ទំនុកដំកើង 46
46
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ត្រូវច្រៀងដោយសំឡេងស្រួច។
1ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ
ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន
2ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ
ទោះបើផែនដីប្រែប្រួលទៅ
ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ
នៅកណ្តាលសមុទ្រក៏ដោយ
3ទោះបើទឹកសមុទ្របញ្ចេញសូរគឹកកង ហើយរំជួលឡើង
ឬភ្នំទាំងឡាយត្រូវកក្រើកញ័រ
ដោយរលកលោតចុះឡើងក្តី។ –បង្អង់
4៙ មានទន្លេ១ដែលព្រែកទាំងប៉ុន្មាន
នាំឲ្យក្រុងនៃព្រះមានសេចក្ដីអំណរ
គឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុត
5ព្រះទ្រង់គង់នៅកណ្តាល
ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ
ព្រះទ្រង់នឹងជួយចាប់តាំងពីព្រលឹមផង
6អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម
ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង
តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
7ព្រះយេហូវ៉ានៃពួកពលបរិវារ
ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ
គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ។
–បង្អង់
8៙ ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា
ជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី
9ទ្រង់បណ្តាលឲ្យការសង្គ្រាមស្ងប់រំងាប់
រហូតដល់ចុងផែនដី
ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង
ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង
10ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ
អញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃ
អញនឹងបានថ្កើងឡើងនៅផែនដី
11ព្រះយេហូវ៉ានៃពួកពលបរិវារ
ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ
ព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំ។
–បង្អង់
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 46: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.