ទំនុកតម្កើង 5

5
ពាក្យ​អធិស្ឋាន​សូម​ព្រះ‌ជាម្ចាស់​ការពារ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំដរ​ដោយ​ខ្លុយ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ!
សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​ឈឺ​ចាប់
របស់​ទូលបង្គំ​ផង។
2ឱ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែក
របស់​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។
3ឱ​ព្រះ‌អម្ចាស់​អើយ!
នៅ​ពេល​ព្រឹក ព្រះអង្គ​ព្រះ‌សណ្ដាប់​សំឡេង
របស់​ទូលបង្គំ ទូលបង្គំ​ចូល​មក​គាល់
ហើយ​នៅ​រង់‌ចាំ​ព្រះអង្គ តាំង​ពី​ព្រលឹម។
4ព្រះអង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫទ័យ
នឹង​អំពើ​ទុច្ចរិត​នោះ​ទេ
អំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះអង្គ​បាន​ឡើយ។
5ព្រះអង្គ​មិន​ចង់​ឃើញ​មនុស្ស​ព្រហើន
ចូល​មក​ជិត​ព្រះអង្គ​ទេ
ព្រះអង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស
ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។
6ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។
ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម
និង​អ្នក​មាន​ល្បិច‌កល។
7រីឯ​ទូលបង្គំ​វិញ
ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​បាន
ដោយ‌សារ​តែ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស
យ៉ាង​ខ្លាំង​ចំពោះ​ទូលបង្គំ
ទូលបង្គំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ
ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះ‌វិហារ​ដ៏វិសុទ្ធ
របស់​ព្រះអង្គ ទាំង​គោរព​កោត​ខ្លាច។
8ឱ​ព្រះ‌អម្ចាស់​អើយ!
មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ!
សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ
របស់​ព្រះអង្គ
សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។
9 អ្នក​ទាំង​នោះ​មាន​ពាក្យ​សម្ដី​មិន​ទៀង​ទេ
គេ​គិត​តែ​ចង់​បំផ្លិច‌បំផ្លាញ
អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើច‌បញ្ចើ
តែ​មាន​បង្កប់​ទៅ​ដោយ​ពិស‌ពុល
សម្រាប់​ប្រហារ​ជីវិត។
10ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ដាក់​ទោស​គេ​ទៅ!
សូម​ឲ្យ​គេ​វិនាស​អន្តរាយ
ដោយ‌សារ​គម្រោង‌ការ​របស់​ខ្លួន
គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់
ព្រោះ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ
ដូច្នេះ សូម​កាត់‌កាល់​គេ​ចោល​ទៅ។
11រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ
គេ​នឹង​មាន​អំណរ
គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ
ហើយ​ព្រះអង្គ​នឹង​រក្សា​ការពារ​គេ
អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ
នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ព្រះអង្គ។
12 ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​មនុស្ស​សុចរិត
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 5: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ