ទំនុកដំកើង 46:1-7

ទំនុកដំកើង 46:1-7 ពគប

ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែនដី​ប្រែ‌ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះ នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ ទោះ​បើ​ទឹក​សមុទ្រ​បញ្ចេញ​សូរ​គឹក‌កង ហើយ​រំជួល​ឡើង ឬ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រ ដោយ​រលក​លោត​ចុះ​ឡើង​ក្តី។ –បង្អង់ ៙ មាន​ទន្លេ​១​ដែល​ព្រែក​ទាំង​ប៉ុន្មាន នាំ​ឲ្យ​ក្រុង​នៃ​ព្រះ​មាន​សេចក្ដី​អំណរ គឺ​ជា​ទី​បរិសុទ្ធ​នៃ​ពន្លា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌ទ្រង់​គង់​នៅ​កណ្តាល ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ‌ទ្រង់​នឹង​ជួយ​ចាប់​តាំង​ពី​ព្រលឹម​ផង អស់​ទាំង​សាសន៍​ដទៃ​បាន​ជ្រួល‌ជ្រើម ហើយ​នគរ​ទាំង​ប៉ុន្មាន​ពពាក់‌ពពូន​ឡើង តែ​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ផែនដី​ក៏​រលាយ​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ គឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។ –បង្អង់