ទំនុកដំកើង 72

72
ទំនុក​របស់​ស្តេច​សាឡូម៉ូន។
1ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រទាន​បញ្ញត្ត​ច្បាប់
នៃ​ទ្រង់​មក​ទូលបង្គំ​ជា​ស្តេច
ហើយ​សេចក្ដី​សុចរិត​នៃ​ទ្រង់​ដល់​ព្រះ‌រាជ​បុត្រា​ផង
2ឲ្យ​ព្រះ‌រាជ​បុត្រា​បាន​គ្រប់‌គ្រង​លើ​រាស្ត្រ​របស់​ព្រះ
ដោយ​សុចរិត
ហើយ​លើ​ពួក​ក្រីក្រ​ដោយ​ទៀង​ត្រង់
3នោះ​អស់​ទាំង​ភ្នំ​ធំ​តូច នឹង​ចំរើន​សេចក្ដី​សុខ
ដល់​បណ្តាជន
ដោយ​សេចក្ដី​សុចរិត
4សូម​ឲ្យ​ទ្រង់​បាន​សំរេច​ក្តី ដល់​ពួក​កំសត់​ក្នុង​បណ្តាជន
ហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រីក្រ
ព្រម​ទាំង​វាយ​ពួក​អ្នក​សង្កត់‌សង្កិន​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។
5៙ យ៉ាង​នោះ គេ​នឹង​កោត‌ខ្លាច​ដល់​ទ្រង់​ដ៏​ជា​ព្រះ
អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅ
ព្រម​ទាំង​ព្រះ‌ចន្ទ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ
6សូម​ឲ្យ​ទ្រង់​បាន​ដូច​ជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាល
ដែល​ច្រូត​ស្មៅ​ហើយ
គឺ​ដូច​ជា​ភ្លៀង​១​មេៗ​ដែល​ស្រោច​ដី
7នៅ​ក្នុង​គ្រា​ព្រះ‌រាជ​បុត្រា
នោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង
ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ
ដរាប​ដល់​ព្រះ‌ចន្ទ​រលត់​សូន្យ​ទៅ។
8៙ ទ្រង់​នឹង​មាន​អំណាច
ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង
ហើយ​ពី​ទន្លេ រហូត​ដល់​ទី​បំផុត​ផែនដី
9ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន
គេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់
ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ នឹង​ក្រាប​លិទ្ធ​ធូលី​ដី
10ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន
នឹង​ថ្វាយ​សួយ‌អាករ
ពួក​ក្សត្រ​នៃ​ស្រុក​សេបា
នឹង​ស្រុក​សាបា
នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ
11អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះ
នៅ​ចំពោះ​ទ្រង់
ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ
12ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច
ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ
ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង
13ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្តា
ដល់​មនុស្ស​រហេម‌រហាមនឹង​មនុស្ស​ទុគ៌ត
ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង
14ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន
នឹង​ការ​ច្រឡោត
ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ។
15៙ ដូច្នេះ គេ​នឹង​រស់​នៅ ហើយ​នឹង​មាន​ដង្វាយ
ជា​មាស​ពី​ស្រុក​សេបា ឲ្យ​បាន​ថ្វាយ​ដល់​ទ្រង់
មនុស្ស​ទាំង‌ឡាយ​នឹង​អធិស្ឋាន​ឲ្យ​ទ្រង់​ជានិច្ច
ហើយ​នឹង​ថ្វាយ​ពរ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ
16ដូច្នេះ នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក
រហូត​ដល់​កំពូល​ភ្នំ
ឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើង
ដូច​ជា​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន
ហើយ​មនុស្ស​នឹង​ចំរើន​ឡើង​នៅ​ក្នុង​ទី​ក្រុង
ដូច​ជា​ស្មៅ​នៅ​ដី​ដែរ
17នាម​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
គឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅ
ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ពរ​ដោយ‌សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។
18៙ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ
គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល
ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ
19សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ទ្រង់​បាន​ប្រកប
ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប‌ជានិច្ច
សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់
អាម៉ែនៗ។
20៙ ពាក្យ​អធិស្ឋាន​របស់​ដាវីឌ ជា​បុត្រ​អ៊ីសាយ
ចប់​តែ​ប៉ុណ្ណេះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 72: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល