ទំនុកតម្កើង 72:1-19

ទំនុកតម្កើង 72:1-19 គកស១៦

ឱ​ព្រះ​អើយ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ! សូម​ឲ្យ​ព្រះ​រាជា​បាន​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដោយ​សុចរិត ហើយ​គ្រប់​គ្រង​លើ​ប្រជា‌រាស្ត្រ​ក្រីក្រ របស់​ព្រះ‌អង្គ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន ដល់​ប្រជា‌រាស្ត្រ ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត! សូម​ឲ្យ​ព្រះ​រាជា​បាន​ការ​ពារ​ក្ដី​របស់​មនុស្ស​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ ជួយ​សង្គ្រោះ​ពួក​កូន​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​ពួក​អ្នក​ជិះ​ជាន់​គេ ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។ ៙ សូម​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះករុណា ក្នុង​កាល​ដែល​នៅ​មាន​ព្រះ‌អាទិត្យ ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ គឺជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ! សូម​ឲ្យ​ព្រះ​រាជា​បាន​ដូច​ជា​ភ្លៀង​បង្អុរ មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​ដែល​ស្រោច‌ស្រព​ផែន​ដី! នៅ​ក្នុង​គ្រា​របស់​ព្រះ​រាជា សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ហើយ​សូម​ឲ្យ​សេចក្ដី​សុខ​សាន្ត​មាន​ជា​បរិបូរ ដរាប​ទាល់​តែ​លែង​មាន​ព្រះ‌ចន្ទ! ៙ សូម​ឲ្យ​ព្រះ​រាជា​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ចុង​បំផុត​ផែនដី! សូម​ឲ្យ​មនុស្ស​ដែល​រស់​នៅ​ទី​រហោ‌ស្ថាន នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ក្រាប​លិឍ​ធូលី​ដី សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ! សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ! ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។ ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។ ព្រះ​រាជា​លោះ​ជីវិត​ពួកគេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។ សូម​ឲ្យ​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក ភោគ​ផល​ទាំង​នោះ​ទ្រេត​ចុះ​ឡើង​នៅ​លើ​កំពូល​ភ្នំ សូម​ឲ្យ​ដើម​ឈើ​មាន​ផល​ផ្លែ ដូច​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន ហើយ​សូម​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​ទី​ក្រុង ដូច​ស្មៅ​នៅ​តាម​ទីវាល! សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។ ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ដែល​ធ្វើ​ការ​ដ៏​អស្ចារ្យ។ សូម​លើក​តម្កើង​ព្រះ‌នាម ដ៏​រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច សូម​ឲ្យ​ផែនដី​ទាំង​មូល មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ! អាម៉ែន ហើយ​អាម៉ែន!