ទំនុកតម្កើង 6

6
ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ តែ​សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ និង​ពិណ​ប្រាំ​បី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1 ឱ​ព្រះ‌អម្ចាស់​អើយ
ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដី
សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ
ទោះ​បី​ព្រះអង្គ​ខ្ញាល់​នឹង​ទូលបង្គំ​ក្ដី
ក៏​សូម​កុំ​ធ្វើ​ទោស​ទូលបង្គំ​ដែរ!
2 ព្រះ‌អម្ចាស់​អើយ
សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ
ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផង
ដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រ‌ញាក់ ។
3ចិត្ត​គំនិត​ទូលបង្គំ​តប់‌ប្រមល់​ជា​ខ្លាំង
ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូលបង្គំ​នៅ​ដូច្នេះ
ដល់​កាល​ណា​ទៀត?
4 ព្រះ‌អម្ចាស់​អើយ
សូម​ទ្រង់​យាង​មក​វិញ
ហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំ
ដោយ​ព្រះ‌ហឫទ័យ​សប្បុរស
5ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ
គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ
ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ
នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។
6ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។
រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ
ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។
7ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ស្លក់​មុខ
ភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង
ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូលបង្គំ។
8 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ
ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ
ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង
យំ​សោក​របស់​ខ្ញុំ​ហើយ។
9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ
ទទូច​អង្វរ​របស់​ខ្ញុំ
ព្រះ‌អម្ចាស់​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។
10សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ
ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់
ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ
ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ