ទំនុកតម្កើង 119
119
ក្រឹត្យវិន័យរបស់ព្រះអម្ចាស់
1អ្នកណាមានកិរិយាមារយាទ
ល្អត្រឹមត្រូវឥតខ្ចោះ
ហើយប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់
អ្នកនោះមានសុភមង្គលហើយ!។
2អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះអង្គ
ហើយស្វែងរកព្រះអង្គអស់ពីចិត្ត
អ្នកនោះមានសុភមង្គលហើយ!
3អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ
គេដើរតាមមាគ៌ារបស់ព្រះអង្គ។
4ព្រះអង្គបានប្រទានព្រះឱវាទមក ដើម្បីឲ្យ
យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។
5សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ
ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
6ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល
បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។
7ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ដោយចិត្តទៀងត្រង់
ហើយពិចារណាមើលវិន័យដ៏សុចរិត
ដែលព្រះអង្គបានបង្គាប់មក។
8ទូលបង្គំចង់ប្រតិបត្តិតាម
ច្បាប់របស់ព្រះអង្គ
សូមកុំបោះបង់ចោលទូលបង្គំសោះឡើយ!
9តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា
ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន
បានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
10ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្តោយឲ្យទូលបង្គំងាកចេញ
ពីបទបញ្ជារបស់ព្រះអង្គឡើយ!
11ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គ
ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យព្រះអង្គ។
12 ព្រះអម្ចាស់អើយ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ
សូមបង្រៀនឲ្យទូលបង្គំ
ស្គាល់ច្បាប់របស់ព្រះអង្គ!
13ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មាន
ដែលព្រះអង្គបានបង្គាប់មក។
14ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាម
ដំបូន្មានរបស់ព្រះអង្គ
ដូចជាទូលបង្គំសប្បាយចិត្ត
នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។
15ទូលបង្គំនឹងពិចារណាពីព្រះឱវាទរបស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
16ទូលបង្គំពេញចិត្តនឹងច្បាប់
របស់ព្រះអង្គខ្លាំងណាស់
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
17សូមប្រណីសន្ដោសទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំមានជីវិត
ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
18សូមបើកភ្នែកទូលបង្គំ
ដើម្បីឲ្យទូលបង្គំ មើលឃើញភាពថ្លៃថ្នូរ
ដ៏អស្ចារ្យនៃក្រឹត្យវិន័យរបស់ព្រះអង្គ។
19ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្ន
លើផែនដីនេះប៉ុណ្ណោះ
សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ
នឹងទូលបង្គំឡើយ។
20ចិត្តទូលបង្គំតែងតែផ្តោតទៅរកវិន័យផ្សេងៗ
ដែលព្រះអង្គបង្គាប់មកជានិច្ច។
21ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង
ដែលជាជនត្រូវបណ្ដាសា
វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។
22សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ
កុំឲ្យមាននរណាមើលងាយទូលបង្គំឡើយ
ដ្បិតទូលបង្គំកាន់តាមដំបូន្មាន
របស់ព្រះអង្គហើយ។
23ទោះបីពួកមេដឹកនាំឃុបឃិតគ្នា
ប្រឆាំងនឹងទូលបង្គំក៏ដោយ
ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ
នៅតែសញ្ជឹងគិតពីច្បាប់របស់ព្រះអង្គជានិច្ច។
24ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់
ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។
25ទូលបង្គំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង
សូមប្រោសឲ្យទូលបង្គំបានរស់
ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
26ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំ
ហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គ!។
27សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យ
នៃព្រះឱវាទរបស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ
ទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
28ទូលបង្គំមានទុក្ខសោកសង្រេង
សូមលើកទឹកចិត្តទូលបង្គំឡើងវិញ
ដូចព្រះអង្គបានសន្យា។
29សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គង
ហើយជួយឲ្យទូលបង្គំប្រតិបត្តិតាម
ក្រឹត្យវិន័យរបស់ព្រះអង្គ!
30ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គ
ទូលបង្គំសុខចិត្តធ្វើតាមវិន័យ
ដែលព្រះអង្គបង្គាប់មក។
31ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ
ព្រះអម្ចាស់អើយ
សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
32ទូលបង្គំសប្បាយចិត្តនឹងដើរ
តាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គ
ដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។
33 ព្រះអម្ចាស់អើយ
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំកាន់តាម
រហូតដល់ទីបញ្ចប់!។
34សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញា
ដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ
ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។
35សូមនាំទូលបង្គំដើរតាមមាគ៌ា
នៃបទបញ្ជារបស់ព្រះអង្គ
ដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជា
ទាំងនេះណាស់។
36សូមទាក់ទាញចិត្តទូលបង្គំ
ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ
គឺមិនមែនឲ្យរកកម្រៃឡើយ!
37សូមទាញអារម្មណ៍ទូលបង្គំ
ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ
ហើយឲ្យទូលបង្គំមានជីវិតរស់នៅ
តាមមាគ៌ារបស់ព្រះអង្គ!
38សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា
ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
39សូមយកសេចក្ដីអាម៉ាស់ដែលទូលបង្គំ
ខ្លាចរអែងនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ
ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
40ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ
ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
41 ព្រះអម្ចាស់អើយ
សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
42សូមជួយឲ្យទូលបង្គំអាចឆ្លើយតប
នឹងអ្នកដែលជេរប្រមាថទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
43សូមកុំឲ្យទូលបង្គំនិយាយអ្វីប្រាសចាក
ពីសេចក្ដីពិតឡើយ
ដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។
44ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ
ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។
45ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងរកព្រះឱវាទរបស់ព្រះអង្គ។
46ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គ
ប្រាប់ស្ដេចនានា
ទូលបង្គំនឹងមិនខ្មាសសោះឡើយ។
47ទូលបង្គំពេញចិត្តនឹងបទបញ្ជារបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់បទបញ្ជានេះណាស់។
48ទូលបង្គំលើកដៃប្រណម្យគោរព
បទបញ្ជារបស់ព្រះអង្គ
ព្រោះទូលបង្គំស្រឡាញ់បទបញ្ជានេះ
ទូលបង្គំចង់សញ្ជឹងគិតអំពីច្បាប់របស់ព្រះអង្គ។
49សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយទូលបង្គំ
ដ្បិតព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម!
50នៅពេលទូលបង្គំមានទុក្ខវេទនា
ព្រះបន្ទូលនេះធ្វើឲ្យចិត្តទូលបង្គំបានធូរស្បើយ
ព្រះបន្ទូលសន្យារបស់ព្រះអង្គ
បានធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ។
51មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យទូលបង្គំ
តែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យ
របស់ព្រះអង្គឡើយ។
52 ព្រះអម្ចាស់អើយ
ទូលបង្គំនឹកដល់វិន័យរបស់ព្រះអង្គ កាលពីអតីតកាល
ហើយចិត្តទូលបង្គំក៏បានធូរស្បើយ។
53មនុស្សពាលបានធ្វើឲ្យទូលបង្គំ
ក្ដៅក្រហាយយ៉ាងខ្លាំង
ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ
របស់ព្រះអង្គ។
54ពេលដែលទូលបង្គំស្នាក់អាស្រ័យ
ជាបណ្តោះអាសន្នក្នុងលោកនេះ
ទូលបង្គំបានយកច្បាប់របស់ព្រះអង្គ
មកធ្វើជាទំនុកតម្កើង ។
55ឱព្រះអម្ចាស់អើយ
នៅពេលយប់ទូលបង្គំនឹកដល់
ព្រះនាមរបស់ព្រះអង្គ ហើយទូលបង្គំ
ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ។
56ទូលបង្គំរកឃើញសុភមង្គល
ដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។
57ឱព្រះអម្ចាស់អើយ
ទូលបង្គំសូមទូលព្រះអង្គថា
ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ
ជាចំណែកមត៌ករបស់ទូលបង្គំ។
58ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថា
សូមប្រណីសន្ដោសទូលបង្គំ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!
59ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំ
ហើយទូលបង្គំក៏បោះជំហានមករកដំបូន្មាន
របស់ព្រះអង្គវិញ។
60ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិ
តាមបទបញ្ជារបស់ព្រះអង្គ
ឥតធ្វេសប្រហែសសោះឡើយ។
61មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំ
ជាប់អន្ទាក់របស់គេ
តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
62នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ដើម្បីលើកតម្កើងព្រះអង្គ
ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
63ទូលបង្គំជាមិត្តរបស់អស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គ
និងអស់អ្នកដែលប្រតិបត្តិតាម
ព្រះឱវាទរបស់ព្រះអង្គ។
64ឱព្រះអម្ចាស់អើយ
ផែនដីពេញទៅដោយ
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គ!
65ឱព្រះអម្ចាស់អើយ
សូមប្រណីសន្ដោសទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះអង្គ
តាមព្រះបន្ទូលរបស់ព្រះអង្គផង។
66សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញា
ដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។
67ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា
ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូល
របស់ព្រះអង្គហើយ។
68ព្រះអង្គមានព្រះហឫទ័យល្អសប្បុរស
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គ!
69មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ
តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម
ព្រះឱវាទរបស់ព្រះអង្គជានិច្ច។
70អ្នកទាំងនោះជាមនុស្សអត់ចិត្ត
រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ
របស់ព្រះអង្គណាស់។
71ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ
ព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
72ចំពោះទូលបង្គំ ទោះបីមាសប្រាក់
ច្រើនយ៉ាងណាក៏ដោយ
ក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។
73ព្រះអង្គបានបង្កើតទូលបង្គំមក
ហើយប្រទានឲ្យទូលបង្គំបានមាំមួនឡើង
ដូច្នេះ សូមប្រទានឲ្យទូលបង្គំ
មានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។
74ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គ
ឃើញទូលបង្គំ គេនឹងមានអំណរ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
75ឱព្រះអម្ចាស់អើយ
ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច
សុទ្ធតែត្រឹមត្រូវទាំងអស់
ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
76សូមសម្រាលទុក្ខទូលបង្គំ
ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
77សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើ
ទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញ
ដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ
របស់ព្រះអង្គណាស់។
78សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់
ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ
រីឯទូលបង្គំវិញ
ទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។
79សូមឲ្យអស់អ្នកដែលគោរពកោត
ខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ
ដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
80សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់
របស់ព្រះអង្គឥតខ្ចោះ
កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។
82ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យា
របស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណា
ទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?»។
83ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ
តែទូលបង្គំមិនបំភ្លេចច្បាប់
របស់ព្រះអង្គឡើយ។
84តើទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ
ត្រូវរង់ចាំដល់ពេលណាទៀត
ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នក
ដែលបៀតបៀនទូលបង្គំ?
85មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យ
របស់ព្រះអង្គទេ
គេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យទូលបង្គំធ្លាក់។
86បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន
សុទ្ធតែពិតទាំងអស់
សូមជួយទូលបង្គំផង
ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។
87នៅតែបន្តិចប៉ុណ្ណោះ
គេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យ
ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទ
របស់ព្រះអង្គឡើយ។
88សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ
ដោយព្រះហឫទ័យមេត្តាករុណា
ទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មាន
ដែលព្រះអង្គបង្គាប់មក។
89ឱព្រះអម្ចាស់អើយ
ព្រះបន្ទូលរបស់ព្រះអង្គ
ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។
90ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ
ព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំ
ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។
91អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ
ដោយសារវិន័យរបស់ព្រះអង្គ
ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម
អំណាចរបស់ព្រះអង្គ។
92ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យ
របស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា
ហើយវិនាសអន្តរាយជាមិនខាន។
93ទូលបង្គំនឹងមិនភ្លេចព្រះឱវាទ
របស់ព្រះអង្គសោះឡើយ
ដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ
ដោយសារព្រះឱវាទទាំងនេះ។
94ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ
សូមសង្គ្រោះទូលបង្គំផង!
ដ្បិតទូលបង្គំយកចិត្តទុកដាក់
នឹងព្រះឱវាទរបស់ព្រះអង្គ។
95មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ
តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
96ទូលបង្គំឃើញថា
សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ
ប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយ
ឥតមានព្រំដែនសោះឡើយ។
97ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ
របស់ព្រះអង្គខ្លាំងណាស់
ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ
ជារៀងរាល់ថ្ងៃ។
98បទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំ
មានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ
ដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។
99ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មាន
របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំ
យកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។
100ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀត
ដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។
101ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន
ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
102ទូលបង្គំមិនងាកចេញពីវិន័យ
ដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយ
ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
103ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារ
ដ៏ឆ្ងាញ់ពិសេស សម្រាប់ទូលបង្គំ
ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។
104ព្រះឱវាទរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំ
ដឹងខុសត្រូវ ហេតុនេះហើយបានជា
ទូលបង្គំស្អប់ការវៀចវេរ។
105ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន
ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
106ទូលបង្គំសូមសន្យាដោយឥតងាករេថា
ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ
ដ៏សុចរិតដែលព្រះអង្គបង្គាប់មក។
107ឱព្រះអម្ចាស់អើយ
ទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់
សូមប្រោសប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ
ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
108ឱព្រះអម្ចាស់អើយ
សូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំ
ទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំ
ស្គាល់វិន័យរបស់ព្រះអង្គ!
109ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច
ប៉ុន្តែ ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
110មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
តែទូលបង្គំមិនវង្វេងចេញឆ្ងាយ
ពីព្រះឱវាទរបស់ព្រះអង្គឡើយ។
111ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ
ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យទូលបង្គំ
មានអំណរនៅក្នុងចិត្ត។
112ទូលបង្គំប្ដេជ្ញាចិត្តធ្វើតាមច្បាប់
របស់ព្រះអង្គរហូតដល់ទីបំផុត។
113ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ
តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
114ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ
ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូល
របស់ព្រះអង្គជានិច្ច។
115មនុស្សអាក្រក់អើយ
ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ!
ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃព្រះរបស់ខ្ញុំ!
116សូមជួយគាំទ្រទូលបង្គំ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដើម្បីឲ្យទូលបង្គំមានជីវិត
សូមកុំឲ្យសេចក្ដីសង្ឃឹម
របស់ទូលបង្គំប្រែទៅជាខកចិត្តឡើយ។
117សូមធ្វើជាបង្អែករបស់ទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានរួចជីវិត
ហើយផ្ចង់ចិត្តទៅរកច្បាប់របស់ព្រះអង្គជានិច្ច។
118ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេង
ចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ
ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ
ជាការបោកបញ្ឆោត។
119ព្រះអង្គផាត់មនុស្សអាក្រក់ទាំងប៉ុន្មាន
នៅលើផែនដីចោល ដូចកម្ទេចសំរាម
ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់
ដំបូន្មានរបស់ព្រះអង្គ។
120រូបកាយទូលបង្គំភ័យញាប់ញ័រ
ដោយកោតខ្លាចព្រះអង្គ
ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។
121ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌
សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃ
របស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។
122សូមធានាឲ្យទូលបង្គំ
ដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផង
សូមកុំទុកឲ្យមនុស្សអួតបំប៉ោង
សង្កត់សង្កិនទូលបង្គំឡើយ។
123ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិត
របស់ព្រះអង្គ។
124សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើ
របស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា
សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់
របស់ព្រះអង្គ!
125ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
សូមប្រទានប្រាជ្ញាមកទូលបង្គំផង
ដើម្បីឲ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។
126 ព្រះអម្ចាស់អើយ
ដល់ពេលធ្វើអន្តរាគមន៍ហើយ
ដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។
127ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គ
លើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។
128ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មាន
របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់
ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។
129ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់
ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។
130ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ
ធ្វើឲ្យមនុស្សភ្លឺស្វាង
ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។
131ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូល
របស់ព្រះអង្គដោយយកចិត្តទុកដាក់
ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា
របស់ព្រះអង្គណាស់។
132សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំ
សូមប្រណីសន្ដោសទូលបង្គំ
ដូចព្រះអង្គធ្លាប់ប្រណីសន្ដោស
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
133សូមពង្រឹងទូលបង្គំឲ្យបានមាំមួន
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ
ហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុង
អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។
134សូមរំដោះទូលបង្គំឲ្យរួចផុតពីការ
ជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំ
ប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។
135សូមសម្តែងព្រះហឫទ័យអាណិតមេត្តា
ដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
ហើយសូមបង្រៀនទូលបង្គំឲ្យស្គាល់
ច្បាប់របស់ព្រះអង្គផង!។
136ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត
ដោយឃើញគេមិនគោរព
តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
137ឱព្រះអម្ចាស់អើយ
ព្រះអង្គសុចរិត
វិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ!
138ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត
និងត្រឹមត្រូវបំផុត។
139ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំង
ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ
បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
140ព្រះបន្ទូលសន្យារបស់ព្រះអង្គ
សម្រេចជាក់ស្តែងហើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
ស្រឡាញ់ព្រះបន្ទូលនេះណាស់។
141ទូលបង្គំជាមនុស្សតូចតាច
ហើយត្រូវគេមើលងាយទៀតផង
តែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។
142សេចក្ដីសុចរិតរបស់ព្រះអង្គនៅ
ស្ថិតស្ថេរអស់កល្បជានិច្ច
ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
143ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង
តែបទបញ្ជារបស់ព្រះអង្គ
ធ្វើឲ្យទូលបង្គំមានអំណរ។
144ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច
សូមប្រទានប្រាជ្ញាមកទូលបង្គំ
ដើម្បីឲ្យទូលបង្គំមានជីវិត!
145ឱព្រះអម្ចាស់អើយ
ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំ
ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ!
146ទូលបង្គំអង្វរព្រះអង្គ
សូមសង្គ្រោះទូលបង្គំផង
ដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មាន
របស់ព្រះអង្គ!
147ទូលបង្គំស្រែកអង្វរព្រះអង្គ
តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
148ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា
របស់ព្រះអង្គមួយយប់ទល់ភ្លឺ។
149សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ
ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ
សូមជួយទូលបង្គំឲ្យរស់នៅ
តាមវិន័យរបស់ព្រះអង្គ។
150អស់អ្នកដែលតាមព្យាបាទទូលបង្គំ
នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះឃ្លាតចេញឆ្ងាយ
ពីក្រឹត្យវិន័យរបស់ព្រះអង្គ។
151ឱព្រះអម្ចាស់អើយ
ព្រះអង្គនៅជិតទូលបង្គំ
បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែត្រឹមត្រូវទាំងអស់
152តាំងពីយូរយារណាស់មកហើយ
ទូលបង្គំបានដឹងថា
ព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមក
ដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
153សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ
សូមរំដោះទូលបង្គំផង!
ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
154សូមរកយុត្តិធម៌ឲ្យទូលបង្គំ
ហើយរំដោះទូលបង្គំឲ្យមានសេរីភាពផង
សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
155មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ
ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។
156ឱព្រះអម្ចាស់អើយ
ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច
សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ
តាមវិន័យដែលព្រះអង្គបានបង្គាប់មក។
157អស់អ្នកដែលបៀតបៀនទូលបង្គំ
និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់
តែទូលបង្គំមិនងាកចេញពីដំបូន្មាន
របស់ព្រះអង្គឡើយ។
158ពេលទូលបង្គំឃើញមនុស្សក្បត់
ទូលបង្គំទាស់ចិត្តខ្លាំងណាស់
ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូល
របស់ព្រះអង្គទេ។
159ឱព្រះអម្ចាស់អើយ
សូមជ្រាបថា ទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គ
សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ
ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
160គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ
ជាសេចក្ដីពិត
ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេច
ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
161ពួកមេដឹកនាំបៀតបៀនទូលបង្គំ
ដោយឥតមូលហេតុ
ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ
ដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។
162ទូលបង្គំរីករាយនឹងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដូចជាគេរកឃើញកំណប់
ដ៏មានតម្លៃលើសលុបដែរ។
163ទូលបង្គំស្អប់ខ្ពើមការកុហកណាស់
តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។
164ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង
ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។
165អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ
នឹងបានសុខក្សេមក្សាន្ត
គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
166ឱព្រះអម្ចាស់អើយ
ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។
167ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ
ហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។
168ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទ
និងដំបូន្មានរបស់ព្រះអង្គ
ដ្បិតអ្វីៗដែលទូលបង្គំធ្វើ
ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។
169សូមឲ្យសម្រែករបស់ទូលបង្គំបានឮ
ទៅដល់ព្រះអង្គ
សូមប្រទានប្រាជ្ញាមកទូលបង្គំ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
170សូមឲ្យពាក្យទទូចអង្វររបស់ទូលបង្គំ
បានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
171ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ
ឥតឈប់ឡើយ
ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ
ឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។
172ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើង
ព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់
ព្រះអង្គសុទ្ធតែសុចរិត។
173សូមសម្តែងព្រះបារមីសង្គ្រោះទូលបង្គំ
ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមព្រះឱវាទ
របស់ព្រះអង្គហើយ។
174ឱព្រះអម្ចាស់អើយ
ទូលបង្គំប្រាថ្នាចង់ឃើញព្រះអង្គ
សង្គ្រោះទូលបង្គំណាស់
ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ
របស់ព្រះអង្គជាខ្លាំង។
175សូមឲ្យទូលបង្គំរស់រានមានជីវិត
ដើម្បីសរសើរតម្កើងព្រះអង្គ!
សូមឲ្យព្រះបន្ទូលរបស់ព្រះអង្គ
ជួយលើកទឹកចិត្តទូលបង្គំ។
176ទូលបង្គំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង
សូមយាងមករកទូលបង្គំ
ដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា
របស់ព្រះអង្គឡើយ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 119: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.