ទំនុកតម្កើង 119

119
ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់
1អ្នក​ណា​មាន​កិរិយា​មារ‌យាទ
ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ
ហើយ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
2អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអង្គ
ហើយ​ស្វែង​រក​ព្រះអង្គ​អស់​ពី​ចិត្ត
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
3អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ
គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។
4ព្រះអង្គ​បាន​ប្រទាន​ព្រះ‌ឱវាទ​មក ដើម្បី​ឲ្យ
យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។
5សូម​ជួយ​ទូលបង្គំ​ឲ្យ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ
ដោយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ។
6ដូច្នេះ ពេល​ណា​ទូលបង្គំ​ពិនិត្យ​មើល
បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ
នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។
7ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ
ដោយ​ចិត្ត​ទៀង​ត្រង់
ហើយ​ពិចារណា​មើល​វិន័យ​ដ៏​សុចរិត
ដែល​ព្រះអង្គ​បាន​បង្គាប់​មក។
8ទូលបង្គំ​ចង់​ប្រតិបត្តិ​តាម
ច្បាប់​របស់​ព្រះអង្គ
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​សោះ​ឡើយ!
9តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា
ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន
បាន​ល្អ​ត្រឹម​ត្រូវ?
គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។
10ទូលបង្គំ​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត
សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ងាក​ចេញ
ពី​បទ‌បញ្ជា​របស់​ព្រះអង្គ​ឡើយ!
11ទូលបង្គំ​រក្សា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។
12 ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ
សូម​បង្រៀន​ឲ្យ​ទូលបង្គំ
ស្គាល់​ច្បាប់​របស់​ព្រះអង្គ!
13ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​បង្គាប់​មក។
14ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម
ដំបូន្មាន​របស់​ព្រះអង្គ
ដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្ត
នឹង​មាន​សម្បត្តិ​ដ៏​ស្តុក‌ស្តម្ភ។
15ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ
ទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច។
16ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់
របស់​ព្រះអង្គ​ខ្លាំង​ណាស់
ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឡើយ។
17សូម​ប្រណី​សន្ដោស​ទូលបង្គំ
ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត
ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។
18សូម​បើក​ភ្នែក​ទូលបង្គំ
ដើម្បី​ឲ្យ​ទូលបង្គំ មើល​ឃើញ​ភាព​ថ្លៃ‌ថ្នូរ
ដ៏​អស្ចារ្យ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។
19ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្តោះ‌អាសន្ន
លើ​ផែនដី​នេះ​ប៉ុណ្ណោះ
សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះអង្គ
នឹង​ទូលបង្គំ​ឡើយ។
20ចិត្ត​ទូលបង្គំ​តែងតែ​ផ្តោត​ទៅ​រក​វិន័យ​ផ្សេងៗ
ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។
21ព្រះអង្គ​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង
ដែល​ជា​ជន​ត្រូវ​បណ្ដាសា
វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ព្រះអង្គ។
22សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ
កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយ
ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន
របស់​ព្រះអង្គ​ហើយ។
23ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា
ប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយ
ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
នៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។
24ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ​ណាស់
ដំបូន្មាន​ព្រះអង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។
25ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង
សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់
ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។
26ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំ
ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ
សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់
របស់​ព្រះអង្គ!។
27សូម​ជួយ​ទូលបង្គំ​ឲ្យ​យល់​អំពី​អត្ថ‌ន័យ
នៃ​ព្រះ‌ឱវាទ​របស់​ព្រះអង្គ
ដើម្បី​ឲ្យ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ
ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សម្តែង!។
28ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេង
សូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញ
ដូច​ព្រះអង្គ​បាន​សន្យា។
29សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង
ហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាម
ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ!
30ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ
ដែល​ព្រះអង្គ​បង្គាប់​មក។
31ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ
ព្រះ‌អម្ចាស់​អើយ
សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!
32ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ
តាម​បទ‌បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។
33 ព្រះ‌អម្ចាស់​អើយ
សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ
ដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាម
រហូត​ដល់​ទី​បញ្ចប់!។
34សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា
ដើម្បី​រក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ
ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។
35សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា
នៃ​បទ‌បញ្ជា​របស់​ព្រះអង្គ
ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា
ទាំង​នេះ​ណាស់។
36សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ
ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ
គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ!
37សូម​ទាញ​អារម្មណ៍​ទូលបង្គំ
ឲ្យ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹម‌សារ
ហើយ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ
តាម​មាគ៌ា​របស់​ព្រះអង្គ!
38សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។
39សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ
ខ្លាច‌រអែង​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ
ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។
40ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ!
41 ព្រះ‌អម្ចាស់​អើយ
សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​ទូលបង្គំ
សូម​សង្គ្រោះ​ទូលបង្គំ​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ!
42សូម​ជួយ​ឲ្យ​ទូលបង្គំ​អាច​ឆ្លើយ​តប
នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូលបង្គំ
ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។
43សូម​កុំ​ឲ្យ​ទូលបង្គំ​និយាយ​អ្វី​ប្រាស‌ចាក
ពី​សេចក្ដី​ពិត​ឡើយ
ដ្បិត​ទូលបង្គំ​សង្ឃឹម​លើ​វិន័យ​របស់​ព្រះអង្គ។
44ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ
ជានិច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។
45ទូលបង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរី‌ភាព​ពេញ​ទី
ដ្បិត​ទូលបង្គំ​ស្វែង​រក​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។
46ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះអង្គ
ប្រាប់​ស្ដេច​នានា
ទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។
47ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ‌បញ្ជា​របស់​ព្រះអង្គ
ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ​ណាស់។
48ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរព
បទ‌បញ្ជា​របស់​ព្រះអង្គ
ព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​នេះ
ទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់​របស់​ព្រះអង្គ។
49សូម​នឹក​ដល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​ទូលបង្គំ
ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​សង្ឃឹម!
50នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា
ព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ
បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។
51មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំ
តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ​ឡើយ។
52 ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​នឹក​ដល់​វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល
ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។
53មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ
ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង
ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ។
54ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ
ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ
ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ
មក​ធ្វើ​ជា​ទំនុកតម្កើង ។
55ឱ​ព្រះ‌អម្ចាស់​អើយ
នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់
ព្រះ‌នាម​របស់​ព្រះអង្គ ហើយ​ទូលបង្គំ
ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។
56ទូលបង្គំ​រក​ឃើញ​សុភមង្គល
ដោយ​អនុវត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។
57ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា
ការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះអង្គ
ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។
58ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា
សូម​ប្រណី​សន្ដោស​ទូលបង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!
59ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ
ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន
របស់​ព្រះអង្គ​វិញ។
60ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ
តាម​បទ‌បញ្ជា​របស់​ព្រះអង្គ
ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។
61មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ
ជាប់​អន្ទាក់​របស់​គេ
តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។
62នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង
ដើម្បី​លើក​តម្កើង​ព្រះអង្គ
ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។
63ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម
ព្រះ‌ឱវាទ​របស់​ព្រះអង្គ។
64ឱ​ព្រះ‌អម្ចាស់​អើយ
ផែនដី​ពេញ​ទៅ​ដោយ
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់
របស់​ព្រះអង្គ!
65ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រណី​សន្ដោស​ទូលបង្គំ
ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។
66សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា
ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។
67ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា
ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល
របស់​ព្រះអង្គ​ហើយ។
68ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស
សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់
របស់​ព្រះអង្គ!
69មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ
តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម
ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ជានិច្ច។
70អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត
រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ​ណាស់។
71ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ
ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់​របស់​ព្រះអង្គ។
72ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់
ច្រើន​យ៉ាង​ណា​ក៏​ដោយ
ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដែរ។
73ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក
ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើង
ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំ
មាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះអង្គ។
74ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ
ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ
ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។
75ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​ដឹង​ថា​ការ​អ្វី ដែល​ព្រះអង្គ​សម្រេច
សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។
76សូម​សម្រាល​ទុក្ខ​ទូលបង្គំ
ដោយ‌សារ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ
តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។
77សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​មក​លើ
ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ​ណាស់។
78សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់
ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ
រីឯ​ទូលបង្គំ​វិញ
ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។
79សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត
ខ្លាច​ព្រះអង្គ នាំ​គ្នា​មក​រក​ទូលបង្គំ
ដើម្បី​ឲ្យ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។
80សូម​ជួយ​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់
របស់​ព្រះអង្គ​ឥត​ខ្ចោះ
កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។
81ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។
82ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យា
របស់​ព្រះអង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា
ទើប​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។
83ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ
តែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់
របស់​ព្រះអង្គ​ឡើយ។
84តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត
ទើប​ព្រះអង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក
ដែល​បៀត‌បៀន​ទូលបង្គំ?
85មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ​ទេ
គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។
86បទ‌បញ្ជា​របស់​ព្រះអង្គ​ទាំង​ប៉ុន្មាន
សុទ្ធ​តែ​ពិត​ទាំង​អស់
សូម​ជួយ​ទូលបង្គំ​ផង
ដ្បិត​គេ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។
87នៅ​តែ​បន្តិច​ប៉ុណ្ណោះ
គេ​នឹង​ប្រហារ​ទូលបង្គំ​ឲ្យ​វិនាស​សូន្យ
ប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះ‌ឱវាទ
របស់​ព្រះអង្គ​ឡើយ។
88សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន
ដែល​ព្រះអង្គ​បង្គាប់​មក។
89ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។
90ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំ
ហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។
91អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ
ដោយ‌សារ​វិន័យ​របស់​ព្រះអង្គ
ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម
អំណាច​របស់​ព្រះអង្គ។
92ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា
ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។
93ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះ‌ឱវាទ
របស់​ព្រះអង្គ​សោះ​ឡើយ
ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។
94ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ
សូម​សង្គ្រោះ​ទូលបង្គំ​ផង!
ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់
នឹង​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។
95មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ទូលបង្គំ
តែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ។
96ទូលបង្គំ​ឃើញ​ថា
សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ
ប៉ុន្តែ បទ‌បញ្ជា​របស់​ព្រះអង្គ​ទូលំ‌ទូលាយ
ឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។
97ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ​ខ្លាំង​ណាស់
ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះ
ជា​រៀង​រាល់​ថ្ងៃ។
98បទ‌បញ្ជា​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ
មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ
ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច។
99ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន
របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំ
យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។
100ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត
ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។
101ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន
ដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។
102ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ
ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ
ដ្បិត​ព្រះអង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។
103ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ
ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំ
ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។
104ព្រះ‌ឱវាទ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ
ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា
ទូលបង្គំ​ស្អប់​ការ​វៀច‌វេរ។
105ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន
ទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។
106ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា
ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យ
ដ៏​សុចរិត​ដែល​ព្រះអង្គ​បង្គាប់​មក។
107ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់
សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង!
108ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ទទួល​យក​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ
ទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​ឲ្យ​ទូលបង្គំ
ស្គាល់​វិន័យ​របស់​ព្រះអង្គ!
109ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជានិច្ច
ប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។
110មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ
តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ
ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។
111ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំ
ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំ
មាន​អំណរ​នៅ​ក្នុង​ចិត្ត។
112ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់
របស់​ព្រះអង្គ​រហូត​ដល់​ទី​បំផុត។
113ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ
តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។
114ព្រះអង្គ​ជា​ជម្រក និង​ជា​ខែល​ការពារ​ទូលបង្គំ
ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌បន្ទូល
របស់​ព្រះអង្គ​ជានិច្ច។
115មនុស្ស​អាក្រក់​អើយ
ចូរ​នាំ​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!
ទុក​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ!
116សូម​ជួយ​គាំទ្រ​ទូលបង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ
ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត
សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម
របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។
117សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំ
ដើម្បី​ឲ្យ​ទូលបង្គំ​បាន​រួច​ជីវិត
ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។
118ព្រះអង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង
ចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះអង្គ​ឡើយ
ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ
ជា​ការ​បោក​បញ្ឆោត។
119ព្រះអង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន
នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម
ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់
ដំបូន្មាន​របស់​ព្រះអង្គ។
120រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់‌ញ័រ
ដោយ​កោត​ខ្លាច​ព្រះអង្គ
ទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះអង្គ។
121ទូលបង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌
សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។
122សូម​ធានា​ឲ្យ​ទូលបង្គំ
ដែល​ជា​អ្នក​បម្រើ​ព្រះអង្គ​បាន​សុខ‌សាន្ត​ផង
សូម​កុំ​ទុក​ឲ្យ​មនុស្ស​អួត​បំប៉ោង
សង្កត់‌សង្កិន​ទូលបង្គំ​ឡើយ។
123ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​រង់‌ចាំ​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត
របស់​ព្រះអង្គ។
124សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ
របស់​ព្រះអង្គ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់
របស់​ព្រះអង្គ!
125ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផង
ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។
126 ព្រះ‌អម្ចាស់​អើយ
ដល់​ពេល​ធ្វើ​អន្តរា‌គមន៍​ហើយ
ដ្បិត​គេ​បាន​រំលោភ​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។
127ទូលបង្គំ​ស្រឡាញ់​បទ‌បញ្ជា​របស់​ព្រះអង្គ
លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។
128ទូលបង្គំ​យល់​ឃើញ​ថា​ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន
របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
ទូលបង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។
129ដំបូន្មាន​របស់​ព្រះអង្គ​ល្អ​វិសេស​ណាស់
ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។
130ការ​ស្វែង​យល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង
ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។
131ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល
របស់​ព្រះអង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់
ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជា
របស់​ព្រះអង្គ​ណាស់។
132សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំ
សូម​ប្រណី‌សន្ដោស​ទូលបង្គំ
ដូច​ព្រះអង្គ​ធ្លាប់​ប្រណី​សន្ដោស
អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ។
133សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួន
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ
ហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង
អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។
134សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការ
ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំ
ប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។
135សូម​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តា
ដល់​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
ហើយ​សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់
ច្បាប់​របស់​ព្រះអង្គ​ផង!។
136ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្ត
ដោយ​ឃើញ​គេ​មិន​គោរព
តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។
137ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​សុចរិត
វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ!
138ព្រះអង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត
និង​ត្រឹម​ត្រូវ​បំផុត។
139ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង
ដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ទូលបង្គំ
បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។
140ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ
សម្រេច​ជាក់​ស្តែង​ហើយ
ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ
ស្រឡាញ់​ព្រះ‌បន្ទូល​នេះ​ណាស់។
141ទូលបង្គំ​ជា​មនុស្ស​តូច‌តាច
ហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផង
តែ​ទូលបង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។
142សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ
ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច
ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។
143ទូលបង្គំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង
តែ​បទ‌បញ្ជា​របស់​ព្រះអង្គ
ធ្វើ​ឲ្យ​ទូលបង្គំ​មាន​អំណរ។
144ដំបូន្មាន​របស់​ព្រះអង្គ​សុចរិត​ជានិច្ច
សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ
ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត!
145ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​អង្វរ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ
ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ!
146ទូលបង្គំ​អង្វរ​ព្រះអង្គ
សូម​សង្គ្រោះ​ទូលបង្គំ​ផង
ដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន
របស់​ព្រះអង្គ!
147ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត
ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។
148ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យា
របស់​ព្រះអង្គ​មួយ​យប់​ទល់​ភ្លឺ។
149សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ជួយ​ទូលបង្គំ​ឲ្យ​រស់​នៅ
តាម​វិន័យ​របស់​ព្រះអង្គ។
150អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ
នាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំ
អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ
ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។
151ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​នៅ​ជិត​ទូលបង្គំ
បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ
សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
152តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ
ទូលបង្គំ​បាន​ដឹង​ថា
ព្រះអង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះអង្គ​មក
ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។
153សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ
សូម​រំដោះ​ទូលបង្គំ​ផង!
ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។
154សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ
ហើយ​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព​ផង
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ!
155មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ
ដ្បិត​ពួក​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះអង្គ​ទេ។
156ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ជានិច្ច
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
តាម​វិន័យ​ដែល​ព្រះអង្គ​បាន​បង្គាប់​មក។
157អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ
និង​បច្ចា‌មិត្ត​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់
តែ​ទូលបង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន
របស់​ព្រះអង្គ​ឡើយ។
158ពេល​ទូលបង្គំ​ឃើញ​មនុស្ស​ក្បត់
ទូលបង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់
ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល
របស់​ព្រះអង្គ​ទេ។
159ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ជ្រាប​ថា ទូលបង្គំ​ស្រឡាញ់​ព្រះ‌ឱវាទ​របស់​ព្រះអង្គ
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ។
160គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ជា​សេចក្ដី​ពិត
ហើយ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​សម្រេច
ដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
161ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ទូលបង្គំ
ដោយ​ឥត​មូល​ហេតុ
ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប៉ុណ្ណោះ
ដែល​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​ខ្លាច!។
162ទូលបង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ
ដូច​ជា​គេ​រក​ឃើញ​កំណប់
ដ៏​មាន​តម្លៃ​លើស‌លុប​ដែរ។
163ទូលបង្គំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់
តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។
164ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​មួយ​ថ្ងៃ​ប្រាំ‌ពីរ​ដង
ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះអង្គ។
165អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ
នឹង​បាន​សុខ​ក្សេម‌ក្សាន្ត
គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។
166ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​សង្ឃឹម​រង់‌ចាំ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។
167ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះអង្គ
ហើយ​ទូលបង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។
168ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ
និង​ដំបូន្មាន​របស់​ព្រះអង្គ
ដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើ
ព្រះអង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។
169សូម​ឲ្យ​សម្រែក​របស់​ទូលបង្គំ​បាន​ឮ
ទៅ​ដល់​ព្រះអង្គ
សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។
170សូម​ឲ្យ​ពាក្យ​ទទូច​អង្វរ​របស់​ទូលបង្គំ
បាន​ឮ​ទៅ​ដល់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!។
171ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ
ឥត​ឈប់​ឡើយ
ដ្បិត​ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ
ឲ្យ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ។
172ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើង
ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ
ដ្បិត​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់
ព្រះអង្គ​សុទ្ធ​តែ​សុចរិត។
173សូម​សម្តែង​ព្រះ‌បារមី​សង្គ្រោះ​ទូលបង្គំ
ដ្បិត​ទូលបង្គំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ‌ឱវាទ
របស់​ព្រះអង្គ​ហើយ។
174ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះអង្គ
សង្គ្រោះ​ទូលបង្គំ​ណាស់
ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ
របស់​ព្រះអង្គ​ជា​ខ្លាំង។
175សូម​ឲ្យ​ទូលបង្គំ​រស់‌រាន​មាន​ជីវិត
ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ!
សូម​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ
ជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។
176ទូលបង្គំ​នៅ​វិល‌វល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង
សូម​យាង​មក​រក​ទូលបង្គំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង!
ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ‌បញ្ជា
របស់​ព្រះអង្គ​ឡើយ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 119: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល