ទំនុកតម្កើង 77:3-12

ទំនុកតម្កើង 77:3-12 គកស១៦

ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំស្រែក​ថ្ងូរ ពេល​ខ្ញុំ​សញ្ជឹង​គិត វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់ ៙ ព្រះ‌អង្គ​ទល់​ត្របក​ភ្នែក​ទូល‌បង្គំ មិន​ឲ្យ​ដេក​លក់ ទូល‌បង្គំ​មាន​ចិត្ត​តាន​តឹង​ជា​ខ្លាំង រក​និយាយ​មិន​កើត។ ទូល‌បង្គំ​ពិចារណា​ពី​សម័យ​ចាស់​បុរាណ ក៏​នឹក​ចាំ​ពី​ឆ្នាំ​ទាំង​ឡាយ​ដ៏​យូរ​លង់​កន្លង​មក។ ទូល‌បង្គំ​នឹក​ឃើញ​ទំនុក ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ ទូល‌បង្គំសញ្ជឹង​គិត​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំ ក៏ស្វះ​ស្វែង​រក​ចម្លើយ។ តើ​ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​រហូត ហើយ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ទៀត​ទេ​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ លែង​មាន​រហូត​ហើយ​ឬ? តើ​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ខក​ខាន​រហូត​ហើយ​ឬ? តើ​ព្រះ​ភ្លេច​សម្ដែង​ព្រះ​គុណ​ហើយ​ឬ? តើ​ព្រះ‌អង្គ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ របស់​ព្រះ‌អង្គ​ទុក ដោយ​សារ​ទ្រង់​ខ្ញាល់​ឬ? –បង្អង់ ពេល​នោះ ទូល‌បង្គំ​គិត​ថា «នេះ​ជា​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំទេ ដែល​យល់​ថា ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រែ​ប្រួល»។ ៙ ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌យេហូវ៉ា អើ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។