ទំនុកតម្កើង 119:1-88
ទំនុកតម្កើង 119:1-88 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា! មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត ជាអ្នកដែលមិនប្រព្រឹត្តអំពើទុច្ចរិត គឺដើរតាមផ្លូវរបស់ព្រះអង្គវិញ! ព្រះអង្គបានប្រកាសព្រះឱវាទរបស់ព្រះអង្គមក ដើម្បីឲ្យយើងខ្ញុំបានប្រតិបត្តិតាម ដោយយកចិត្តទុកដាក់។ ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅអេះ! នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ ដោយភ្នែកទូលបង្គំបានសម្លឹងមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ កាលទូលបង្គំរៀនអស់ទាំងវិន័យ ដ៏សុចរិតរបស់ព្រះអង្គ នោះទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់។ ទូលបង្គំនឹងកាន់តាមច្បាប់របស់ព្រះអង្គ ឱសូមកុំបោះបង់ចោលទូលបង្គំសោះឡើយ។ ៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។ ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាទូលបង្គំរីករាយ នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។ ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ ៙ សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ បានប្រកបដោយគុណ ដើម្បីឲ្យទូលបង្គំបានរស់នៅ ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ! ព្រលឹងទូលបង្គំសោកសង្រេង ដោយចង់បាន វិន័យរបស់ព្រះអង្គគ្រប់ពេលវេលា។ ព្រះអង្គបន្ទោសមនុស្សព្រហើន ជាពួកអ្នកដែលត្រូវបណ្ដាសា ជាពួកអ្នកដែលវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គ។ សូមដកយកដំណៀល និងការមើលងាយចេញពីទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គហើយ។ ទោះបីពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំក៏ដោយ ក៏អ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិត ពីច្បាប់របស់ព្រះអង្គជានិច្ច។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ ហើយសេចក្ដីបន្ទាល់ទាំងនោះ ជាដំបូន្មានដល់ទូលបង្គំ។ ៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! កាលទូលបង្គំបានទូលរៀបរាប់ អំពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! សូមឲ្យទូលបង្គំបានយល់ផ្លូវ នៃព្រះឱវាទរបស់ព្រះអង្គ នោះទូលបង្គំនឹងសញ្ជឹងគិត អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង! សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង! ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ នៅមុខទូលបង្គំ។ ទូលបង្គំជាប់ចិត្តនឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ! ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។ ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។ សូមនាំទូលបង្គំទៅតាមផ្លូវច្រក នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងផ្លូវនោះណាស់។ សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ! សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។ សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក កោតខ្លាចព្រះអង្គ។ សូមបង្វែរពាក្យដំណៀល ដែលទូលបង្គំខ្លាចនោះចេញ ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។ មើល៍ ទូលបង្គំប្រាថ្នាចង់បាន ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ សូមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ផ្សាយមកដល់ទូលបង្គំ គឺការសង្គ្រោះរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ នោះទូលបង្គំនឹងមានពាក្យឆ្លើយតបដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្ត ដល់ព្រះបន្ទូលរបស់ព្រះអង្គ។ សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិត ចេញពីមាត់ទូលបង្គំសោះឡើយ ដ្បិតទូលបង្គំសង្ឃឹមដល់វិន័យរបស់ព្រះអង្គ។ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ របស់ព្រះអង្គជានិច្ច នៅអស់កល្បជានិច្ចរហូតតទៅ ទូលបង្គំនឹងដើរដោយមានសេរីភាព ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។ ទូលបង្គំនឹងលើកដៃប្រណម្យ ឆ្ពោះទៅបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់ ហើយទូលបង្គំនឹងសញ្ជឹងគិត អំពីច្បាប់របស់ព្រះអង្គ។ ៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។ នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលព្រះអង្គប្រទាន ឲ្យទូលបង្គំមានជីវិត។ មនុស្សព្រហើនចំអកមើលងាយ ទូលបង្គំជាពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំនឹកដល់វិន័យ របស់ព្រះអង្គពីបុរាណ នោះចិត្តទូលបង្គំក៏បានធូរស្បើយ។ ទូលបង្គំឈឺចិត្តដោយព្រោះមនុស្សអាក្រក់ ជាអ្នកដែលបោះបង់ចោល ក្រឹត្យវិន័យរបស់ព្រះអង្គ។ ច្បាប់របស់ព្រះអង្គបានក្លាយជា បទចម្រៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំស្នាក់អាស្រ័យ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹកដល់ព្រះនាមព្រះអង្គនៅពេលយប់ ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះពរនេះបានធ្លាក់មកដល់ទូលបង្គំ ព្រោះទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ៙ ព្រះយេហូវ៉ាជាចំណែករបស់ទូលបង្គំ ទូលបង្គំសន្យានឹងប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។ ទូលបង្គំសូមអង្វរដល់ព្រះអង្គយ៉ាងអស់ពីចិត្ត សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ កាលទូលបង្គំគិតអំពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះជើងទូលបង្គំក៏បែរទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំប្រញាប់ប្រញាល់ ហើយមិនបង្អង់នឹង ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឡើយ។ ទោះជាមនុស្សអាក្រក់ដាក់អន្ទាក់ ចាំចាប់ទូលបង្គំក៏ដោយ ក៏ទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ហើយសរសើរតម្កើងព្រះអង្គ ដោយព្រោះវិន័យដ៏សុចរិតរបស់ព្រះអង្គ។ ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក ដែលកោតខ្លាចព្រះអង្គ និងអស់អ្នកដែលកាន់តាម ព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង! ៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។ ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។ ព្រះអង្គល្អ ហើយធ្វើការល្អ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក តែទូលបង្គំមានចិត្តរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ការដែលទូលបង្គំមានទុក្ខព្រួយ នោះជាការល្អដល់ទូលបង្គំ គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ វិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់។ ៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។ អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ហើយមានចិត្តត្រេកអំណរ ព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។ សូមសម្ដែងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរស់នៅ ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ។ សូមឲ្យមនុស្សព្រហើនត្រូវខ្មាស ព្រោះគេបានប្រព្រឹត្តមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំនឹងសញ្ជឹងគិត អំពីព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យអស់អ្នកដែលកោតខ្លាចព្រះអង្គ ងាកមករកទូលបង្គំ ដើម្បីឲ្យគេបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង តាមច្បាប់របស់ព្រះអង្គ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ៙ ព្រលឹងទូលបង្គំដង្ហក់ចង់បាន ការសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ភ្នែកទូលបង្គំស្រវាំងដោយចង់ឃើញ ព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំសួរថា «តើពេលណាទើបព្រះអង្គ កម្សាន្តចិត្តទូលបង្គំ?» ដ្បិតទូលបង្គំបានត្រឡប់ដូចជា ថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តិរបស់ព្រះអង្គឡើយ។ តើអ្នកបម្រើព្រះអង្គត្រូវស៊ូទ្រាំ ដល់កាលណាទៀត? តើពេលណាទើបព្រះអង្គវិនិច្ឆ័យទោស អស់អ្នកដែលបៀតបៀនទូលបង្គំ? មនុស្សព្រហើនបានជីករណ្តៅ ដើម្បីចាប់ទូលបង្គំ គេមិនរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ។ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតទាំងអស់ គេបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង! គេបានធ្វើឲ្យទូលបង្គំ ហៀបតែនឹងសូន្យបាត់ពីផែនដី ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោល ព្រះឱវាទរបស់ព្រះអង្គឡើយ។ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាមសេចក្ដីបន្ទាល់ ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។
ទំនុកតម្កើង 119:1-88 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ ហើយស្វែងរកព្រះអង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះឱវាទមក ដើម្បីឲ្យ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។ ទូលបង្គំចង់ប្រតិបត្តិតាម ច្បាប់របស់ព្រះអង្គ សូមកុំបោះបង់ចោលទូលបង្គំសោះឡើយ! តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យទូលបង្គំងាកចេញ ពីបទបញ្ជារបស់ព្រះអង្គឡើយ! ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គ។ ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ! ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មក។ ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ព្រះអង្គ ដូចជាទូលបង្គំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។ ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។ ទូលបង្គំពេញចិត្តនឹងច្បាប់ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្ន លើផែនដីនេះប៉ុណ្ណោះ សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ។ ចិត្តទូលបង្គំតែងតែផ្តោតទៅរកវិន័យផ្សេងៗ ដែលព្រះអង្គបង្គាប់មកជានិច្ច។ ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។ សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឲ្យមាននរណាមើលងាយទូលបង្គំឡើយ ដ្បិតទូលបង្គំកាន់តាមដំបូន្មាន របស់ព្រះអង្គហើយ។ ទោះបីពួកមេដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងទូលបង្គំក៏ដោយ ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ នៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។ ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។ ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យទូលបង្គំបានរស់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។ ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ ហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ!។ សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យ នៃព្រះឱវាទរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។ ទូលបង្គំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តទូលបង្គំឡើងវិញ ដូចព្រះអង្គបានសន្យា។ សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យទូលបង្គំប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ! ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ ទូលបង្គំសុខចិត្តធ្វើតាមវិន័យ ដែលព្រះអង្គបង្គាប់មក។ ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ព្រះអម្ចាស់អើយ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ! ទូលបង្គំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គ ដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។ ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។ សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញា ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។ សូមនាំទូលបង្គំដើរតាមមាគ៌ា នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។ សូមទាក់ទាញចិត្តទូលបង្គំ ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនឲ្យរកកម្រៃឡើយ! សូមទាញអារម្មណ៍ទូលបង្គំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យទូលបង្គំមានជីវិតរស់នៅ តាមមាគ៌ារបស់ព្រះអង្គ! សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ សូមយកសេចក្ដីអាម៉ាស់ដែលទូលបង្គំ ខ្លាចរអែងនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។ ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! ព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! សូមជួយឲ្យទូលបង្គំអាចឆ្លើយតប នឹងអ្នកដែលជេរប្រមាថទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ សូមកុំឲ្យទូលបង្គំនិយាយអ្វីប្រាសចាក ពីសេចក្ដីពិតឡើយ ដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។ ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។ ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតទូលបង្គំស្វែងរកព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គ ប្រាប់ស្ដេចនានា ទូលបង្គំនឹងមិនខ្មាសសោះឡើយ។ ទូលបង្គំពេញចិត្តនឹងបទបញ្ជារបស់ព្រះអង្គ ទូលបង្គំស្រឡាញ់បទបញ្ជានេះណាស់។ ទូលបង្គំលើកដៃប្រណម្យគោរព បទបញ្ជារបស់ព្រះអង្គ ព្រោះទូលបង្គំស្រឡាញ់បទបញ្ជានេះ ទូលបង្គំចង់សញ្ជឹងគិតអំពីច្បាប់របស់ព្រះអង្គ។ សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំ ដ្បិតព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម! នៅពេលទូលបង្គំមានទុក្ខវេទនា ព្រះបន្ទូលនេះធ្វើឲ្យចិត្តទូលបង្គំបានធូរស្បើយ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ។ មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យទូលបង្គំ តែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់វិន័យរបស់ព្រះអង្គ កាលពីអតីតកាល ហើយចិត្តទូលបង្គំក៏បានធូរស្បើយ។ មនុស្សពាលបានធ្វើឲ្យទូលបង្គំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះអង្គ។ ពេលដែលទូលបង្គំស្នាក់អាស្រ័យ ជាបណ្តោះអាសន្នក្នុងលោកនេះ ទូលបង្គំបានយកច្បាប់របស់ព្រះអង្គ មកធ្វើជាទំនុកតម្កើង ។ ឱព្រះអម្ចាស់អើយ នៅពេលយប់ទូលបង្គំនឹកដល់ ព្រះនាមរបស់ព្រះអង្គ ហើយទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមទូលព្រះអង្គថា ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។ ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថា សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំ ហើយទូលបង្គំក៏បោះជំហានមករកដំបូន្មាន របស់ព្រះអង្គវិញ។ ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិ តាមបទបញ្ជារបស់ព្រះអង្គ ឥតធ្វេសប្រហែសសោះឡើយ។ មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំ ជាប់អន្ទាក់របស់គេ តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។ ទូលបង្គំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ និងអស់អ្នកដែលប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញា ដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។ ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូល របស់ព្រះអង្គហើយ។ ព្រះអង្គមានព្រះហឫទ័យល្អសប្បុរស សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម ព្រះឱវាទរបស់ព្រះអង្គជានិច្ច។ អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។ ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ ចំពោះទូលបង្គំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។ ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឲ្យទូលបង្គំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យទូលបង្គំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។ ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គ ឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើ ទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញ ដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។ សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យអស់អ្នកដែលគោរពកោត ខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។ សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។ ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យា របស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណា ទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?»។ ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចច្បាប់ របស់ព្រះអង្គឡើយ។ តើទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ត្រូវរង់ចាំដល់ពេលណាទៀត ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនទូលបង្គំ? មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យ របស់ព្រះអង្គទេ គេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យទូលបង្គំធ្លាក់។ បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។ នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទ របស់ព្រះអង្គឡើយ។ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា ទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មាន ដែលព្រះអង្គបង្គាប់មក។
ទំនុកតម្កើង 119:1-88 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់ របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មក ដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់ ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់ កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិត របស់ទ្រង់ នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដោយចិត្តទៀងត្រង់ ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។ ៙ មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្ត ដោយសារអ្វី គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់ ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់ របស់ទ្រង់ឡើយ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ បបូរមាត់ទូលបង្គំបានសំដែងពីគ្រប់ទាំងច្បាប់ ដែលចេញពីព្រះឱស្ឋទ្រង់មក ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្ដីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។ ៙ សូមប្រោសអ្នកបំរើរបស់ទ្រង់ ដោយគុណដ៏ប្រសើរ ប្រយោជន៍ឲ្យទូលបង្គំបានរស់នៅ ហើយកាន់តាមព្រះបន្ទូលទ្រង់ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យ នៅក្នុងក្រិត្យវិន័យរបស់ទ្រង់ ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីប៉ុណ្ណោះ សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ ព្រលឹងទូលបង្គំសង្រេង ដោយនឹករឭកដល់ច្បាប់ទ្រង់គ្រប់ពេលវេលា ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃ ដែលត្រូវបណ្តាសាហើយ ជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់ សូមដកយកការដំនៀល នឹងការមើលងាយពីទូលបង្គំចេញ ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំដែរ អ្នកបំរើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្ត របស់ទ្រង់វិញ ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាសេចក្ដីអំណររបស់ខ្លួន ហើយជាសេចក្ដីដំបូន្មានផង។ ៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដី សូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់ ទូលបង្គំបានទូលសំដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ហើយទ្រង់បានឆ្លើយមក សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យទ្រង់ ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត សូមចំរើនកំឡាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់ សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញ ហើយអនុញ្ញាតប្រទានក្រិត្យវិន័យរបស់ទ្រង់មកទូលបង្គំ ដោយព្រះគុណ ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយ ទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំ នឹងកាន់តាមក្រិត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់ របស់ទ្រង់ ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់ របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់ សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូល ជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់ សូមបង្វែរសេចក្ដីដំនៀលដែលទូលបង្គំខ្លាចនោះ ចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន របស់ទ្រង់ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់។ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ទូលបង្គំ គឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់ យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចំឡើយដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់ សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំ អស់រលីងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់ យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រិត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់ ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់ នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់ របស់ទ្រង់ ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់ ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់ របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់ ហើយនឹងរំពឹងគិតពីបញ្ញត្តទ្រង់។ ៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានបន្ទូល ដល់អ្នកបំរើទ្រង់ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេក ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រិត្យវិន័យទ្រង់ឡើយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្ត ដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោល ក្រិត្យវិន័យរបស់ទ្រង់ អស់ទាំងបញ្ញត្តរបស់ទ្រង់ជាបទចំរៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់ នៅវេលាយប់ ហើយបានកាន់តាមក្រិត្យវិន័យទ្រង់ សេចក្ដីនេះបានកើតដល់ទូលបង្គំ ដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។ ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំង ព្រះបន្ទូលនៃទ្រង់ ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្ត សូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់ ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ ទូលបង្គំមិនបានបង្អែបង្អង់ឡើយ គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើង ដើម្បីអរព្រះគុណដល់ទ្រង់ ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ ទូលបង្គំជាមិត្រភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ សេចក្ដីសប្បុរសរបស់ទ្រង់ សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។ ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់ ដោយល្អ តាមព្រះបន្ទូលនៃទ្រង់ សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ សូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់ តែទូលបង្គំមានចិត្តអំណរចំពោះក្រិត្យវិន័យទ្រង់វិញ ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់ ក្រិត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក នោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ ទាំងពាន់ផង។ ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង សូមប្រោសឲ្យទូលបង្គំមានយោបល់ ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់ ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ ហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរស របស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំ តាមសេចក្ដីដែលទ្រង់មានបន្ទូលដល់អ្នកបំរើទ្រង់ហើយ សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតស្ថិតស្ថេរនៅ ដ្បិតទូលបង្គំយកក្រិត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ ដោយឥតហេតុ តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់ សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់ បានបែរមកឯទូលបង្គំ នោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បាន សេចក្ដីសង្គ្រោះរបស់ទ្រង់ ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់ ភ្នែកទូលបង្គំស្រវាំងទៅ ដោយចង់បានព្រះបន្ទូលនៃទ្រង់ ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ ដោះទុក្ខទូលបង្គំទៅ ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ តើថ្ងៃអាយុនៃអ្នកបំរើទ្រង់បានប៉ុន្មានទៅ តើដល់កាលណាបានទ្រង់សំរេចទោស ដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសំរាប់ចាប់ទូលបង្គំ ជាការប្រព្រឹត្តលើ្មសចំពោះក្រិត្យវិន័យទ្រង់ អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅ ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ ដែលចេញពីព្រះឱស្ឋទ្រង់មក។