ទំនុកតម្កើង 119:1-88

ទំនុកតម្កើង 119:1-88 គកស១៦

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា! មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត ជា​អ្នក​ដែល​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​វិញ! ព្រះ‌អង្គ​បាន​ប្រកាស​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានប្រតិ‌បត្តិ​តាម ដោយ​យក​ចិត្ត​ទុកដាក់។ ឱ​ប្រសិន‌បើ​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ បាន​ខ្ជាប់​ខ្ជួន ដោយ​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ​ទៅ​អេះ! នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​ភ្នែក​ទូល‌បង្គំបាន​សម្លឹង​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។ កាល​ទូល‌បង្គំ​រៀន​អស់​ទាំង​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ចិត្ត​ទៀង​ត្រង់។ ទូល‌បង្គំ​នឹង​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ ឱ​សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ​សោះ​ឡើយ។ ៙ តើ​មនុស្ស​កំលោះធ្វើ​ដូចម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ? គឺ​ដោយ​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​បាន​ស្វែង​រក​ព្រះ‌អង្គយ៉ាង​អស់​ពី​ចិត្ត សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជា របស់ព្រះ‌អង្គ​ឡើយ។ ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មាន​ពរ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំស្គាល់​ច្បាប់ របស់​ព្រះ‌អង្គ​ផង! បបូរ​មាត់​ទូល‌បង្គំ​ប្រកាស​ពី​គ្រប់​ទាំង​វិន័យ ដែល​ចេញ​មក​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំរីក​រាយ​នឹង​ផ្លូវ​ប្រព្រឹត្ត តាមសេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដូចជា​ទូល‌បង្គំ​រីក​រាយ នឹង​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង។ ទូល‌បង្គំ​នឹងសញ្ជឹង​គិត​ពីព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហើយ​ភ្នែក​ទូល‌បង្គំ​សម្លឹង​មើល​ផ្លូវ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​នឹង​ច្បាប់​របស់​ព្រះ‌អង្គ ទូល‌បង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។ ៙ សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ! ព្រលឹង​ទូល‌បង្គំ​សោក​សង្រេង ដោយ​ចង់​បាន វិន័យ​របស់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា។ ព្រះ‌អង្គ​បន្ទោស​មនុស្ស​ព្រហើន ជា​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពីបទ‌បញ្ជា របស់​ព្រះ‌អង្គ។ សូម​ដក​យក​ដំណៀល និង​ការ​មើល‌ងាយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានកាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ​ហើយ។ ទោះ​បី​ពួក​អ្នក​ធំ​បាន​អង្គុយ​ប្រឹក្សា​គ្នា ទាស់​នឹង​ទូល‌បង្គំ​ក៏​ដោយ ក៏​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​តែ​សញ្ជឹង​គិត ពី​ច្បាប់របស់​ព្រះ‌អង្គ​ជានិច្ច។ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​ទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ ហើយ​សេចក្ដី​បន្ទាល់​ទាំង​នោះ ជា​ដំ‌បូន្មាន​ដល់​ទូល‌បង្គំ។ ៙ ព្រលឹង​ទូល‌បង្គំ​ជាប់​ស្អិត​នឹង​ធូលី​ដី សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! កាល​ទូល‌បង្គំ​បាន​ទូល​រៀប​រាប់ អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ស្គាល់​ច្បាប់ របស់​ព្រះ‌អង្គ​ផង! សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ផ្លូវ នៃ​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ ព្រលឹង​ទូល‌បង្គំ​រលាយ​ទៅ ដោយ​ព្រោះ​ទុក្ខ​ព្រួយ សូម​ចម្រើន​កម្លាំង​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង! សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង! ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។ ទូល‌បង្គំ​ជាប់​ចិត្ត​នឹង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ! ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។ សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។ សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ! សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ សូម​បញ្ជាក់​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទុក​សម្រាប់​អស់​អ្នក កោត​ខ្លាច​ព្រះ‌អង្គ។ សូម​បង្វែរ​ពាក្យ​ដំណៀល ដែល​ទូល‌បង្គំ​ខ្លាច​នោះ​ចេញ ដ្បិត​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។ មើល៍ ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ផ្សាយ​មក​ដល់​ទូល‌បង្គំ គឺការ​សង្គ្រោះ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​តប​ដល់​អ្នក​ណា ដែល​ត្មះ‌តិះ‌ដៀល​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​កុំ​ដក​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ចេញ​ពី​មាត់​ទូល‌បង្គំសោះ​ឡើយ ដ្បិត​ទូល‌បង្គំ​សង្ឃឹម​ដល់​វិន័យ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ជា‌និច្ច នៅ​អស់‌កល្ប​ជា‌និច្ច​រហូត​តទៅ ទូល‌បង្គំ​នឹង​ដើរ​ដោយមាន​សេរី‌ភាព ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ពួក​ស្តេច ហើយ​នឹង​មិន​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់។ ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ ឆ្ពោះ​ទៅ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់ ហើយ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ច្បាប់​របស់​ព្រះ‌អង្គ។ ៙ សូម​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌អង្គ មាន​ព្រះ‌បន្ទូលមក​កាន់​អ្នក​បម្រើ​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​នាំ​ឲ្យ​ទូល‌បង្គំ​មាន​សង្ឃឹម។ នេះ​ហើយ​ជា​សេចក្ដី​កម្សាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ជីវិត។ មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​នឹក​ដល់​វិន័យ របស់​ព្រះ‌អង្គ​ពី​បុរាណ នោះ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។ ទូល‌បង្គំ​ឈឺ​ចិត្ត​ដោយ​ព្រោះ​មនុស្ស​អាក្រក់ ជា​អ្នក​ដែល​បោះ‌បង់​ចោល ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ច្បាប់​របស់​ព្រះ‌អង្គ​បាន​ក្លាយ​ជា បទ​ចម្រៀង​របស់​ទូល‌បង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​ស្នាក់​អាស្រ័យ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ពេល​យប់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ព្រះ​ពរ​នេះ​បាន​ធ្លាក់​មក​ដល់​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ៙ ព្រះ‌យេហូវ៉ា​ជា​ចំណែក​របស់​ទូល‌បង្គំ ទូល‌បង្គំ​សន្យា​នឹងប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។ ទូល‌បង្គំ​សូម​អង្វរ​ដល់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ប្រណី​សន្ដោស​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។ កាល​ទូល‌បង្គំ​គិត​អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ជើង​ទូល‌បង្គំ​ក៏​បែរ​ទៅ​រក សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។ ទោះ​ជា​មនុស្ស​អាក្រក់​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូល‌បង្គំ​ក្រោក​ឡើង ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នៃ​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ និង​អស់​អ្នក​ដែល​កាន់​តាម ព្រះ​ឱវា​ទ​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង! ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ ពី​មុន​ទូល‌បង្គំ​បាន​វង្វេង ហើយ​ក៏​មាន​ទុក្ខ​ព្រួយ តែ​ឥឡូវ​នេះ ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​ព្រះ‌អង្គ។ ព្រះ‌អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។ មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ចិត្ត​របស់​គេ​ស្ពឹក ដូច​មនុស្ស​មាន​ខ្លាញ់​កក តែ​ទូល‌បង្គំ​មាន​ចិត្ត​រីក​រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ការ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ នោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំ គឺ​ដើម្បី​ឲ្យ​ទូល‌បង្គំអាច​រៀន​ច្បាប់​របស់​ព្រះ‌អង្គ។ ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់។ ៙ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​បង្កើត និង​បាន​សូន​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បី​ឲ្យទូល‌បង្គំ​បានរៀន​ស្គាល់ បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ នឹង​ឃើញ​ទូល‌បង្គំ ហើយ​មាន​ចិត្ត​ត្រេក​អំណរ ព្រោះ​ទូល‌បង្គំ​បាន សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​មាន​ទុក្ខ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ទេ។ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ដ្បិត​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជាទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ។ សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ងាក​មក​រក​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​ឥត​សៅហ្មង តាម​ច្បាប់​របស់​ព្រះ‌អង្គ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។ ៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​ចង់​ឃើញ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សួរ​ថា «តើ​ពេល​ណា​ទើប​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ?» ដ្បិត​ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា ថង់​ស្បែក​ដែល​ត្រូវ​ផ្សែង តែ​ទូល‌បង្គំ​មិន​ភ្លេច​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ។ តើ​អ្នក​បម្រើ​ព្រះ‌អង្គ​ត្រូវ​ស៊ូទ្រាំ ដល់​កាល​ណា​ទៀត? តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ? មនុស្ស​ព្រហើន​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ គេ​មិន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។ បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិតទាំង​អស់ គេ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូល‌បង្គំ​ផង! គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម​សេចក្ដី​បន្ទាល់ ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។