ទំនុកតម្កើង 72:1-19

ទំនុកតម្កើង 72:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ! សូម​ឲ្យ​ព្រះ​រាជា​បាន​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដោយ​សុចរិត ហើយ​គ្រប់​គ្រង​លើ​ប្រជា‌រាស្ត្រ​ក្រីក្រ របស់​ព្រះ‌អង្គ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន ដល់​ប្រជា‌រាស្ត្រ ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត! សូម​ឲ្យ​ព្រះ​រាជា​បាន​ការ​ពារ​ក្ដី​របស់​មនុស្ស​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ ជួយ​សង្គ្រោះ​ពួក​កូន​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​ពួក​អ្នក​ជិះ​ជាន់​គេ ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។ ៙ សូម​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះករុណា ក្នុង​កាល​ដែល​នៅ​មាន​ព្រះ‌អាទិត្យ ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ គឺជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ! សូម​ឲ្យ​ព្រះ​រាជា​បាន​ដូច​ជា​ភ្លៀង​បង្អុរ មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​ដែល​ស្រោច‌ស្រព​ផែន​ដី! នៅ​ក្នុង​គ្រា​របស់​ព្រះ​រាជា សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ហើយ​សូម​ឲ្យ​សេចក្ដី​សុខ​សាន្ត​មាន​ជា​បរិបូរ ដរាប​ទាល់​តែ​លែង​មាន​ព្រះ‌ចន្ទ! ៙ សូម​ឲ្យ​ព្រះ​រាជា​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ចុង​បំផុត​ផែនដី! សូម​ឲ្យ​មនុស្ស​ដែល​រស់​នៅ​ទី​រហោ‌ស្ថាន នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ក្រាប​លិឍ​ធូលី​ដី សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ! សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ! ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។ ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។ ព្រះ​រាជា​លោះ​ជីវិត​ពួកគេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។ សូម​ឲ្យ​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក ភោគ​ផល​ទាំង​នោះ​ទ្រេត​ចុះ​ឡើង​នៅ​លើ​កំពូល​ភ្នំ សូម​ឲ្យ​ដើម​ឈើ​មាន​ផល​ផ្លែ ដូច​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន ហើយ​សូម​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​ទី​ក្រុង ដូច​ស្មៅ​នៅ​តាម​ទីវាល! សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។ ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ដែល​ធ្វើ​ការ​ដ៏​អស្ចារ្យ។ សូម​លើក​តម្កើង​ព្រះ‌នាម ដ៏​រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច សូម​ឲ្យ​ផែនដី​ទាំង​មូល មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ! អាម៉ែន ហើយ​អាម៉ែន!

ទំនុកតម្កើង 72:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះអង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ​របស់​ព្រះ‌រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះអង្គ​ដែរ! ដើម្បី​ឲ្យ​ព្រះ‌រាជា​អាច​គ្រប់‌គ្រង ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដោយ​សុចរិត ហើយ​គ្រប់‌គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្ដល់​នូវ​ភោគ‌ផល ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ត្រ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់ សេចក្ដី​សុចរិត​ដែរ។ សូម​ព្រះ‌រាជា​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ ដរាប​ណា​នៅ​មាន​ព្រះ‌អាទិត្យ​រះ មាន​ព្រះ‌ច័ន្ទ​បញ្ចេញ​រស្មី សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ សូម​ទ្រង់​ផ្ដល់​ព្រះ‌ពរ​ដល់​ប្រជា‌រាស្ត្រ ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការ និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។ សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ក្នុង​រជ្ជកាល​របស់​ព្រះ‌ករុណា ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។ សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌ករុណា​លាត​សន្ធឹង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ និង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះ រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។ ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច ។ ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណា ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។ ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។ ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​រំដោះ​ជន​ទុគ៌ត ដែល​គ្មាន​ទី​ពឹង។ ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។ ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ ចំពោះ​ព្រះ‌ករុណា ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណា គេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជា ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។ នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌ នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើន ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង សូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង ដូច​ស្មៅ​នៅ​តាម​ទី​វាល។ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌ករុណា នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​ព្រះ‌នាម​ព្រះ‌ករុណា ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ព្រះ‌រាជា​ប្រកប​ដោយ​ព្រះ‌ពរ! សូម​លើក​តម្កើង​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ! សូម​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿង របស់​ព្រះអង្គ​រហូត​ត​ទៅ! សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញ ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ! អាម៉ែន! អាម៉ែន!

ទំនុកតម្កើង 72:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រទាន​បញ្ញត្ត​ច្បាប់ នៃ​ទ្រង់​មក​ទូលបង្គំ​ជា​ស្តេច ហើយ​សេចក្ដី​សុចរិត​នៃ​ទ្រង់​ដល់​ព្រះ‌រាជ​បុត្រា​ផង ឲ្យ​ព្រះ‌រាជ​បុត្រា​បាន​គ្រប់‌គ្រង​លើ​រាស្ត្រ​របស់​ព្រះ ដោយ​សុចរិត ហើយ​លើ​ពួក​ក្រីក្រ​ដោយ​ទៀង​ត្រង់ នោះ​អស់​ទាំង​ភ្នំ​ធំ​តូច នឹង​ចំរើន​សេចក្ដី​សុខ ដល់​បណ្តាជន ដោយ​សេចក្ដី​សុចរិត សូម​ឲ្យ​ទ្រង់​បាន​សំរេច​ក្តី ដល់​ពួក​កំសត់​ក្នុង​បណ្តាជន ហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រីក្រ ព្រម​ទាំង​វាយ​ពួក​អ្នក​សង្កត់‌សង្កិន​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។ ៙ យ៉ាង​នោះ គេ​នឹង​កោត‌ខ្លាច​ដល់​ទ្រង់​ដ៏​ជា​ព្រះ អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅ ព្រម​ទាំង​ព្រះ‌ចន្ទ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ សូម​ឲ្យ​ទ្រង់​បាន​ដូច​ជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាល ដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​១​មេៗ​ដែល​ស្រោច​ដី នៅ​ក្នុង​គ្រា​ព្រះ‌រាជ​បុត្រា នោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ‌ចន្ទ​រលត់​សូន្យ​ទៅ។ ៙ ទ្រង់​នឹង​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ រហូត​ដល់​ទី​បំផុត​ផែនដី ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន គេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ នឹង​ក្រាប​លិទ្ធ​ធូលី​ដី ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន នឹង​ថ្វាយ​សួយ‌អាករ ពួក​ក្សត្រ​នៃ​ស្រុក​សេបា នឹង​ស្រុក​សាបា នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្តា ដល់​មនុស្ស​រហេម‌រហាមនឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ។ ៙ ដូច្នេះ គេ​នឹង​រស់​នៅ ហើយ​នឹង​មាន​ដង្វាយ ជា​មាស​ពី​ស្រុក​សេបា ឲ្យ​បាន​ថ្វាយ​ដល់​ទ្រង់ មនុស្ស​ទាំង‌ឡាយ​នឹង​អធិស្ឋាន​ឲ្យ​ទ្រង់​ជានិច្ច ហើយ​នឹង​ថ្វាយ​ពរ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ដូច្នេះ នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក រហូត​ដល់​កំពូល​ភ្នំ ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង ដូច​ជា​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន ហើយ​មនុស្ស​នឹង​ចំរើន​ឡើង​នៅ​ក្នុង​ទី​ក្រុង ដូច​ជា​ស្មៅ​នៅ​ដី​ដែរ នាម​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ពរ​ដោយ‌សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។ ៙ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប‌ជានិច្ច សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់ អាម៉ែនៗ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ