ទំនុកតម្កើង 7

7
ព្រះ‌អម្ចាស់​សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង!
ទំនួញ​របស់​ស្ដេច​ដាវីឌ ព្រះអង្គ​សូត្រ​ថ្វាយ​ព្រះ‌ជាម្ចាស់ នៅ​ពេល​មាន​រឿង​ជា​មួយ​មនុស្ស​ម្នាក់​ឈ្មោះ​គូស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។
1 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!
ទូលបង្គំ​សូម​យក​ព្រះអង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រក
សូម​សង្គ្រោះ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ
ឲ្យ​រួច​ផុត​ពី​អស់​អ្នក
ដែល​បៀត‌បៀន​ទូលបង្គំ​ផង
2ក្រែង​លោ​គេ​ហែក​ទូលបង្គំ
ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ
ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។
3 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!
ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា
ប្រសិន​បើ​ដៃ​ទូលបង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត
4ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់
តប​ស្នង​នឹង​មិត្ត‌ភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំ
រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល
ពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ
5សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់
និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះ
ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដី
និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ទូលបង្គំ
ទៅ​ទម្លាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។
- សម្រាក
6 ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង
សូម​ទ្រង់​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅ
របស់​បច្ចា‌មិត្ត​ទូលបង្គំ
សូម​ជួយ​ការពារ​ទូលបង្គំ​ផង
ដ្បិត​ព្រះអង្គហ្នឹង​ហើយ
ដែល​បាន​តែង‌តាំង​ច្បាប់​ឡើង។
7សូម​ឲ្យ​ប្រជា‌ជាតិ​នានា
នាំ​គ្នា​មក​ចោម‌រោម​ជុំ‌វិញ​ព្រះអង្គ!
សូម​ទ្រង់​គ្រប់‌គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា
8 ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ប្រជា‌រាស្ដ្រ​ទាំង​អស់
ព្រះ‌អម្ចាស់​អើយ
សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!
9 សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត
ហើយ​ជួយ​មនុស្ស​សុចរិត
ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!
ព្រះ​ដ៏​សុចរិត​អើយ
ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!
10ព្រះ‌ជាម្ចាស់​ជា​ខែល​ការពារ​ខ្ញុំ
ព្រះអង្គ​សង្គ្រោះ​អស់​អ្នក
ដែល​មាន​ចិត្ត​ទៀង​ត្រង់។
11ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត
ព្រះអង្គ​តែងតែ​ប្រឆាំង​នឹង​អំពើ​អាក្រក់
ជា​រៀង​រាល់​ថ្ងៃ។
12មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេ
គេ នឹង​សំលៀង​មុខ​ដាវ
ហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។
13គេ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃ
ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។
14អ្នក​ណា​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ហើយ​រិះគិត​ពី​អំពើ​ឧក្រិដ្ឋ
អ្នក​នោះ​នឹង​បង្កើត​បាន​ការ​បោក​បញ្ឆោត។
15អ្នក​ណា​ជីក​រណ្ដៅ​កាន់​តែ​ជ្រៅ​ទៅៗ
អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
ដែល​ខ្លួន​ជីក​នោះ​ជា​មិន​ខាន។
16អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្ត
នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ
អំពើ​ឃោរ‌ឃៅ​របស់​គេ
ក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។
17ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ព្រោះ​ព្រះអង្គ​សុចរិត
ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 7: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល