ទំនុកតម្កើង 71
71
ពាក្យអធិស្ឋានទូលសូមឲ្យមានការការពារ និងជំនួយរហូតអស់មួយជីវិត
1ឱព្រះយេហូវ៉ាអើយ
ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
2សូមរំដោះទូលបង្គំ ហើយសង្គ្រោះទូលបង្គំឲ្យរួច
ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ
ហើយសង្គ្រោះទូលបង្គំផង!
3សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ
ជាកន្លែងដែលទូលបង្គំ
ចូលមករកថ្មដានេះជានិច្ច
ព្រះអង្គបានចេញបញ្ជាឲ្យសង្គ្រោះទូលបង្គំ
ដ្បិតព្រះអង្គជាថ្មដា
និងជាបន្ទាយរបស់ទូលបង្គំ។
4៙ ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំ
ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
គឺឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សទុច្ចរិត
និងសាហាវនេះផង!
5ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ
ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ
ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ
តាំងពីក្មេងមក។
6ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត
គឺព្រះអង្គហើយដែលបានយកទូលបង្គំ
ចេញពីផ្ទៃម្តាយ
ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
7៙ ទូលបង្គំជាប្រផ្នូលដល់មនុស្សជាច្រើន
តែព្រះអង្គជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
8មាត់ទូលបង្គំពេញដោយពាក្យ
សរសើរតម្កើងព្រះអង្គ
ហើយដោយពាក្យលើកតម្កើង
ព្រះអង្គដរាបរាល់ថ្ងៃ។
9សូមកុំលះបង់ចោលទូលបង្គំ
ក្នុងគ្រាដែលចាស់ជរា
ហើយកុំបោះបង់ចោលទូលបង្គំ
ក្នុងគ្រាដែលកម្លាំងទូលបង្គំអន់ថយនេះឡើយ។
10ដ្បិតខ្មាំងសត្រូវរបស់ទូលបង្គំ
និយាយដើមពីទូលបង្គំ
ហើយអស់អ្នកដែលចាំមើលជីវិតទូលបង្គំ
គេប្រឹក្សាគ្នា
11គេពោលថា «ព្រះបានបោះបង់ចោលវាហើយ
ចូរដេញតាម ហើយចាប់វាមក!
ដ្បិតគ្មានអ្នកណាជួយរំដោះវាបានទេ»។
12៙ ឱព្រះអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ
ឱព្រះនៃទូលបង្គំអើយ
សូមប្រញាប់មកជួយទូលបង្គំផង!
13សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ
ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ
សូមឲ្យអស់អ្នកដែលប្រាថ្នា
ធ្វើឲ្យទូលបង្គំឈឺចាប់
គ្របដណ្ដប់ដោយពាក្យដំណៀល
និងអាប់យស។
14រីឯទូលបង្គំវិញ ទូលបង្គំនឹងមានសង្ឃឹមជានិច្ច
ហើយនឹងរឹតតែសរសើរតម្កើងព្រះអង្គថែមទៀត។
15មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីកិច្ចការដ៏សុចរិត
និងពីកិច្ចការសង្គ្រោះរបស់ព្រះអង្គដរាបរាល់ថ្ងៃ
ដ្បិតកិច្ចការនោះមានចំនួនច្រើនឥតគណនា។
16ទូលបង្គំនឹងចូលមកដោយព្រះចេស្តារបស់
ព្រះអម្ចាស់យេហូវ៉ា
ហើយនឹងតំណាលពីសេចក្ដីសុចរិតរបស់ព្រះអង្គ
គឺរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
17៙ ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំ
តាំងពីទូលបង្គំនៅក្មេងរហូតមក
ហើយទូលបង្គំនៅតែប្រកាស
ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
18ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ
ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ
ដើម្បីឲ្យទូលបង្គំបានប្រកាស
ពីឫទ្ធានុភាពរបស់ព្រះអង្គ
ដល់មនុស្សជំនាន់ក្រោយ
គឺពីព្រះចេស្ដារបស់ព្រះអង្គ
ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។
19ឱព្រះអើយ សេចក្ដីសុចរិតរបស់ព្រះអង្គ
ខ្ពស់ដល់ផ្ទៃមេឃ
ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន
ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ?
20៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ
ឃើញសេចក្ដីវេទនា
និងទុក្ខលំបាកជាច្រើន
តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ
មានជីវិតជាថ្មីឡើងវិញ
ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ
ពីទីជម្រៅនៃផែនដីមកវិញ។
21ព្រះអង្គនឹងចម្រើនឲ្យទូលបង្គំ
កាន់តែមានកិត្ដិយសឡើង
ហើយកម្សាន្តចិត្តទូលបង្គំជាថ្មី។
22៙ ឱព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយពិណ
ព្រោះព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ
ទូលបង្គំនឹងច្រៀងសរសើរ
ដល់ព្រះអង្គដោយចាប់ស៊ុង។
23កាលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ
បបូរមាត់ទូលបង្គំស្រែកហ៊ោដោយអំណរ
ហើយព្រលឹងទូលបង្គំដែលព្រះអង្គបានលោះ
ក៏បន្លឺសំឡេងឡើងដោយអំណរដែរ។
24ឯអណ្ដាតទូលបង្គំនឹងថ្លែង
អំពីសេចក្ដីសុចរិតរបស់ព្រះអង្គដរាបរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប្រាថ្នា
ចង់ធ្វើឲ្យទូលបង្គំឈឺចាប់
គេត្រូវអាម៉ាស់ ហើយអាប់យស។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 71: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies