ទំនុកតម្កើង 72

72
ពាក្យ​អធិស្ឋាន​សុំ​ការ​ដឹក​នាំ និង​ការ​ទ្រទ្រង់​ដល់​ព្រះ​រាជា
ទំនុក​របស់​ស្តេច​សាឡូម៉ូន។
1ឱ​ព្រះ​អើយ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា
ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ
ហើយ​សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា
បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!
2សូម​ឲ្យ​ព្រះ​រាជា​បាន​គ្រប់​គ្រង
លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដោយ​សុចរិត
ហើយ​គ្រប់​គ្រង​លើ​ប្រជា‌រាស្ត្រ​ក្រីក្រ
របស់​ព្រះ‌អង្គ​ដោយ​យុត្តិធម៌។
3សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន
ដល់​ប្រជា‌រាស្ត្រ
ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត!
4សូម​ឲ្យ​ព្រះ​រាជា​បាន​ការ​ពារ​ក្ដី​របស់​មនុស្ស​ក្រី​ក្រ
ក្នុង​ចំណោម​ប្រជា‌រាស្ត្រ
ជួយ​សង្គ្រោះ​ពួក​កូន​របស់​មនុស្ស​កម្សត់​ទុគ៌ត
ហើយ​កម្ទេច​ពួក​អ្នក​ជិះ​ជាន់​គេ ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។
5៙ សូម​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះករុណា
ក្នុង​កាល​ដែល​នៅ​មាន​ព្រះ‌អាទិត្យ
ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ
គឺជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ!
6សូម​ឲ្យ​ព្រះ​រាជា​បាន​ដូច​ជា​ភ្លៀង​បង្អុរ
មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយ
គឺ​ដូច​ជា​ភ្លៀង​ដែល​ស្រោច‌ស្រព​ផែន​ដី!
7នៅ​ក្នុង​គ្រា​របស់​ព្រះ​រាជា
សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង
ហើយ​សូម​ឲ្យ​សេចក្ដី​សុខ​សាន្ត​មាន​ជា​បរិបូរ
ដរាប​ទាល់​តែ​លែង​មាន​ព្រះ‌ចន្ទ!
8៙ សូម​ឲ្យ​ព្រះ​រាជា​មាន​អំណាច
ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង
ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត
រហូត​ដល់​ចុង​បំផុត​ផែនដី!
9សូម​ឲ្យ​មនុស្ស​ដែល​រស់​នៅ​ទី​រហោ‌ស្ថាន
នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ក្រាប​លិឍ​ធូលី​ដី
10សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស
និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ
សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា
និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ!
11សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ
នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ!
12ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច
ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ
គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។
13ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ
និង​មនុស្ស​កម្សត់​ទុគ៌ត
ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។
14ព្រះ​រាជា​លោះ​ជីវិត​ពួកគេ
ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន
និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ
មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។
15៙ សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ
ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស
ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ
សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច
ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។
16សូម​ឲ្យ​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក
ភោគ​ផល​ទាំង​នោះ​ទ្រេត​ចុះ​ឡើង​នៅ​លើ​កំពូល​ភ្នំ
សូម​ឲ្យ​ដើម​ឈើ​មាន​ផល​ផ្លែ
ដូច​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន
ហើយ​សូម​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​ទី​ក្រុង
ដូច​ស្មៅ​នៅ​តាម​ទីវាល!
17សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ
អស់​កល្ប​ជានិច្ច
សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា
នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ
សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា
អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា
ថា​ជា​អ្នក​មាន​ពរ។
18៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់
ដែល​ធ្វើ​ការ​ដ៏​អស្ចារ្យ។
19សូម​លើក​តម្កើង​ព្រះ‌នាម
ដ៏​រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច
សូម​ឲ្យ​ផែនដី​ទាំង​មូល
មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ!
អាម៉ែន ហើយ​អាម៉ែន!
20៙ ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ
ជា​បុត្រ​របស់​លោក​អ៊ី​សាយ ចប់​តែ​ប៉ុណ្ណេះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 72: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល