ទំនុកតម្កើង 7
7
ព្រះអម្ចាស់សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
ទំនួញរបស់ស្ដេចដាវីឌ ព្រះអង្គសូត្រថ្វាយព្រះជាម្ចាស់ នៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
1 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក
សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ
ឲ្យរួចផុតពីអស់អ្នក
ដែលបៀតបៀនទូលបង្គំផង
2ក្រែងលោគេហែកទូលបង្គំ
ដូចសត្វសិង្ហខាំរំពានាំយកទៅ
ហើយគ្មាននរណារំដោះបានឡើយ។
3 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា
ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត
4ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់
តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំ
រឹបអូសយកទ្រព្យដោយឥតហេតុផល
ពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ
5សូមឲ្យខ្មាំងសត្រូវដេញទាន់
និងប្រហារទូលបង្គំទៅចុះ
ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី
និងឲ្យគេយកកិត្តិយសរបស់ទូលបង្គំ
ទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។
- សម្រាក
6 ព្រះអម្ចាស់អើយ សូមតើនឡើង
សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ
របស់បច្ចាមិត្តទូលបង្គំ
សូមជួយការពារទូលបង្គំផង
ដ្បិតព្រះអង្គហ្នឹងហើយ
ដែលបានតែងតាំងច្បាប់ឡើង។
7សូមឲ្យប្រជាជាតិនានា
នាំគ្នាមកចោមរោមជុំវិញព្រះអង្គ!
សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
8 ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់
ព្រះអម្ចាស់អើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
ដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ!
9 សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត
ហើយជួយមនុស្សសុចរិត
ឲ្យមានចិត្តរឹងប៉ឹងឡើង!
ព្រះដ៏សុចរិតអើយ
ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
10ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នក
ដែលមានចិត្តទៀងត្រង់។
11ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់
ជារៀងរាល់ថ្ងៃ។
12មនុស្សអាក្រក់មិនដូរគំនិតទេ
គេ នឹងសំលៀងមុខដាវ
ហើយយឹតធ្នូប្រុងប្រៀបបាញ់។
13គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
14អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត
ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។
15អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ
ដែលខ្លួនជីកនោះជាមិនខាន។
16អំពើទុច្ចរិតដែលគេប្រព្រឹត្ត
នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ
ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
17ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់
ព្រោះព្រះអង្គសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.