ទំនុកដំកើង 119:1-88

ទំនុកដំកើង 119:1-88 ពគប

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​ទុក​នូវ​សេចក្ដី​បន្ទាល់ របស់​ទ្រង់ ជា​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អើ ពួក​នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ គឺ​គេ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​វិញ ទ្រង់​បាន​ប្រកាស​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​កាន់​តាម​ដោយ​ម៉ត់‌ចត់ ឱ​បើ​សិន​ណា​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ បាន​រៀបចំ​ទៅ​អេះ ដើម្បី​ឲ្យ​បាន​កាន់​តាម​ច្បាប់​ទ្រង់ កាល​ណា​ទូលបង្គំ​រាប់​អាន​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ កាល​ណា​ទូលបង្គំ​បាន​រៀន​អស់​ទាំង​ខ​ច្បាប់​ដ៏​សុចរិត របស់​ទ្រង់ នោះ​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដោយ​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ទ្រង់ ឱ​សូម​កុំ​លះ​ចោល​ទូលបង្គំ​ឲ្យ​អស់​រលីង​ឡើយ។ ៙ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ‌សារ​អ្វី គឺ​ដោយ​ប្រយ័តនឹង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ទូលបង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ឱ​សូម​កុំ​ឲ្យ​ទូលបង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់ របស់​ទ្រង់​ឡើយ ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះ‌បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មាន​ពរ​ហើយ សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ដល់​ទូលបង្គំ បបូរ​មាត់​ទូលបង្គំ​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ទូលបង្គំ​បាន​ត្រេក‌អរ​ក្នុង​ផ្លូវ​ប្រព្រឹត្ត​តាម សេចក្ដី​បន្ទាល់​របស់​ទ្រង់ ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង ទូលបង្គំ​នឹង​រំពឹង​គិត​ពី​សេចក្ដី​បញ្ញត្ត​របស់​ទ្រង់ ហើយ​នឹង​ស្រឡាញ់​រាប់​អាន​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។ ៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​រស់​នៅ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​បំភ្លឺ​ភ្នែក​ទូលបង្គំ ឲ្យ​បាន​ឃើញ​សេចក្ដី​អស្ចារ្យ នៅ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ទ្រង់ ទូលបង្គំ​ជា​មនុស្ស​គ្រាន់​តែ​ស្នាក់​នៅ​ផែនដី​ប៉ុណ្ណោះ សូម​កុំ​លាក់​សេចក្ដី​បង្គាប់​របស់​ទ្រង់​នឹង​ទូលបង្គំ​ឡើយ ព្រលឹង​ទូលបង្គំ​សង្រេង ដោយ​នឹក​រឭក​ដល់​ច្បាប់​ទ្រង់​គ្រប់​ពេល​វេលា ទ្រង់​បាន​បន្ទោស​មនុស្ស​ឆ្មើង‌ឆ្មៃ ដែល​ត្រូវ​បណ្តាសា​ហើយ ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់ សូម​ដក​យក​ការ​ដំនៀល នឹង​ការ​មើល‌ងាយ​ពី​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក មាន​ទាំង​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូលបង្គំ​ដែរ អ្នក​បំរើ​របស់​ទ្រង់​បាន​នឹក​រំពឹង​តែ​ពី​សេចក្ដី​បញ្ញត្ត របស់​ទ្រង់​វិញ ទូលបង្គំ​យក​សេចក្ដី​បន្ទាល់​ទ្រង់ ទុក​ជា​សេចក្ដី​អំណរ​របស់​ខ្លួន ហើយ​ជា​សេចក្ដី​ដំបូន្មាន​ផង។ ៙ ព្រលឹង​ទូលបង្គំ​ឈ្លក់​នៅ​នឹង​ធូលី​ដី សូម​ប្រោស​ទូលបង្គំ​ឲ្យ​ភ្ងារ​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​បាន​ទូល​សំដែង​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ ហើយ​ទ្រង់​បាន​ឆ្លើយ​មក សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ​ផង សូម​ឲ្យ​ទូលបង្គំ​បាន​យល់​ក្នុង​ផ្លូវ​ឱវាទ​របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​នឹក​រំពឹង​ពី​ការ​អស្ចារ្យ​ទ្រង់ ព្រលឹង​ទូលបង្គំ​រលាយ​ទៅ ដោយ​សេចក្ដី​ធ្ងន់​ចិត្ត សូម​ចំរើន​កំឡាំង​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូលបង្គំ​ចេញ ហើយ​អនុញ្ញាត​ប្រទាន​ក្រិត្យ‌វិន័យ​របស់​ទ្រង់​មក​ទូលបង្គំ ដោយ​ព្រះ‌គុណ ទូលបង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់​ហើយ ទូលបង្គំ​បាន​តាំង​ច្បាប់​របស់​ទ្រង់​នៅ​ចំពោះ​ភ្នែក​ដែរ ទូលបង្គំ​កាន់​ខ្ជាប់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ ទូលបង្គំ​នឹង​រត់​ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​បង្គាប់​ទ្រង់ ដ្បិត​ទ្រង់​បាន​ពង្រីក​ចិត្ត​ទូលបង្គំ​ឡើង​ហើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ នៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង សូម​បណ្តាល​ឲ្យ​ទូលបង្គំ​ដើរ​ទៅ​តាម​ផ្លូវ​ច្រក​នៃ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ផ្លូវ​នោះ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់ របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ សូម​បង្វែរ​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍ ហើយ​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង​ក្នុង​ផ្លូវ​ទ្រង់ សូម​សំរេច​ដល់​អ្នក​បំរើ​ទ្រង់​តាម​ព្រះ‌បន្ទូល ជា​សេចក្ដី​ដែល​ទុក​សំរាប់​ពួក​អ្នក​កោត‌ខ្លាច​ដល់​ទ្រង់ សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ច្បា​ប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ មើល ទូលបង្គំ​បាន​នឹក​អាល័យ​ដល់​បញ្ញត្ត​ទាំង​ប៉ុន្មាន របស់​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់​ផ្សាយ​មក​ដល់​ទូលបង្គំ គឺ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ តាម​ព្រះ‌បន្ទូល​ទ្រង់ យ៉ាង​នោះ ទូលបង្គំ​នឹង​មាន​ពាក្យ​ចំឡើយ​ដល់​អ្នក​ណា ដែល​ត្មះ‌តិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ព្រះ‌បន្ទូល​ទ្រង់ សូម​កុំ​ដក​ព្រះ‌បន្ទូល​ដ៏​ពិត​ចេញ​ពី​មាត់​ទូលបង្គំ អស់​រលីង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​ដល់​ច្បាប់​នៃ​ទ្រង់ យ៉ាង​នោះ ទូលបង្គំ​នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់​ជានិច្ច នៅ​អស់‌កល្ប‌ជានិច្ច​រៀង​ត​ទៅ ទូលបង្គំ​នឹង​ដើរ​ទៅ​ដោយ​សេរី‌ភាព ដ្បិត​ទូលបង្គំ​បាន​ស្វែង​រក​អស់​ទាំង​បញ្ញត្ត​នៃ​ទ្រង់ ទូលបង្គំ​នឹង​ពោល​ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់ នៅ​ចំពោះ​ពួក​ស្តេច ឥត​ដែល​ត្រូវ​ខ្មាស​ឡើយ ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ជា​សេចក្ដី​ដែល​ទូលបង្គំ​បាន​ស្រឡាញ់ ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ​ចំពោះ​សេចក្ដី​បង្គាប់ របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​ស្រឡាញ់ ហើយ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់។ ៙ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល ដល់​អ្នក​បំរើ​ទ្រង់ ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សង្ឃឹម នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូលបង្គំ ក្នុង​វេលា​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូលបង្គំ​ពន់‌ពេក ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូលបង្គំ​បាន​ក្សាន្ត​ចិត្ត ទូលបង្គំ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​មក​គ្រប​សង្កត់​ចិត្ត ដោយ​ព្រោះ​មនុស្ស​អាក្រក់ ដែល​បោះ‌បង់​ចោល ក្រិត្យ‌វិន័យ​របស់​ទ្រង់ អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូលបង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូលបង្គំ​អាស្រ័យ​នៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​ព្រះ‌នាម​ទ្រង់ នៅ​វេលា​យប់ ហើយ​បាន​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ សេចក្ដី​នេះ​បាន​កើត​ដល់​ទូលបង្គំ ដោយ​ព្រោះ​បាន​រក្សា​ទុក​នូវ​បញ្ញត្ត​របស់​ទ្រង់។ ៙ ឯ​ចំណែក​នៃ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ពោល​ថា ត្រូវ​ឲ្យ​ទូលបង្គំ​រក្សា​អស់​ទាំង ព្រះ‌បន្ទូល​នៃ​ទ្រង់ ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​អស់​ពី​ចិត្ត សូម​ទ្រង់​មេត្តា​ប្រោស​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​បាន​នឹក​ពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​បាន​បំបែរ​ជើង​ទៅ​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់​វិញ ទូលបង្គំ​មិន​បាន​បង្អែ‌បង្អង់​ឡើយ គឺ​បាន​ប្រញាប់​នឹង​រក្សា​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំ​ព័ទ្ធ​ទូលបង្គំ​ជុំវិញ តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ នៅ​កណ្តាល​អធ្រាត្រ ទូលបង្គំ​នឹង​ក្រោក​ឡើង ដើម្បី​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដោយ​ព្រោះ​អស់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ ទូលបង្គំ​ជា​មិត្រ‌ភក្តិ​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​រក្សា​បញ្ញត្ត​ទ្រង់​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ សេចក្ដី​សប្បុរស​របស់​ទ្រង់ សូម​បង្រៀន​សេចក្ដី​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រោស​អ្នក​បំរើ​ទ្រង់ ដោយ​ល្អ តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូលបង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ កាល​មុន​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវ​នេះ ទូលបង្គំ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​បង្កើត​សេចក្ដី​ភូត‌ភរ ទាស់​នឹង​ទូលបង្គំ តែ​ទូលបង្គំ​នឹង​រក្សា​ទុក​នូវ​បញ្ញត្ត​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ចិត្ត​គេ​ស្ពឹក​ដូច​ជា​មនុស្ស​មាន​ខ្លាញ់​ខន់ តែ​ទូលបង្គំ​មាន​ចិត្ត​អំណរ​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់​វិញ ការ​ដែល​ទូលបង្គំ​កើត​មាន​ទុក្ខ​ព្រួយ នោះ​គឺ​ជា​ប្រយោជន៍​ដល់​ទូលបង្គំ​ហើយ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រៀន​យក​បញ្ញត្ត​របស់​ទ្រង់ ក្រិត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​វិសេស​ដល់​ទូលបង្គំ ជា​ជាង​មាស​ប្រាក់ ទាំង​ពាន់​ផង។ ៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូលបង្គំ​ឡើង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ គេ​នឹង​ឃើញ​ទូលបង្គំ ហើយ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​ទូលបង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ហើយ​ថា អស់​ទាំង​ខ​ច្បាប់​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ថា ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​កើត​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ទេ ទូលបង្គំ​ទូល‌អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សប្បុរស របស់​ទ្រង់​ផ្សាយ​មក​ជួយ​ដោះ​ទុក្ខ​ទូលបង្គំ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ដល់​អ្នក​បំរើ​ទ្រង់​ហើយ សូម​ប្រទាន​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​មក​ទូលបង្គំ ដើម្បី​ឲ្យទូលបង្គំ​មាន​ជីវិត​ស្ថិត‌ស្ថេរ​នៅ ដ្បិត​ទូលបង្គំ​យក​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​អំណរ​ដល់​ខ្លួន សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ តែ​ទូលបង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់ សូម​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ បាន​បែរ​មក​ឯ​ទូលបង្គំ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ផង សូម​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ជាប់​ស៊ប់​នឹង​បញ្ញត្ត​ទ្រង់ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។ ៙ ព្រលឹង​នៃ​ទូលបង្គំ​ភ្លឹក​ទៅ ដោយ​ប្រាថ្នា​ចង់​បាន សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទូលបង្គំ​ក៏​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ចង់​បាន​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ទូលបង្គំ​និយាយ​ថា តើ​កាល​ណា​បាន​ទ្រង់ ដោះ​ទុក្ខ​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​ទ្រង់​ឡើយ តើ​ថ្ងៃ​អាយុ​នៃ​អ្នក​បំរើ​ទ្រង់​បាន​ប៉ុន្មាន​ទៅ តើ​ដល់​កាល​ណា​បាន​ទ្រង់​សំរេច​ទោស ដល់​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​ជីក​រណ្តៅ​សំរាប់​ចាប់​ទូលបង្គំ ជា​ការ​ប្រព្រឹត្ត​លើ្មស​ចំពោះ​ក្រិត្យ‌វិន័យ​ទ្រង់ អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​សុទ្ធ​តែ​ស្មោះ‌ត្រង់ ឯ​គេៗ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូលបង្គំ​ផង គេ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ប៉ុន្តែទូលបង្គំ​មិន​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ទ្រង់​ទេ សូម​ចំរើន​កំឡាំង​នៃ​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​រក្សា​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក។