ទំនុកតម្កើង 77:3-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំស្រែក​ថ្ងូរ ពេល​ខ្ញុំ​សញ្ជឹង​គិត វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់ ៙ ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ មិន​ឲ្យ​ដេក​លក់ ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង រក​និយាយ​មិន​កើត។ ទូល‌បង្គំ​ពិចារណា​ពី​សម័យ​ចាស់​បុរាណ ក៏​នឹក​ចាំ​ពី​ឆ្នាំ​ទាំង​ឡាយ​ដ៏​យូរ​លង់​កន្លង​មក។ ទូល‌បង្គំ​នឹក​ឃើញ​ទំនុក ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ ទូល‌បង្គំសញ្ជឹង​គិត​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំ ក៏ស្វះ​ស្វែង​រក​ចម្លើយ។ តើ​ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​រហូត ហើយ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ទៀត​ទេ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ លែង​មាន​រហូត​ហើយ​ឬ? តើ​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ខក​ខាន​រហូត​ហើយ​ឬ? តើ​ព្រះ​ភ្លេច​សម្ដែង​ព្រះ​គុណ​ហើយ​ឬ? តើ​ព្រះ‌អង្គ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ របស់​ព្រះ‌អង្គ​ទុក ដោយ​សារ​ទ្រង់​ខ្ញាល់​ឬ? –បង្អង់ ពេល​នោះ ទូល‌បង្គំ​គិត​ថា «នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។ ៙ ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌យេហូវ៉ា អើ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 77:3-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹក​ពី​ព្រះ នោះ​ក៏មាន​ចិត្ត​ទុរន់‌ទុរា ខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់ ៙ ទ្រង់​ទល់​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​លក់ ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​ប្រដេញ ទាល់​តែ​រក​និយាយ​មិន​ចេញ ទូលបង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ នឹង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន ទូលបង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ នោះ​ទូលបង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូលបង្គំ ក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ តើ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​បោះ‌បង់​ចោល​ជា​ដរាប​ឬ តើ​ទ្រង់​មិន​ព្រម​ប្រោស‌ប្រាណ​ទៀត​ទេ​ឬ តើ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​អស់​រលីង​ជា​ដរាប​ទៅ​ឬ តើ​សេចក្ដី​សន្យា​ទ្រង់​អាក់‌ខាន​ទៅ​ជានិច្ច​ឬ តើ​ព្រះ‌ទ្រង់​ភ្លេច​ប្រព្រឹត្ត​ដោយ​ករុណា​របស់​ទ្រង់​ហើយ​ឬ តើ​ទ្រង់​បាន​បិទ​បាំង​សេចក្ដី​អាណិត​មេត្តា​របស់​ទ្រង់​ទុក ដោយ​សេចក្ដី​ខ្ញាល់​ដែរ​ឬ​អី។ –បង្អង់ ៙ នោះ​ទូលបង្គំ​បាន​នឹក​ថា នេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​របស់​ទូលបង្គំ តែ​ទូលបង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រោស​វិញ ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន