ទំនុកតម្កើង 73

73
ភាគ​ទីបី
ពាក្យ​ទូលអង្វរសូមឲ្យ​មាន​ចិត្ត​ស្រាក​ស្រាន្តពីពួក​មនុស្ស​សង្កត់​សង្កិន
ទំនុក​របស់​លោក​អេសាភ។
1ប្រាកដ​មែន ព្រះ​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល
គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។
2តែ​ឯ​ទូល‌បង្គំ​វិញ
ជើង​ទូល‌បង្គំសឹង​តែ​នឹង​ជំពប់​ដួល
ជំហាន​ទូល‌បង្គំ​ហៀប​តែ​នឹង​រអិល​ទៅ​ហើយ។
3ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ច្រណែន
នឹង​មនុស្ស​អួត​អាង
ដោយ​ឃើញ​មនុស្ស​អាក្រក់​បាន​ចម្រុង​ចម្រើន។
4៙ ដ្បិត​គេ​គ្មាន​ឈឺ​ចាប់​អ្វី​សោះ​រហូត​ដល់​ស្លាប់
រូប​កាយ​របស់​គេ​ធាត់​រលោង។
5គេ​មិន​ស្គាល់​ទុក្ខលំបាក​ដូច​មនុស្ស​ឯទៀត​ឡើយ
ក៏​មិន​ដែល​វេទនា ដូច​មនុស្ស​ដទៃ​ដែរ។
6គេ​ពាក់​អំនួត​របស់​គេ ដូច​ជា​ពាក់​ខ្សែក
ហើយ​គេ​ពាក់​ចិត្ត​ឃោរ‌ឃៅ ដូច​សម្លៀក​បំពាក់។
7ភ្នែក​គេ​លៀន​ចេញដោយ​មាន​សាច់​ច្រើន
ចិត្ត​គេ​ហូរ​ហៀរ​ដោយ​សេចក្ដី​ចំកួត។
8គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ពាក្យអាក្រក់
គេ​ស្រែក​គំរាម​ក្ដែងៗ​ពី​ការ​សង្កត់​សង្កិន។
9គេ​តាំង​មាត់​របស់​គេ​ទាស់​នឹង​ស្ថាន‌សួគ៌
ហើយ​អណ្ដាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។
10៙ ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ងាក​ទៅ​សរសើរ​គេ
ហើយ​មិន​ឃើញ​ថា​គេ​មាន​កំហុស​អ្វី​ឡើយ ។
11គេ​ពោល​ថា «ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បាន?
តើ​ព្រះ​ដ៏​ខ្ពស់​បំផុត​មាន​ព្រះ​តម្រិះ​ដែរ​ឬ?»
12មើល៍ នេះ​ហើយ​មនុស្ស​អាក្រក់
គេ​ចេះ​តែ​សុខ​ស្រួល​ជានិច្ច
ទ្រព្យ‌សម្បត្តិ​គេ​ចេះ​តែ​ចម្រើន​ឡើង​រហូត។
13ឯ​ទូល‌បង្គំ​ដែល​បាន​រក្សា​ចិត្ត​ឲ្យបរិសុទ្ធ
ហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មង
នោះ​ឥត​ប្រយោជន៍​ទទេ។
14ដ្បិត​ទូល‌បង្គំជួបទុក្ខ​លំបាក​រាល់​ថ្ងៃ
ហើយ​ត្រូវ​វាយ​ផ្ចាល​រាល់​ព្រឹក។
15៙ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា
«ខ្ញុំ​នឹង​និយាយ​ដូច្នេះ​ដូច​គេ​ដែរ»
នោះ​ទូល‌បង្គំ​ឈ្មោះ​ថា​បាន​ក្បត់បង​ប្អូន
ដែល​ជា​កូន​របស់​ព្រះ‌អង្គ​មិន​ខាន។
16តែ​កាល​ទូល‌បង្គំ​គិត​ពិចារណា
ចង់​យល់​ពី​រឿង​នេះ
នោះ​ពិបាក​យល់​ដល់​ទូល‌បង្គំ​ណាស់
17រហូត​ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង
ទី​បរិសុទ្ធ​របស់​ព្រះ
នោះ​ទើប​ទូល‌បង្គំ​យល់​ពី​ចុង​បញ្ចប់​របស់​គេ។
18តាម​ពិត ព្រះ‌អង្គ​បាន​ដាក់​ឲ្យ​គេ
ឈរ​នៅ​កន្លែង​ដ៏​រអិល
ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅក្នុងសេចក្ដី​វិនាស។
19គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ
គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!
20គេ​ប្រៀប​ដូច​យល់‌សប្តិ​ក្រោយ​ពេល​ភ្ញាក់​ឡើង
ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះ‌អង្គ​តើន​ឡើង
ព្រះ‌អង្គ​មិន​ចង់​ឃើញ​រូប​គេ​ឡើយ។
21៙ កាល​ទូល‌បង្គំ​កើត​មាន​ចិត្តជូរ​ល្វីង
កាល​ទូល‌បង្គំ​ឈឺចាប់​ក្នុង​ទ្រូង
22នោះ​ទូល‌បង្គំ​មិន​យល់ ហើយ​ល្ងង់​ខ្លៅ
ទូល‌បង្គំ​ដូច​ជា​សត្វ​តិរច្ឆាន​នៅ​ចំពោះ​ព្រះ‌អង្គ។
23ប៉ុន្តែ ទូល‌បង្គំ​នៅ​ជាប់​ជាមួយ​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​កាន់​ដៃ​ស្តាំរបស់​ទូល‌បង្គំ។
24ព្រះ‌អង្គ​នាំ​ទូល‌បង្គំ ដោយព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ
ហើយ​នៅ​ទីបំផុត
ព្រះ‌អង្គ​នឹង​ទទួល​ទូល‌បង្គំ​ចូល​ទៅ​ក្នុង​សិរី‌ល្អ។
25នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ណា
ក្រៅ​ពី​ព្រះ‌អង្គ?
ហើយគ្មានអ្វី​នៅលើ​ផែនដី
ដែល​ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន
ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។
26សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ
អាច​នឹង​សាប​សូន្យ​ទៅ
ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត
និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។
27៙ ដ្បិត​មើល៍ អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ
នឹង​ត្រូវ​វិនាស
ព្រះ‌អង្គ​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ក្បត់​ព្រះ‌អង្គ។
28រីឯ​ទូល‌បង្គំ​វិញ ជា​ការ​ប្រពៃ​ណាស់
ដែល​ទូល‌បង្គំបាន​នៅ​ជិត​ព្រះ
ទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់‌យេហូវ៉ា
ជា​ទី​ជ្រកកោន
ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់
ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 73: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល