ទំនុកតម្កើង 46:1-7

ទំនុកតម្កើង 46:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។ ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ ទោះ​បើ​ទឹក​សមុទ្រ​គ្រហឹម ហើយ​ពុះកញ្រ្ជោល ទោះ​បើ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រ ដោយ​រលក​ដោល​ឡើង​ក្ដី។ –បង្អង់ ៙ មាន​ទន្លេ​មួយ​ដែល​ព្រែក​ទាំង​ប៉ុន្មាន ហូរ​នាំ​អំណរ​ចូល​មក​ទី​ក្រុង​របស់​ព្រះ គឺ​ជាព្រះ​ដំណាក់​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ។ ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ ចាប់​តាំង​ពី​ព្រលឹម​ស្រាង។ សាសន៍​ទាំង​ឡាយ​ជ្រួល​ច្របល់ នគរ​នានា​ពពាក់‌ពពូន​ឡើង ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង ហើយ​ផែនដី​ក៏​រលាយ​ទៅ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់

ទំនុកតម្កើង 46:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ទ្រង់​ជា​ជម្រក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ព្រះអង្គ​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក បែក​ពពុះ​ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំ នានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។ - សម្រាក មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព បុរី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌ដំណាក់ ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ។ ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​បុរី ហើយ​បុរី​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ ព្រះអង្គ​នឹង​សង្គ្រោះ​បុរី​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។ ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដូច​ផ្គរ‌លាន់ ផែនដី​ក៏​រលាយ​អស់​ទៅ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក

ទំនុកតម្កើង 46:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែនដី​ប្រែ‌ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះ នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ ទោះ​បើ​ទឹក​សមុទ្រ​បញ្ចេញ​សូរ​គឹក‌កង ហើយ​រំជួល​ឡើង ឬ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រ ដោយ​រលក​លោត​ចុះ​ឡើង​ក្តី។ –បង្អង់ ៙ មាន​ទន្លេ​១​ដែល​ព្រែក​ទាំង​ប៉ុន្មាន នាំ​ឲ្យ​ក្រុង​នៃ​ព្រះ​មាន​សេចក្ដី​អំណរ គឺ​ជា​ទី​បរិសុទ្ធ​នៃ​ពន្លា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌ទ្រង់​គង់​នៅ​កណ្តាល ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ‌ទ្រង់​នឹង​ជួយ​ចាប់​តាំង​ពី​ព្រលឹម​ផង អស់​ទាំង​សាសន៍​ដទៃ​បាន​ជ្រួល‌ជ្រើម ហើយ​នគរ​ទាំង​ប៉ុន្មាន​ពពាក់‌ពពូន​ឡើង តែ​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ផែនដី​ក៏​រលាយ​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ គឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។ –បង្អង់

ទំនុកតម្កើង 46:1-7

ទំនុកតម្កើង 46:1-7 គខបទំនុកតម្កើង 46:1-7 គខប