ទំនុកតម្កើង 6:6-9
ទំនុកតម្កើង 6:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។ ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខ ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅ ដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮសំឡេង យំសោករបស់ខ្ញុំហើយ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ ទទូចអង្វររបស់ខ្ញុំ ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។
ទំនុកតម្កើង 6:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។ ភ្នែកទូលបង្គំស្រវាំង ព្រោះតែថប់ព្រួយ ក៏ទៅជាខ្សោយ ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ ដ្បិតព្រះយេហូវ៉ាបានស្តាប់សំឡេងយំរបស់ខ្ញុំ។ ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលខ្ញុំទូលអង្វរ ព្រះយេហូវ៉ាទទួលពាក្យ ដែលខ្ញុំអធិស្ឋានហើយ។
ទំនុកតម្កើង 6:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។ ៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលអញទូលអង្វរហើយ ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង