ទំនុកដំកើង 77:3-12

ទំនុកដំកើង 77:3-12 ពគប

ខ្ញុំ​នឹក​ពី​ព្រះ នោះ​ក៏មាន​ចិត្ត​ទុរន់‌ទុរា ខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់ ៙ ទ្រង់​ទល់​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​លក់ ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​ប្រដេញ ទាល់​តែ​រក​និយាយ​មិន​ចេញ ទូលបង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ នឹង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន ទូលបង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់ នោះ​ទូលបង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូលបង្គំ ក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ តើ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​បោះ‌បង់​ចោល​ជា​ដរាប​ឬ តើ​ទ្រង់​មិន​ព្រម​ប្រោស‌ប្រាណ​ទៀត​ទេ​ឬ តើ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​អស់​រលីង​ជា​ដរាប​ទៅ​ឬ តើ​សេចក្ដី​សន្យា​ទ្រង់​អាក់‌ខាន​ទៅ​ជានិច្ច​ឬ តើ​ព្រះ‌ទ្រង់​ភ្លេច​ប្រព្រឹត្ត​ដោយ​ករុណា​របស់​ទ្រង់​ហើយ​ឬ តើ​ទ្រង់​បាន​បិទ​បាំង​សេចក្ដី​អាណិត​មេត្តា​របស់​ទ្រង់​ទុក ដោយ​សេចក្ដី​ខ្ញាល់​ដែរ​ឬ​អី។ –បង្អង់ ៙ នោះ​ទូលបង្គំ​បាន​នឹក​ថា នេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​របស់​ទូលបង្គំ តែ​ទូលបង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះ‌ហស្ត​ស្តាំ នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រោស​វិញ ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា ដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន