ទំនុកដំកើង 77

77
ទំនុក​របស់​អេសាភ ដែល​លោក​លើក​សំរាប់​មេ​ភ្លេង ជូន​ដល់​លោក​យេឌូថិន។
1ខ្ញុំ​បន្លឺ​សំឡេង អំពាវ‌នាវ​ដល់​ព្រះ
ខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះ
ហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ
2នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា
នោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់
នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ
ព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ
3ខ្ញុំ​នឹក​ពី​ព្រះ នោះ​ក៏មាន​ចិត្ត​ទុរន់‌ទុរា
ខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់
4៙ ទ្រង់​ទល់​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​លក់
ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​ប្រដេញ
ទាល់​តែ​រក​និយាយ​មិន​ចេញ
5ទូលបង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ
នឹង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន
6ទូលបង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់
នោះ​ទូលបង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូលបង្គំ
ក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ
7តើ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​បោះ‌បង់​ចោល​ជា​ដរាប​ឬ
តើ​ទ្រង់​មិន​ព្រម​ប្រោស‌ប្រាណ​ទៀត​ទេ​ឬ
8តើ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​អស់​រលីង​ជា​ដរាប​ទៅ​ឬ
តើ​សេចក្ដី​សន្យា​ទ្រង់​អាក់‌ខាន​ទៅ​ជានិច្ច​ឬ
9តើ​ព្រះ‌ទ្រង់​ភ្លេច​ប្រព្រឹត្ត​ដោយ​ករុណា​របស់​ទ្រង់​ហើយ​ឬ
តើ​ទ្រង់​បាន​បិទ​បាំង​សេចក្ដី​អាណិត​មេត្តា​របស់​ទ្រង់​ទុក
ដោយ​សេចក្ដី​ខ្ញាល់​ដែរ​ឬ​អី។ –បង្អង់
10៙ នោះ​ទូលបង្គំ​បាន​នឹក​ថា
នេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​របស់​ទូលបង្គំ
តែ​ទូលបង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះ‌ហស្ត​ស្តាំ
នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រោស​វិញ
11ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា
ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ
ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម
12ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់
ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន
13ឱ​ព្រះ‌អង្គ​អើយ ផ្លូវ​ទ្រង់​ជា​ផ្លូវ​បរិសុទ្ធ
តើ​មាន​ព្រះ​ឯ​ណា​ដែល​ធំ​ដូច​ជា​ទ្រង់
14ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យ
ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធា‌នុភាព​នៃ​ទ្រង់
នៅ​កណ្តាល​អស់​ទាំង​សាសន៍
15ទ្រង់​បាន​ប្រោស​បណ្តា​រាស្ត្រ​ឲ្យ​រួច
ដោយ​ព្រះ‌ហស្ត​របស់​ទ្រង់
គឺ​ជា​ពួក​កូន​ចៅ​យ៉ាកុប នឹង​យ៉ូសែប​ផង។ –បង្អង់
16៙ ឱ​ព្រះ‌អង្គ​អើយ ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់
គឺ​ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់
ហើយ​មាន​សេចក្ដី​ភិត‌ភ័យ
អស់​ទាំង​ទី​ជំរៅ​ក៏​ញ័រ​ដែរ
17អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញ
ផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពង
ហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ
18សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួច
ផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ
ឯ​ផែនដី​ក៏​ញ័រ​កក្រើក
19ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រ
ហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើន
ឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ​ទ្រង់​ឡើយ
20ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀម
គឺ​ដោយ​ដៃ​របស់​ម៉ូសេ នឹង​អើរ៉ុន។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 77: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល